ទីក្រុងប្រ៊ុចសែល៖ ពួកអឺរ៉ុបនៅសល់សាំងសម្រាប់ចាក់យន្តហោះប្រហែលត្រឹមតែ៦សប្ដាហ៍ទៀតប៉ុណ្ណោះ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ លោកក៏ឆ្លៀតព្រមានផងដែរថាជើងហោះហើរអាចនឹងត្រូវលុបចោលប្រសិនបើប្រេងឆៅត្រូវបានបន្តបិទខ្ទប់ដោយសារសង្គ្រាមអ៊ីរ៉ង់។ ប្រធាន IEA លោកហ្វាទី ប៊ីរ៉ូល (Fatih Birol) ចាត់ទុកថានេះជាវិបត្តិថាមពលដ៏ធំបំផុត។ លោកថ្លែងដូច្នេះនៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានអេភី (AP)។

ប្រសិនបើបញ្ហានេះអូសបន្លាយកាន់តែយូរ ស្ថានភាពអាក្រក់នឹងប៉ះពាល់ចំពោះកំណើនសេដ្ឋកិច្ច និងអតិផរណា (ទំនិញឡើងថ្លៃ) នៅទូទាំងពិភពលោក។ ផលប៉ះពាល់មានដូចជាសាំងឡើងថ្លៃ, ហ្គាសឡើងថ្លៃ, អគ្គិសនីឡើងថ្លៃ។ល។ តំបន់ខ្លះអាចនឹងរងគ្រោះខ្លាំងជាងតំបន់ដទៃទៀត។ អ្នកដែលស្ថិតនៅលើទីតាំងរងគ្រោះខ្លាំងជាងគេគឺបណ្ដាប្រទេសនៅទ្វីបអាស៊ីដែលពឹងផ្អែកខ្លាំងទៅលើការនាំចូលថាមពល (ប្រេង, ហ្គាស។ល។) ពីតំបន់មជ្ឈិមបូព៌ា។ ជាពិសេស ប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចិន ប៉ាគីស្ថាន និងបង់ក្លាដែស។ បន្ទាប់ពីនោះគឺបណ្ដាប្រទេសនៅអឺរ៉ុប និងទ្វីបអាមេរិក។ «ប្រសិនបើច្រកសមុទ្រហ័រម៉ូសនៅតែមិនបើកដំណើរការ មិនយូរទេយើងគង់តែទទួលដំណឹងជាមិនខានថាមានករណីលុបចោលជើងហោះហើរដោយសារគ្មានសាំងចាក់យន្តហោះ»។

ការថ្លែងរបស់ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិដូចខាងលើនេះចំពេលដែលមជ្ឈដ្ឋានទូទៅកំពុងនឹកសង្ឃឹមថាសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ទៅវិញនាពេលឆាប់ៗនេះ។ ប៉ាគីស្ថានបានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទីក្រុងតេអេរ៉ង់។ ចំណែករដ្ឋបាលរបស់លោកដូណាល់ត្រាំក៏បង្ហាញក្ដីសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងឆាប់ៗនេះដើម្បីបើកច្រកហ័រម៉ូសឡើងវិញ។ កាលពីថ្ងៃពុធ អ៊ីស្រាអែលកោះប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពនៃការចរចាគ្នាឱ្យមានបទឈប់បាញ់ជាមួយប្រទេសលីបង់។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដែលស្នើសុំមិនបញ្ចេញឈ្មោះ។

លោកត្រាំថ្លែងថាការចរចាគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំង២ អ៊ីស្រាអែល និងលីបង់ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សារព័ត៌មានហ្វាយណាន់សល ថាមស៍ (Financial Times) បានដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលលីបង់មកចុះផ្សាយថាភាគីទាំង២អាចនឹងប្រកាសបទឈប់បាញ់នាពេលឆាប់ៗនេះ។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់អាចនឹងអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញ និងដឹកប្រេងបើកកាត់ដោយសេរីតាមច្រកសមុទ្រហ័រម៉ូសខាងត្រើយសមុទ្រប្រទេសអូម៉ង់។ នេះជាផ្នែកមួយនៃលក្ខខណ្ឌដែលអ៊ីរ៉ង់បានដាក់នៅក្នុងសំណុំឯកសារសម្រាប់ចរចាគ្នាជាមួយអាមេរិក។ សំខាន់ឱ្យតែអាមេរិកកុំវាយប្រហារអ៊ីរ៉ង់សាជាថ្មី។ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់៕ ប្រភព៖ ដេលី មែល (Daily Mail) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ