ទីក្រុងព្យុងយ៉ាង៖ កូរ៉េខាងជើងឥឡូវនេះបានស្គាល់វឌ្ឍនភាពយ៉ាងសម្បើមនៅក្នុងវិស័យនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការប្រមើលមើលរបស់ប្រធានអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិអំពីកម្មវិធីនុយក្លេអ៊ែរ។ បើដូច្នេះមែន វាជាសញ្ញាបង្ហាញថារបបក្រុងព្យុងយ៉ាងតាំងចិត្តយ៉ាងប្ដូរផ្ដាច់ថាត្រូវតែខិតខំពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនដើម្បីធានាថាខ្លួននៅតែអាចរស់រានមានជីវិតគ្រប់កាលៈទេសៈ។

គេគិតថាសព្វថ្ងៃនេះ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល៥០គ្រាប់។ ប៉ុន្តែចំណុចមួយដែលក្រុមអ្នកវិភាគនៅមិនទាន់ជឿជាក់នោះគឺថាកូរ៉េខាងជើងប្រហែលជាមិនទាន់មានសមត្ថភាពបំពាក់ក្បាលគ្រាប់នៅលើមីស៊ីលសម្រាប់ពាំនាំទៅវាយប្រហារគោលដៅនៅឡើយទេ។ ថ្លែងនៅទីក្រុងសេអ៊ូលជាទីដែលលោកបំពេញទស្សនកិច្ចនៅទីនោះ ប្រធានទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) លោករ៉ាហ្វាអែល ក្រូស៊ី (Rafael Grossi) បញ្ជាក់ថាពិតជាយ៉ាងដូច្នោះមែននូវសេចក្ដីរាយការណ៍ដែលថាកូរ៉េខាងជើងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅតំបន់យ៉ុងប៊ីយុន (Yongbyon) ដែលជាទីតាំងអភិវឌ្ឍនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន។

លោកក្រូស៊ីថ្លែងថាកូរ៉េខាងជើងបានបង្កើនសកម្មភាពការងារនៅទីតាំងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរដែលមានកម្លាំង៥មេហ្កាវ៉ាត់, ម៉ាស៊ីនញែកសារធាតុវិទ្យុសកម្ម, ម៉ាស៊ីនទប់កម្ដៅដោយប្រើប្រាស់ទឹក និងឧបករណ៍ដទៃទៀត។ ចាប់តាំងពីធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០៦ កូរ៉េខាងជើងអាចធ្វើបានសម្រេចនូវសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន រួមទាំងការផលិតមីស៊ីលអន្តរទ្វីបទៀតផង។ មីស៊ីលនេះត្រូវគេជឿជាក់ថាអាចបាញ់ដល់ប្រទេសអាមេរិក។

ឥឡូវនេះ ចំណុចសំខាន់នៅត្រង់ថាតើកូរ៉េខាងជើងមានសមត្ថភាពបំពាក់ក្បាលនុយក្លេអ៊ែរនៅលើគ្រាប់មីស៊ីលអន្តរទ្វីបហើយឬនៅ? ក្រោមការដឹកនាំរបស់លោកគីមជុងអ៊ុន កូរ៉េខាងជើងអាចអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័សដោយមិនខ្វាយខ្វល់អំពីការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិឡើយ។ ទង្វើនេះត្រូវក្រុមអ្នកវិភាគមើលឃើញថាជាការប៉ុនប៉ងពង្រឹងសមត្ថភាពខ្លួនឯងទប់ទល់នឹងលទ្ធភាពនៃកម្លាំងខាងក្រៅដែលអាចចង់ផ្លាស់ប្ដូររបបដឹកនាំនៅទីក្រុងព្យុងយ៉ាង។ ជាពិសេស ការប៉ុនប៉ងពីសំណាក់រដ្ឋាភិបាលអាមេរិក៕ ប្រភព៖ The Guardian និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ