ក្រសួងការបរទេសអាល្លឺម៉ង់និយាយកាលពីថ្ងៃទី៣១ កក្កដា កន្លងមកថា ខ្លួនបានចេញបញ្ជាឱ្យបណ្តេញអ្នកការទូតជាន់ខ្ពស់លីប៊ីមួយរូបចេញពីប្រទេសដោយសារអ្នកការទូតរូបនេះជាមនុស្សមានភក្តីភាពចំពោះលោកកាដាហ្វី។ ក្រសួងការបរទេសអាល្លឺម៉ង់និយាយថា ខ្លួនបានប្រកាសថា ឈ្មោះ Hisham al-Sharif ជាភារធារីនៅស្ថានទូតលីប៊ីប្រចាំទីក្រុងប៊ែរឡាំង មិនអាចនៅក្នុងប្រទេសអាល្លឺម៉ង់បានទៀតទេ ហើយបានបញ្ជាដល់គ្រួសាររបស់លោកឱ្យចាកចេញពីប្រទេសអាល្លឺម៉ង់ ក្រោយត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នដោយអាជ្ញាធរអាល្លឺម៉ង់។
ប្រទេសអាល្លឺម៉ង់បើទោះបីជាប្រឆាំងនឹងប្រតិបត្តិការយោធានៅប្រទេសលីប៊ី ហើយប្រកាសមិនចូលរួមប្រតិបត្តីការវាយប្រហារតាមអាកាសរបស់អង្គការអូតង់ប្រឆាំងកងកម្លាំងរបស់លោកកាដាហ្វី ក៏ដោយ ក៏បានសន្យាថា នឹងជួយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លាក់លោកកាដាហ្វី ចេញពីតំណែងដោយសន្តិវិធី។ ទន្ទឹមនឹងនេះ អាល្លឺម៉ង់ក៏បានទទួលស្គាល់ក្រុមប្រឹក្សាឧទ្ទាមលីប៊ិថា ជាតំណាងស្របច្បាប់តែមួយគត់ សម្រាប់ពលរដ្ឋលីប៊ី ហើយបានប្រកាសពីការផ្តល់ប្រាក់កម្ចី១០០លានអឺរ៉ូ ប្រហែល១៤៣លានដុល្លារអាេមរិកទៅឱ្យពួកឧទ្ទាមនោះ៕
ចែករំលែកព័តមាននេះ