រាជធានីភ្នំពេញ ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន Daikin Cambodia មានបានប្រកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដែលមានឈ្មោះ “Daikin Dojo” ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ។
មជ្ឈមណ្ឌល Daikin Dojo ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺ ៖ ទី.១ ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេស និងជំនាញវិជ្ជាជីវៈដល់អ្នកបច្ចេកទេស និងនិស្សិត ផ្នែកម៉ាស៊ីនត្រជាក់។ និងទី.២ គឺដើម្បីបណ្តុះនូវគោលគំនិត ស្របតាមវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ដោយផ្តោតលើវិន័យ ការទទួលខុសត្រូវ និងឧត្តមភាព ដែលស្របតាមស្តង់ដាររបស់ Daikin និងកម្រិតស្តង់ដារក្នុងតំបន់។ តាមរយៈវិធីសាស្ត្រទាំងនេះ Daikin Dojo មានគោលដៅពង្រឹងសមត្ថភាពវិជ្ជាជីវៈ បង្កើនឱកាសការងារ លើកកម្ពស់សុវត្ថិភាព បង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន តាមរយៈការដំឡើង និងការថែទាំម៉ាស៊ីនត្រជាក់ ប្រកបដោយគុណភាព ។
ពិធីសម្ពោធនេះ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់វត្តមាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT), ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស មកពីស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សា និងដៃគូពាណិជ្ជកម្មនានា ។
ការដាក់ឱ្យដំណើរការ Daikin Dojo គឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងភាពជាដៃគូ ជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ Daikin ដំបូងគេបង្អស់ នៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ។
លោក Tanaka Toshiyuki នាយកគ្រប់គ្រងក្រុមហ៊ុន Daikin Airconditioning (Cambodia) Co., Ltd. បានគូសបញ្ជាក់ថា Daikin Dojo មិនមែនជាគម្រោង ដែលធ្វើឡើងតែម្តងនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនDaikin Cambodia មានបំណងបង្កើត Daikin Dojo ឱ្យបានទូទាំងប្រទេស នាពេលអនាគត ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់នូវផលិតផល ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ ឯកសារបច្ចេកទេស ការអភិវឌ្ឍលើកម្មវិធីសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងការបន្តរៀបចំសិក្ខាសាលាបច្ចេកទេសផ្សេងៗ។ ក្រៅពីការអប់រំផ្នែកបច្ចេកទេស យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍជំនាញ ការលើកកម្ពស់សុវត្ថិភាព ចីរភាព និងប្រសិទ្ធភាពនៅក្នុងវិស័យឧស្សាហកម្ម ។
ក្រុមហ៊ុន Daikin Cambodia ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជាផងដែរ។ ស្របតាមអាទិភាពទាំងនេះ យើងនឹងបន្តយ៉ាងសកម្ម ដើម្បីបង្កើតឱកាសការងារឱ្យកាន់តែប្រសើរឡើង តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង និងគ្រួសារ Daikin ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។ ភាពជាដៃគូនេះបង្ហាញឲឃើញថា ជាការវិនិយោគរួមគ្នានាពេលអនាគតនៅកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីបេសកកម្មរបស់ Daikin ក្នុងការជួយសង្គមឱ្យមានភាពរីកចម្រើន តាមរយៈ នវានុវត្តន៍ ការទទួលខុសត្រូវ និងការអភិវឌ្ឍធនធានមនុស្ស ៕







ចែករំលែកព័តមាននេះ