ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្ត នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិន បានដឹកនាំបរិស័ទក្មេងចាស់ប្រុសស្រី ដែលមកពីបណ្តាព្រះវិហារផ្សេងៗ នៅទូទាំងខេត្ត ប្រមានជាង៣០នាក់ នាំគ្នាធ្វើអនាម័យ ដើររើសសំរាមនៅតាមដងផ្លូវសាធារណៈ មួយកន្លែង ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីសម្អាតបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកលេងកម្សាន្តនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខកាន់តែច្រើនកុះករ ។
បើតាមប្រភពព័ត៌មានពីលោកគ្រូគង្វាល ប៊ុត សុធា ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ដោយសារតែឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២៦នេះ កាន់តែខិតជិតឈានចូលមកដល់ និងដើម្បីចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន នៅតាមដងផ្លូវសាធារណៈ ឱ្យកាន់តែស្រស់ស្អាត និងមានសោភ័ណភាពទាក់ទាញ ទើបលោកបានធ្វើការពិភាក្សាជាមួយនឹងគណៈកម្មការគ្រីស្ទាន កំណត់យករសៀលថ្ងៃនេះ នាំគ្នាដើររើសសំរាមនៅតាមដងផ្លូវសាធារណៈ ពោលគឺចង់ចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្ត ក្នុងការបង្ហាញជាគំរូល្អដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ កុំឱ្យនាំគ្នាបន្តបោះចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើម ។
លោកបន្តទៀតថា នៅកន្លែងណាដែលគ្មានសំរាម គឺនៅទីនោះនឹងឃើញមានតែទិដ្ឋភាពស្រស់ស្អាត គួរឱ្យទាក់ទាញ ហើយថែមទាំងជួយកាត់បន្ថយបញ្ហាជំងឺឆ្លងដង្ហើមផ្សេងៗថែមទៀតផង ។
លោក បញ្ជាក់ទៀតថា ជារឿយៗ គណៈកម្មការគ្រីស្ទានខេត្តប៉ៃលិន តែងតែនាំគ្នាចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដូចជាការសម្អាតអនាម័យបរិស្ថាន ហើយក៏មានការផ្តល់នូវស្បៀងគ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតមួយចំនួន។ សកម្មភាពនេះ បញ្ជាក់ពីសេចក្រីស្រលាញ់មកពីព្រះ ដល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ជាតិសាសន៍ សាសនាអ្វីនោះឡើយ ពោលគឺយើងរស់នៅក្នុងប្រទេសជាតិជាមួយគ្នា ត្រូវតែចេះជួយគ្នាទៅវិញទៅមកតាមលទ្ធភាពដែលអាចធ្វើទៅបានជាក់ស្តែង ។
លោកគ្រូគង្វាល ប៊ុត សុធា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ត្រូវតែចេះថែរក្សា និងគ្រប់គ្រងសំរាមឱ្យបានល្អ កុំបោះចោលផ្តេសផ្តាសនៅតាមចិញ្ចើមផ្លូវសាធារណៈ ឬនៅកន្លែងវាលស្រលះល្អ ដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាព និងបង្កបញ្ហាជំងឺផ្សេងៗ ដល់អ្នកដែលរស់នៅក្បែរ និងអ្នកដែលធ្វើដំណើរតាមដងផ្លូវ ពេលដែលខ្យល់បក់បោកនាំកំទេចសម្រាមចូលទៅក្នុងរន្ធច្រមុះនរណាម្នាក់ ។
លោកក៏សង្ឃឹមយ៉ាងមុតមាំថា ការដឹកនាំសមាជិកទាំងអស់ចុះធ្វើអនាម័យបរិស្ថាននេះ គឺជាការដាស់តឿនដល់ស្មារតីប្រជាពលរដ្ឋយើងទាំងអស់គ្នា ឱ្យចេះស្រលាញ់បរិស្ថាន និងចេះថែរក្សាកន្លែងរស់នៅរបស់ខ្លួនឱ្យស្អាតជានិច្ច ដោយគ្មានសំរាមនៅតាមផ្ទះ ឬនៅតាមដងផ្លូវទីសាធារណៈឡើយ ៕








































ចែករំលែកព័តមាននេះ