ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ព្រមានដកខ្លួនចេញពីបទឈប់បាញ់ក្រោមហេតុផលថាប្រទេសលីបង់មិនត្រូវបានរាប់បញ្ចូលនៅក្នុងបទឈប់បាញ់ ហើយត្រូវបានអ៊ីស្រាអែលវាយប្រហារយ៉ាងខ្លាំងក្លាបំផុត។ មានសេចក្ដីរាយការណ៍ថាអ៊ីស្រាអែលវាយប្រហារទៅលើទីតាំងរបស់ក្រុមហេសបូឡានៅលីបង់ជាង១រយកន្លែង បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច២៥៤នាក់។ នេះជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បង្ហោះសារនៅលើបណ្ដាញអ៊ិចថា «លក្ខន្តិកៈនៃបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអាមេរិកនិយាយច្បាស់ណាស់ថាអាមេរិកត្រូវតែជ្រើសរើសយកបទឈប់បាញ់ ឬបន្តធ្វើសង្គ្រាម, ត្រូវរើសមួយ អត់មួយ, មិនអាចយកទាំង២បានឡើយ។ ពិភពលោកមើលឃើញអំពើសម្លាប់រង្គាលនៅលីបង់។ គ្រាប់បាល់កំពុងស្ថិតនៅក្នុងដៃរបស់អាមេរិក។ ពិភពលោកកំពុងតាមដានបញ្ហានេះដើម្បីចង់ដឹងថាតើអាមេរិកនឹងអនុវត្តដូចការសន្យារបស់ខ្លួនដែរឬទេ»។

ប្រធានរដ្ឋសភាអ៊ីរ៉ង់ក៏ជួយនិយាយបន្ទរបន្ថែមពីលើប្រមុខការទូតរបស់ខ្លួនផងដែរថាបញ្ហាចោទនៅត្រង់ថាអ៊ីស្រាអែលវាយប្រហារលីបង់។ កាលពីមុននេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលជាអ្នកជួយខ្នះខ្នែងដ៏សំខាន់ម្នាក់នៅក្នុងការចរចាគ្នាអះអាងថាប្រទេសលីបង់ក៏រាប់បញ្ចូលទៅក្នុងបទឈប់បាញ់ផងដែរ។ តាមពិត ក្រុមហេសបូឡាធ្លាប់ចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអាមេរិកម្ដងហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្តែក្រុមនេះបានដើរចេញពីកិច្ចព្រមព្រៀងដើម្បីធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលនៅខែមីនា ឆ្នាំ២០២៥។ ពួកគេចង់ជួយប្រទេសអ៊ីរ៉ង់។

ក្រុមអ្នកជំនាញយល់ថាបើចង់ឱ្យមានសន្តិសុខយូរអង្វែងនៅក្នុងតំបន់លុះត្រាតែរដ្ឋាភិបាលលីបង់មានជំហររឹងមាំ ហើយក្រុមហេសបូឡាត្រូវតែកាត់រំសាយអាវុធចោលទាំងអស់។ លោកអេឌី ខូហិន (Edi Cohen) ជាអ្នកជំនាញខាងសន្តិសុខថ្លែងថាក្រុមហេសបូឡាបើឱ្យពួកគេកាត់រំសាយអាវុធដោយខ្លួនឯងគឺមិនអាចទៅរួចទេ។ មធ្យោបាយតែមួយគត់ដើម្បីយកឈ្នះក្រុមនេះគឺត្រូវដាក់ពួកគេនៅក្នុងបញ្ជីក្រុមភេរវកម្ម, មិនត្រូវអនុញ្ញាតឱ្យពួកគេមានអង្គការចាត់តាំងខាងនយោបាយទេ ហើយទីតាំងដែលក្រុមនេះធ្លាប់គ្រប់គ្រងត្រូវជំនួសដោយកងទ័ពរដ្ឋាភិបាលលីបង់វិញ៕ ប្រភព៖ ហ្វក់ញូស៍ (Fox News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ