ទីក្រុងវ៉ាស៊ីនតោន៖ បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់រយៈពេល២អាទិត្យដែលចូលជាធរមានកាលពីយប់មិញនោះពោរពេញដោយភាពផុយស្រួយ មានន័យថាស្រួលមិនស្រួល ភាគីទាំង២អាចនឹងវិលទៅរកសង្គ្រាមសាជាថ្មី។ ខាងលើនេះជាការថ្លែងរបស់អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance)។ ប៉ុន្តែលោកស្វាគមន៍បទឈប់បាញ់នេះ និងជំរុញឱ្យរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ចូលរួមការចរចានាថ្ងៃសុក្រសប្ដាហ៍នេះប្រកបដោយសុឆន្ទៈពិតប្រាកដដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងរយៈពេលយូរអង្វែង។

លោកវេនឆ្លៀតព្រមានថាបញ្ហានេះគួរណាស់ធ្វើឡើងដោយភាពហ្មត់ចត់បន្តិចព្រោះលោកត្រាំមិនមែនជាប្រភេទមនុស្សដែលចូលចិត្តលេងសើចនិយាយបាតដៃជាខ្នងដៃនោះឡើយ។ លោកថ្លែងដូច្នេះមិនយូរប៉ុន្មានបន្ទាប់ពីប្រទេសទាំង២ទទួលយកកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសយ៉ាងឱឡារិកត្រឹមតែ២ម៉ោងប៉ុណ្ណោះមុនពេលឈានដល់ឱសានវាទរបស់លោកត្រាំដែលទុកពេលឱ្យអ៊ីរ៉ង់៤៨ម៉ោងដើម្បីទទួលយកកិច្ចព្រមព្រៀង។ បើមិនដូច្នេះទេ លោកថានឹងធ្វើឱ្យអរិយធម៌អ៊ីរ៉ង់វិនាសអន្តរាយ។

ទោះបីទទួលយកបទឈប់បាញ់យ៉ាងណាក្ដី អ៊ីរ៉ង់ព្រមានថាសង្គ្រាមមិនទាន់បិទបញ្ចប់នៅឡើយទេលុះត្រាតែភាគីទាំង២ស្រុះស្រួលគ្នាទទួលយកជាផ្លូវការនូវលក្ខន្តិកៈបញ្ចប់សង្គ្រាម។ ហេតុនេះ លោកវេនថ្លែងពីទីក្រុងប៊ូដាប៉ែស (Budapest) (ជាទីដែលលោកកំពុងបំពេញទស្សនកិច្ច) ថាប្រសិនបើអ៊ីរ៉ង់មានសុឆន្ទៈចង់ធ្វើការជាមួយអាមេរិក លោកគិតថាអាចនឹងមានកិច្ចព្រមព្រៀងជាមួយគ្នា។ លោកថ្លែងបន្ថែមទៀតថាបើអ៊ីរ៉ង់មិនព្រមចូលតុចរចាទេ ពួកគេគង់តែបានភ្លឺភ្នែកជាមិនខានថាលោកត្រាំមិនចូលចិត្តលេងសើចឡើយ។

លោកវេនអះអាងថាលោកត្រាំពេលនេះសឹងតែអស់ការអត់ធ្មត់ម្ដងៗ។ គាត់មិនអត់ធ្មត់ជាដាច់ខាតប្រសិនបើការចរចាគ្នាគ្មានដំណើរការទៅមុខ។ យោងតាមលោកវេន លោកត្រាំបានបង្ហាញសារនយោបាយច្បាស់ៗហើយថាអាមេរិកនៅមានខ្នងបង្អែករឹងមាំទាំងយោធា ការទូត ហើយរឹតតែសំខាន់បំផុតនោះគឺវិស័យសេដ្ឋកិច្ចតែម្ដង។ ហេតុនេះ ប្រសិនបើពួកគេនិយាយភូតកុហក ប្រសិនបើពួកគេចង់បោកបន្លំ ប្រសិនបើពួកគេចង់រារាំងមិនឱ្យមានបទឈប់បាញ់ដ៏ផុយស្រួយនេះ ពេលនោះពួកគេមិនអាចមានចិត្តសប្បាយរីករាយជាដាច់ខាត៕ ប្រភព៖ អារ៉ាប់ ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ