កីឡាករបាល់ទាត់ដេវីដ បេកខាំ ត្រូវបានមនុស្សទូទៅដឹងថា ជាតារាបាល់ទាត់ដែលពេញចិត្តនឹងការសាក់នៅលើដងខ្លួន ហើយនាពេលចុងក្រោយនេះ ហាក់ដូចជាមានតម្រុយថា បេកខាំ អាចធ្វើការសាក់ជាថ្មីនៅលើរាងកាយដោយមានភស្តុតាងបង្ហាញឱ្យឃើញ ខណៈពេលកំពុងផ្តល់បទសម្ភាសន៍ គឺនៅលើដើមទ្រូងមានបង្ហាញតួអក្សរ “H” ឬជាឈ្មោះដើមរបស់កូនស្រី «ហាពើ» ។ អក្សរ “H” នេះត្រូវគេគិតថា បានសាក់នៅពីលើស្នាមសាក់រូបទេវតាទាំង៣ (តំណាងរូបកូនប្រុសទាំង៣) នៅលើទ្រូងរបស់ខ្សែបម្រើក្លឹប Los Angeles Galaxy រូបនេះ ។
ស្នាមសាក់នៅលើរាងកាយរបស់កីឡាករដេវីដ បេកខាំ មានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ដូចជាសាក់រូបបុរសម្នាក់បីទេវតាទាំង៣អង្គ គឺតំណាងកូនប្រុសទាំង៣នាក់ដែលត្រូវថ្នមបី ខណៈពេលជួបការលំបាក រីឯស្នាមសាក់រូបទេពអប្សរ គឺមានអក្សរមួយឃ្លាបង្ហាញអត្ថន័យថា «លុះត្រាតែស្លាប់ ទើបយើងព្រាត់គ្នា» ។ វិចិត្រករដៃឯកដែលជាអ្នកសាក់នៅលើរាងកាយរបស់កីឡាករបេកខាំ គឺលោកម៉ាក ម៉ាហូនី ជាអ្នកដែលធ្លាប់សាក់នៅលើខ្លួនលោកប្រ៊េត ភីត លោកចន នីដេប និងនាងអេន ចេលីណា ជោលី ៕
ចែករំលែកព័តមាននេះ