ប្រធានាធិបតីយេម៉ែន លោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ ដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃទី៣១ កក្កដា កន្លងមក បានអំពាវនាវដល់ក្រុមប្រឆាំងឱ្យចាប់ផ្តើមឡើងវិញនូវការចរចាដែលសម្របសម្រួលដោយបណ្តាប្រទេសឈូងសមុទ្រដើម្បីបញ្ចប់វិបត្តិនយោបាយក្នុងប្រទេសដែលអូសបន្លាយតាំងពីយូរមកហើយ។
លោកសាឡេហ៍ ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Saba របស់យេម៉ែនថ្លែងថា «ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន ជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយរបស់អ្នកកាន់សាសនាមូស្លីមដែលប្រារព្ធធ្វើឡើងរយៈពេលមួយខែ ខ្ញុំសូមអំពាវនាវដល់ក្រុមចម្រុះប្រឆាំងឱ្យប្តេជ្ញាចិត្តបើកការពិភាក្សា និងចរចាគ្នាផ្អែកលើគំនិតផ្តួចផ្តើមផ្ទេរអំណាចប្រកបដោយសន្តិវិធីដែលសម្របសម្រួលដោយក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាគ្នាដោយបេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែនដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសដែលកើតឡើងតាំងពីយូរមកហើយ»។
កាលពីខែឧសភាកន្លងមកក្រុមប្រឆាំងយេម៉ែនបានចុះហត្ថលេខាលើផែនការផ្ទេរអំណាចមួយសម្របសម្រួលដោយ GCC ដែលតាមផែនការនេះតម្រូវឱ្យលោកសាឡេហ៍ លាលែងចេញពីតំណែងក្នុងរយៈពេល៣០ឆ្នាំថ្ងៃ ហើយឱ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេល៦០ថ្ងៃ ។ ប៉ុន្តែ លោកសាឡេហ៍ បានបដិសេធមិនព្រមចុះហត្ថលេខាលើផែនការនេះដែលជាកិច្ចព្រមព្រៀងមួយដល់ទៅ៣ដង។
លោកសាឡេហ៍ អះអាងជាថ្មីថា ការចរចាជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយភាពទាល់ច្រកនយោបាយក្នុងប្រទេស និងបញ្ចប់អំពើហិង្សា។ លោកប្រធានាធិបតីដែលកំពុងមានបញ្ហារូបនេះថ្លែងទៀតថា ការផ្លាស់ប្តូរនយោបាយដែលទាក់ទងនឹងអំណាចដែលមនុស្សគ្រប់រូបស្វះស្វែងរកការសម្រេចឱ្យបាននោះមិនអាចសម្រេចបានតាមរយៈអំពើហិង្សាទេ ដែលអំពើហិង្សានេះជំរុញឱ្យមានវប្បធម៌នៃការស្អប់គ្នាទៅវិញទៅមក ការប៉ុនប៉ងធ្វើឃាតអ្នកនយោបាយ ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាជាដើម។
លោកសាឡេហ៍ បានសច្ចាថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសវិញ ដើម្បីដឹកនាំការចរចាផ្សះផ្សាជាតិជាមួយក្រុមប្រឆាំងក្នុងពេលឆាប់ៗខាងមុខនេះ ៕
ចែករំលែកព័តមាននេះ