ខេត្តបាត់ដំបង ៖ រូបភាពដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលពណ៌នាពីសកម្មភាពពួកជនទុច្ចរិតកំពុងដឹកជញ្ជូនកេសទំនិញ (បារី) ឆ្លងអូរព្រំដែនពីខ្មែរទៅថៃ ដោយខុសច្បាប់ទាំងកណ្ដាលថ្ងៃ តាមច្រករបៀងមួយកន្លែង ក្នុងទឹកដីស្រុកកំរៀង បានបែកធ្លាយ ហើយត្រូវបានគេយកទៅបង្ហោះព្រោងព្រាតពាសពេញលើបណ្ដាញសង្គម ចាប់តាំងពីព្រឹកថ្ងៃទី០៧ មេសា រហូតមក បើទោះជារូបភាពនោះ ត្រូវអាជ្ញាធរស្រុកនេះអះអាងថា បានកើតឡើងតាំងពីម្ដុំចុងខែមីនាកន្លងមកក្ដី តែវាជារឿងថ្មីសម្រាប់ពេលនេះ។

ឃ្លីបវីដេអូដែលមានរយៈពេលត្រឹម០៩វិនាទី បានបង្ហាញពីសកម្មភាពបុរសខ្លួនទទេរម្នាក់ ស្លៀកតែខោខ្លីត្រឹមជង្គង់ បានប្រឹងប្រែងសែងជញ្ជូនស្បោងធំៗពណ៌ខ្មៅ ដែលមានគេអះអាងថា ជាស្បោងច្រក«កេសបារី» ។ តាមរយៈសកម្មភាពនេះ គេអាចទាយដឹងថា បុរសម្នាក់នោះ បានប្រឹងអោបស្បោងពណ៌ខ្មៅនោះពីដីខ្មែរ ឆ្លងអូរព្រំដែនទៅដាក់នៅខាងទឹកដីថៃ តាមច្រករបៀងមួយកន្លែង ដែលគេស្គាល់ថា ស្ថិតនៅមិនឆ្ងាយប៉ុន្មានពី «កាស៊ីណូ»មួយ នៅក្បែរច្រកទ្វារអន្តរជាតិ«ដូង» ក្នុងស្រុកកំរៀង ។

បើយោងលើពេលវេលា ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់ក្រឡែតនោះបានបង្ហាញថា សកម្មភាពដឹកជញ្ជូនបារីរបស់ពួកជនទុច្ចរិតបានធ្វើឡើង នៅល្ងាចថ្ងៃទី ២៤ មីនា កន្លងទៅថ្មីៗនេះ ។ ប៉ុន្តែមិនត្រូវបានគេទម្លាយឲ្យដឹង ឬគេយកទៅផ្សព្វផ្សាយឲ្យមហាជនបានដឹងទេ ក្រោយកើតហេតុភ្លាមៗ បើទោះជាថ្ងៃបន្ទាប់ គេឃើញមានអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចគ្រប់ជំនាញបានចុះព្រោងព្រាតទៅពិនិត្យដល់ច្រកងងឹតនោះក្ដី ។

ជុំវិញរូបភាពស្ដីពីការបែកធ្លាយនូវសកម្មភាពពួកជនទុច្ចរិតលីសែងបារីឆ្លងដែនខាងលើនេះ អភិបាលស្រុកកំរៀង លោក សុខ ដែន បានទទួលស្គាល់ថា «ពិតជាបានកើតមានរឿងនេះមែន នៅក្នុងស្រុកកំរៀង» ។ លោក សុខ ដែន បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទស្ដីពីជនទុច្ចរិត លួចរត់ពន្ធបារីឆ្លងដែននេះ នៅរសៀលថ្ងៃទី០៧ មេសា ។

លោកអភិបាលបានថ្លែងថា «តាមរូបភាពនេះ កើតឡើងយូរដែរហើយ គឺកាលពីថ្ងៃទី ២៤ មីនា ឆ្នាំ២០២៦ តែគេទើបឃើញគេយកមកបង្ហោះ» ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា «មួយថ្ងៃក្រោយកើតហេតុ គឺនៅថ្ងៃទី២៥ មីនា ខ្ញុំនិងអភិបាលខេត្ត រួមជាមន្ត្រីជំនាញផង បានចុះភ្លាមៗទៅដល់ទីតាំងនោះ ដើម្បីពិនិត្យសកម្មភាពនៃច្រកចេញចូល ។
មិនតែប៉ុណ្ណោះ យើងបានប្រគល់មន្ត្រីជំនាញប្រមូលភស្ដុតាងស្រាវជ្រាវវែកមុខជនប្រព្រឹត្ត ធ្វើកំណត់ហេតុជាក់លាក់ រហូតចងក្រងជាសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយដែរ តែយើងមិនទាន់ឃើញតុលាការមានចំណាត់ការលើករណីនេះនៅឡើយទេ ។ អ៉ីចឹង សំណុំរឿងនេះ បានដល់ដៃតុលាការហើយ» ។

ពាក់ព័ន្ធនឹងមុខសញ្ញារត់ពន្ធ «បារី» ឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃនេះ បើតាមការកត់សម្គាល់កន្លងមក បានកើតមានឡើងតាំងពីមុនពេលប្រទេសក្បែរខាងគ្នាទាំង០២ មើលមុខគ្នាមិនចំមកម្ល៉េះ (មុនពេលច្បាំងគ្នាបិទព្រំដែន) ។ កាលណោះ ពួកឈ្មួញបានធ្វើសកម្មភាពដ៏មមារញឹក និងខ្លាំងក្លាបំផុត នៅតាមច្រករបៀងនានា ក្នុងទឹកដីស្រុកសំពៅលូន ។
ហើយថែមទាំងគេដឹងថា ច្រករបៀងរត់ពន្ធបារីឆ្លងដែនដ៏មមារញឹកទាំងនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីច្រកទ្វារអន្តរជាតិ«ភ្នំដី»ឡើយ ។ ហើយមេឈ្មួញជួញដូរបារី ឬស្រា សុទ្ធជាមន្ត្រីមានអំណាច ដែលរស់នៅក្នុងស្រុកជាប់ព្រំដែននេះតែម្ដង ។ ក្រោយមក នៅពេលតាមបន្ទាត់ព្រំដែនប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ ហើយត្រូវបានភាគីទាំង០២បិទជិតឈឹង តែពួកមេខ្លោងរត់ពន្ធបារីនេះ ក៏នៅតែឆ្លៀតរត់ពន្ធបារីឆ្លងដែនបានជាបន្តបន្ទាប់ ។

ពេលខ្លះ ក៏របូតបាត់ ពេលខ្លះក៏ត្រូវបានពួកសត្រូវសៀមចាប់បាន ហើយពេលខ្លះ ពួកឈ្មួញដឹកជញ្ជូនឆ្លងដែនមិនទាន់ ក៏ត្រូវកម្លាំងការពារព្រំដែនកម្ពុជា បង្ក្រាបបានជាបន្តបន្ទាប់ដែរ ។ ប៉ុន្តែគេមិនដែលរកមុខមេខ្លោងណាម្នាក់ឃើញទេ ក្របួចបានតែពួកកម្មករស៊ីឈ្នូលលីសែងទំនិញខុសច្បាប់ឆ្លងអូរព្រំដែនតែប៉ុណ្ណោះ ។
យើងងាកមកតាមដានពីសកម្មភាពជនទុច្ចរិត រត់ពន្ធបារីឆ្លងដែននៅស្រុកកំរៀងវិញ តើពេលណាទើបមន្ត្រីជំនាញចាត់ការលើសំណុំរឿងនេះ? ខណៈពួកជនទុច្ចរិតនៅតែបន្តធ្វើសកម្មភាពមិនឈប់ឈរ ។ រីឯខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំង០២ នៅបិទជិតឈឹងមិនទាន់បង្ហើបសោះ ។

បើតាមប្រភពពីមន្ត្រីជំនាញបានបង្ហើបថា តាមស៊ើបអង្កេតកន្លងមកនេះ ច្រករបៀង នៅខាងក្រោយកាស៊ីណូក្នុងស្រុកកំរៀង ដែលកាមេរ៉ាសុវត្ថិភាពថតជាប់សកម្មភាពឈ្មួញជួញដូរបារីឆ្លងដែនខាងលើនេះ គឺជាច្រកសកម្មបំផុត សម្រាប់ពួកឈ្មួញនាំបារីឆ្លងដែន ។ ការស៊ើបអង្កេតបានរកឃើញថា ស្ទើរទាំងយប់ទាំងថ្ងៃដែលពួកឈ្មួញបានដឹកជញ្ជូនបារីឆ្លងដែន«ច្រករបៀង»មួយនេះ ហាក់ដូចជាមានការបើកដៃពីមន្ត្រីខិលខូចប្រចាំតំបន់នោះ។
ប៉ុន្តែក្រោយពីបែកធ្លាយ កាលពីថ្ងៃទី២៤ មីនា រហូតមកទល់ពេលនេះ ពួកឈ្មួញទុច្ចរិត ហាក់ស្ងប់ស្ងាត់ មិនធ្វើសកម្មភាពទៀតទេ ។ យ៉ាងណាក្ដី លោក សុខ ដែន អភិបាលស្រុកកំរៀង បានអះអាងថា សំណុំរឿងឈ្មួញរត់ពន្ធបារីឆ្លងដែនខាងលើនេះ មន្ត្រីជំនាញ បានបញ្ជូនសំណុំរឿងទៅតុលាការហើយ គ្រាន់តែតុលាការមិនទាន់ចាត់ការលើក្រុមជនល្មើស ។ ដោយឡែក ច្រករបៀងខាងលើ ឬតាមបណ្ដាច្រកដទៃទៀត ក៏ត្រូវបានរឹតបន្ដឹងយ៉ាងតឹងតែងដែរ ក្រោមការត្រូវពិនិត្យរបស់មន្ត្រីការពារព្រំដែន ៕
ចែករំលែកព័តមាននេះ