ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែងាយស្រួល និងសុវត្ថិភាព ! ស្ពានឈើថ្មីនៅបេងមាលា ពង្រីកទទឹងធំជាងមុន ងាយស្រួលដើរ និងថតរូប

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ការ​វិល​ត្រឡប់​នៃ «​មន្ត​ស្នេហ៍​បេង​មាលា​» ស្ពានឈើ​ថ្មី​ដែល​ផ្តល់​បទ​ពិសោធន៍​ទស្សនា​ដ៏​អស្ចារ្យ និង​សុវត្ថិភាព​ខ្ពស់ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា​នេះ…

ខេត្តសៀមរាប ៖ ការ​វិល​ត្រឡប់​នៃ «​មន្ត​ស្នេហ៍​បេង​មាលា​» ស្ពានឈើ​ថ្មី​ដែល​ផ្តល់​បទ​ពិសោធន៍​ទស្សនា​ដ៏​អស្ចារ្យ និង​សុវត្ថិភាព​ខ្ពស់ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា​នេះ ។

រូបភាព​នៃ​ប្រាសាទបុរាណ ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ដើមឈើ​ធំ​ៗ និង​សម្រស់​ធម្មជាតិ​ដ៏​អាថ៌​កំបាំង​នៃ​ប្រាសាទបេង​មាលា​ពេល​នេះ កាន់តែ​បង្កើន​ភាព​ទាក់ទាញ​ទ្វេ​ដង ក្នុង​ពេល​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការ​ជួសជុល​«​ស្ពានឈើ​ថ្មើរជើង​» ជា​ស្ថាពរ ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ ។

បទ​ពិសោធន៍​ថ្មី​លើ​ដង​ស្ពាន ដែល​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន សុវត្ថិភាព​ជាង​មុន គឺ​ស្ពានឈើ​ថ្មី​ដែល​មាន​ប្រវែង​សរុប ដល់​ទៅ​១៨៩​ម៉ែត្រ​នេះ មិន​ត្រឹមតែ​ជា​ច្រក​សម្រាប់​ដើរ​ទស្សនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា «​មគ្គុទ្ទេសក៍​ឈើ​» ដែល​នឹង​នាំ​លោក​អ្នក​លម្ហែកាយ​ចេញពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​កាន់​បេះដូង​នៃ​ប្រាសាទ ។

ជាមួយ និង​ការ​រចនា​បង្គុំ​តាម​បទដ្ឋាន​បច្ចេកទេស​យ៉ាង​សម្រិតសម្រាំង ស្ពាន​នេះ​ត្រូវ​បាន​ពង្រីក​ទទឹង​ឱ្យ​កាន់តែ​ធំ​ទូលាយ (​ចាប់ពី​១.៣០​ម៉ែត្រ ដល់​១.៧០​ម៉ែត្រ​) ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ដើរ​ទស្សនា និង​ថតរូប​កម្សាន្ត​ដោយ​មិន​មាន​ភាព​រអាក់រអួល ។ នេះ គឺជា​ការ​លះបង់ ដើម្បី​កេរដំណែល​ដូនតា ក្រោម​ការ​លះបង់​កម្លាំងកាយ​ចិត្ត​អស់​រយៈពេល​ជិត​៧​ខែ ។

លោក ពុទ្ធ សុទ្ធ ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ស្ពាន​ថ្មី​នេះ បាន​ជំនួស​ឱ្យ​ស្ពាន​ចាស់​ដែល​ធ្លាប់​ទ្រុឌទ្រោម​ដោយសារ​អាយុកាល និង​អាកាសធាតុ ។ ការ​ជួសជុល ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៦​នេះ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​កម្រិត​ខ្ពស់​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ។

ការ​បង្កើត​ភាព​សុខដុមរមនា​រវាង​«​ស្ថាបត្យកម្ម និង​ធម្មជាតិ​» ដែល​ជា​តម្លៃ​ទេសភាព​ប្រាសាទបេង​មាលា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​ប្រាសាទ​ក្នុង​ព្រៃ​» ដែល​មាន​សោភ័ណ​ភាព​ប្លែក​ពី​គេ ។ ស្ពានឈើ​ថ្មី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​មាន​សណ្តាប់ធ្នាប់ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​៖

-ផ្តិត​យក​ទិដ្ឋភាព​ពីលើ​អាកាស ៖ មើលឃើញ​ក្បូរក្បាច់​ចម្លាក់​ដ៏​វិចិត្រ និង​គំនរ​ថ្ម​ដែល​ប្រកប ដោយ​មន្ត​ស្នេហ៍​ពីលើ​ស្ពាន​។

-បង្ហាញ​ជូន​ភ្ញៀវ​នូវ​អារម្មណ៍​ស្រស់ស្រាយ ក្នុង​ដំណើរ​កម្សាន្ត​ក្រោម​ម្លប់ឈើ​ត្រឈឹងត្រឈៃ ប្រៀប​ដូច​ជា​ការ​ដើរ​ក្នុង​ឋានសួគ៌​បុរាណ​។

-យើង​បង្កើត​ភាព​ងាយស្រួល​លើ​ដង​ស្ពាន ដោយ​បំពាក់​ជណ្តើរ និង​ផ្លូវ​ដើរ​ថ្មី ជួយ​ឱ្យ​ការ​ទស្សនា​ប្រាសាទ​មហិមា​នេះ​កាន់តែ​មាន​ភាព​ងាយស្រួល និង​អារម្មណ៍​រំភើប ។

តើ​លោក​អ្នក បាន​ត្រៀមខ្លួន​ហើយ​ឬ​នៅ ដើម្បី​ទៅ​ទទួលយក​បទ​ពិសោធន៍​ថ្មី នៅ​លើ​ស្ពានឈើ​ថ្មី ក្នុង​ទឹកដី​នៃ​ប្រាសាទបេង​មាលា នា​ពេល​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។ សម្រស់​ដ៏​អាថ៌​កំបាំង​នៃ​អតីតកាល កំពុង​រង់ចាំ​លោក​អ្នក​ទៅ​ស្វែងរក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ