ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​កាត់សក់​បង្កក់​សិរី​” ជូន​បងប្អូន​កម្មករ​រោងចក្រ ដើម្បី​អបអរសាទរ ទទួល​សិរី​សួស្ដី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វិធី “​កាត់សក់​បង្កក់​សិរី​” ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី​ជាង…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វិធី “​កាត់សក់​បង្កក់​សិរី​” ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី​ជាង ៥០០​នាក់ នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៦ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៦ ដែល​ក៏​ជា​ពេល​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ អាច​ជួប​សំណេះសំណាល​សួរសុខទុក្ខ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​បងប្អូន​កម្មករនិយោជិត​ផង​ដែរ ​។

ក្នុង​បរិយាកាស​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​នេះ ឯកឧត្តម ហេង សួរ បាន​ថ្លែង​អំណរ​រ​គុណ​ចំពោះ​បងប្អូន​ដែល​ឆ្លៀតពេល​នា​ចុង​ស​ប្តា​ហ៍​ចូលរួម​ក្នុង​កម្មវិធី “​កាត់សក់​បង្កក់​សិរី​” ដើម្បី​ទទួល​បានការ​កាត់សក់ គៀប​សក់ និង​ផ្លុំ​សក់​ដោយ​ឥត​គិតថ្លៃ​ពី​សំណាក់​ក្រុម​ជាង ​ដែល​មាន​ជំនាញ​ដ៏​ចំណាន​ប្រមាណ​ជា ១០០​នាក់​ពី សមាគម​មិត្ត​យើង នា​ពេល​នេះ​។ ជា​ការ​ត្រៀមខ្លួន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង ការ​កាត់ ឬ​ធ្វើ​សក់​នេះ ក៏​ជា​ការ​លើក​សម្រស់​បាន​មួយ​កម្រិត និង​ជួយ​សន្សំ​សំចៃ​ប្រាក់​បាន​មួយ​ចំនួន​ផង​ដែរ ជា​ពិសេស​គឺ​សម្រាប់​បងប្អូន​កម្មការិនី​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បងប្អូន​កម្មករនិយោជិត ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​។ ជាក់ស្តែង នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ សម្តេច​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ រៀបចំ​រថយន្ត​រហូត​ដល់​ទៅ​ចំនួន ៦០០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទាំង​ពេល​ទៅ​លេង​ស្រុក​កំណើត និង​ពេល​ត្រឡប់​មក​វិញ​ដោយ​ឥត​គិតថ្លៃ​ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​រថយន្ត​ដឹក​ជញ្ជូន​នា​ឆ្នាំ​នេះ គឺ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​តែ​ឡើងថ្លៃ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ ​របស់​បងប្អូន​បាន​មួយ​ចំនួន​ធំ​ផង​ដែរ​ ។ ឯកឧត្តម​បាន​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​រថយន្ត​ទាំងនេះ​ចាប់ពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ ខាង​មុខ​នេះ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ក៏​បាន​ជម្រាប​ជូន​ពី​ព័ត៌មាន​ឱកាស​ការងារ​ក្នុងស្រុក ​ប្រហែល ៩​ម៉ឺន​កន្លែង​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នៅ​ទូ​ទាំង​ប្រទេស ដោយ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​បងប្អូន​ឱ្យ​ជួយ​បន្ត​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ទាំងនេះ​ទៅ​ដល់​បងប្អូន សាច់ញាតិ មិត្តភក្តិ ឬ​អ្នក​ជិតខាង ក្នុង​ពេល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ នា​ឱកាស​ឈប់​សម្រាក​នៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ ជា​ពិសេស​ទៅ​ដល់​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​។ ក្នុង​នោះ​អាច​ទាក់ទង​ក្រសួង​ការងារ តាម​រយៈ​លេខ​ទូរ​សព្ទ Hotline ១២៩៧ សម្រាប់​សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ការងារ ហើយ​បើ​ក្នុង​ករណី​ដែល​មាន​អ្នករក​ការងារ​ធ្វើ​ច្រើន​នាក់​ក្នុងភូមិ​តែ​មួយ នោះ​នឹង​មាន​ក្រុមហ៊ុន​ទៅ​ដឹក​ជញ្ជូន​ដល់​កន្លែង​ផង​ដែរ ​។

ជាមួយនឹង​ការ​ថ្លែង​ជូនពរ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ឯកឧត្តម ហេង សួរ បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់​ចំពោះ​ការ​ខិតខំ​ព្យាយាម​បំពេញការងារ ទោះ​ក្នុង​កាលៈទេសៈ​វិបត្តិ​សកល​នេះ ដែល​ជួយ​ធ្វើ​ឱ្យ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ដំណើរការ​យ៉ាង​រលូន ដែល​ជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ ៕ អត្ថបទសហការ