ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ចុះ​សួរសុខទុក្ខ និង​ជូនពរ​ជ័យ​ដល់​យោធិន​ទិស​ទី​១ និង​ទី​២ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ

6 ខែ មុន

ខេត្តឧត្តរមានជ័យ ៖ នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ នៃ​កង​យោធ​ខេមរភូមិន្ទ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​កាលពីថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ជូនពរ​ជ័យ សិរី​សួស្តី​ដល់​យោធិន ​ដែល​កំពុង​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​សមរភូមិ​មុខ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​គិលានដ្ឋាន ទិស​ទី​២ និង​ទិស​ទី​១ របស់​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ ក៏​បាន​នាំ​យក​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​ជំទាវ ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ដែល​កំពុង​នឹង​បំពេញបេសកកម្ម​នៅ​ទិស​ទី​២ និង​ទិស​ទី​១ ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៤​។
ជាមួយ​គ្នា​នោះ​ផង​ដែរ លោកនាយ​ឧត្តមសេនីយ៍ ក៏​បាន​ពាំនាំ​នូវ​ការ​កោតសរសើរ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ដែល​បាន​ខិតខំ ពុះពារ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​យើង​ក្នុង​រយៈពេល​កន្លង​មក ដែល​ជា​ស្នាដៃ​យ៉ាង​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​ ។

ក្នុង​បរិយាកាស​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ និង​កក់ក្តៅ​នោះ លោកនាយ​ឧត្តមសេនីយ៍ ក៏​បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជូន​ដល់​បណ្តា​អង្គភាព​នៅ​ទិស​ទី​២ និង​ទិស​ទី​១ របស់​យោធភូមិ​ភាគ​ទី​៤ នូវ​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ ៕