ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ចូលរួម​កម្មវិធីអបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មីឆ្នាំ​២០២៦ ​នៃ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​(JAC)

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៦ នៃ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​(JAC)…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៦ នៃ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​(JAC) នា​ល្ងាច​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Raffles Hotel Le Royal ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួម​ទាំង​ថ្នាក់ដឹកនាំ​សមាគម និង​អតីត​និស្សិត​ខ្មែរ​មក​ពី​ប្រទេស​ជប៉ុន​សរុប​ជាង១០០​រូប​។

ក្នុង​នាម ​ជា​អតីត​និស្សិត​ជប៉ុន​ម្នាក់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​បង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ថា កម្មវិធី​នេះ​មិន​ត្រឹមតែ​ជា​ឱកាស​សម្រាប់​អតីត​និស្សិត​ខ្មែរ​ពី​ជប៉ុន​បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើង​វិញ និង​ជួប​គ្នា​ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ភស្តុ​តាង​ដ៏​មាន​អត្ថន័យ​បង្ហាញ​ពី​ទំនាក់ទំនង “​ប្រជាជន​និង​ប្រជាជន​” ដែល​ជា​គ្រឹះ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ជប៉ុន​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​មាន​ប្រសាសន៍​ថា ប្រទេស​ជប៉ុន​បាន​បង្កើត​សក្តានុពល​យ៉ាង​ធំ​ដល់​អតីត​និស្សិត​ទាំង​ផ្នែក​បុគ្គលិកលក្ខណៈ និង​វិជ្ជាជីវៈ ដែល​ប្រែក្លាយ​ពួក​គាត់​ទៅ​ជា​អ្នកដឹកនាំ និង​ជា​អ្នកចូលរួម​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។ ជាក់ស្តែង អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា និង​រដ្ឋមន្ត្រី​បី​រូប​បច្ចុប្បន្ន​របស់​កម្ពុជា រួម​ទាំង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​ទៀត ក៏​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ជប៉ុន​។

នា​ឱកាស​នោះ ឯកឧត្តម ហេង សួរ ក៏​បាន​លើក​ឡើង​ពី​ប្រសាសន៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ថា ដំណើរ​របស់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន គឺ​មិន​ត្រឹមតែ​សម្រាប់​ការ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​កសាង​ស្ពាន​ទំនាក់ទំនង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។ តាម​រយៈ​ការ​គាំទ្រ​ប្រកបដោយ​សប្បុរសធម៌​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន កម្មវិធី​អាហារូបករណ៍ MEXT, JDS និង JICA បាន​ជួយ​ឲ្យ​ជនជាតិ​ខ្មែរ​ជាង ១ ០០០ នាក់​ទទួល​បាន​បរិញ្ញាបត្រ​ពី​ជប៉ុន ខណៈ​ដែល​មាន​និស្សិត​ជាង ៦០០ នាក់​កំពុង​បន្ត​ការ​សិក្សា​នៅ​ទីនោះ ដែល​កំពុង​ធ្វើ​ជា​ស្ពាន​ភ្ជាប់​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​។

ជាមួយនឹង​ការ​ថ្លែង​ជូនពរ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឯកឧត្តម ហេង សួរ បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​មិត្តភក្តិ​ជាទី​គោរព​ជនជាតិ​ជប៉ុន ស្ថានទូត​ជប៉ុន និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ឱកាស​អប់រំ​ដ៏​មាន​តម្លៃ​ចំពោះ​ឯកឧត្តម ក៏​ដូច​ជា​ជនជាតិ​ខ្មែរ​ដទៃ​ទៀត​ជា​ច្រើន​រូប​ផង​ដែរ​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ