រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាដល់កម្លាំងសមត្ថកិច្ចត្រូវការពារ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»ក្នុងរាជធានីភ្នំពេញ ។

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ
បាលជាតិ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលនៃកិច្ចប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដាក់បទបញ្ជាឲ្យលោក-លោកស្រីស្នងការរង លោកនាយការិយាល័យនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងយកចិត្តទុកដាក់ ដឹកនាំបញ្ជាកម្លាំង អនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យធានាបានសុខសុវត្ថិភាពជាដាច់ខាត។
ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យជំនាញព្រហ្មទណ្ឌ ជំនាញសន្តិសុខ ទាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ត្រូវពង្រឹងបង្កើនសមត្ថភាព គ្រប់គ្រងតាមដានក្តោបសភាពការណ៍ការងារសន្តិសុខឲ្យបានម៉ឺងម៉ាត់ជាពិសេស រាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តមក៏បានជំរុញពង្រឹងត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការរង់ចាំទទួលបទបញ្ជា ពង្រឹងអនុវត្តរៀបចំផែនការសកម្មភាព ការពារ ទៅតាមមូលដ្ឋាន និងគោលដៅនានាដូចជាវត្តអារាម កន្លែងសប្បាយភាព រមណីយដ្ឋាន ហើយចាត់កម្លាំងចុះអនុវត្ត ដោយមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។
ជំរុញឲ្យមានការយកចិត្តទុកដាក់ដោះស្រាយសម្រួលចរាចរណ៍ ជាពិសេសលំហូរចេញ នៅពេលចរាចរណ៍មានភាពមមារញឹកនៅតាមគោលដៅដែលមានបញ្ហាប្រឈមកកស្ទះ ដើម្បីពន្លឿនការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមបានឲ្យត្រៀមរថយន្តបង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ ក្នុងករណីកើតឡើងអគ្គិភ័យជាយថាហេតុណាមួយ។ជំរុញការផ្សព្វផ្សាយណែនាំ មិនអនុញ្ញាតឲ្យមានការលេងបាញ់ទឹក ប៉ាតម្សៅ គប់ទឹក ដោយចលនាឲ្យនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ត្រូវណែនាំឲ្យមានការចាក់សោរបិទទ្វារផ្ទះឲ្យបានត្រឹមត្រូវការពារទ្រព្យសម្បត្តិមុនបងប្អូនដើរលេងចាកចេញពីផ្ទះ និងពង្រឹងកម្លាំងល្បាតត្រួតពិនិត្យក្នុងមូលដ្ឋានឲ្យបានជាប្រចាំដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឲ្យបានល្អ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រគល់បណ្ណសរសើរដែលជាការលើកចិត្តរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជូនចំពោះលោក-លោកស្រី ស្នងការរង លោក-លោកស្រីនាយ នាយរងការិយាល័យជំនាញ និងលោកអធិការ អធិការរងសរុបចំនួន២៨នាក់ ដែលមានស្នាដៃចូលរួមបំពេញភារកិច្ចជូនដល់អង្គភាព និងបម្រើប្រជាពលរដ្ឋបានល្អ៕
ចែករំលែកព័តមាននេះ