ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈប់បារម្ភរឿងឈឺក្បាលពេលត្រូវកម្ដៅថ្ងៃ! តិចនិកសាមញ្ញជួយឱ្យរាងកាយស៊ាំនឹងកម្ដៅ និងវិធីសង្គ្រោះបន្ទាន់ភ្លាមៗ

3 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មេឃក្ដៅខ្លាំង ជាពិសេសនៅពេលថ្ងៃត្រង់ ឬពេលរសៀល ជារឿយៗតែងធ្វើឱ្យមនុស្សជាច្រើនមានអាការៈវិលមុខ ធ្ងន់ក្បាល អស់កម្លាំង ឬចង់ក្អួតចង្អោរ។ នេះបណ្ដាលមកពីប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយធ្វើការធ្ងន់ធ្ងរពេក…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មេឃក្ដៅខ្លាំង ជាពិសេសនៅពេលថ្ងៃត្រង់ ឬពេលរសៀល ជារឿយៗតែងធ្វើឱ្យមនុស្សជាច្រើនមានអាការៈវិលមុខ ធ្ងន់ក្បាល អស់កម្លាំង ឬចង់ក្អួតចង្អោរ។ នេះបណ្ដាលមកពីប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយធ្វើការធ្ងន់ធ្ងរពេក រហូតបញ្ចេញកម្ដៅមកក្រៅមិនទាន់ ដែលប៉ះពាល់ដល់ខួរក្បាលផ្ទាល់តែម្ដង។

ប្រសិនបើអ្នកមានអាការៈឈឺក្បាលពេលត្រូវកម្ដៅថ្ងៃ ជំហានដំបូងដែលត្រូវធ្វើគឺ “ស្វែងរកកន្លែងត្រជាក់ ឬម្លប់” ជាបន្ទាន់ ដើម្បីកាត់បន្ថយការសន្សំកម្ដៅក្នុងខ្លួន។ បន្ទាប់មកត្រូវ “ផឹកទឹកជាបន្ទាន់” ដោយជ្រើសរើសទឹកធម្មតា ឬទឹកអេឡិចត្រូលីត (ទឹកអំបិលខនិជ) ដើម្បីជំនួសជាតិទឹកដែលបាត់បង់តាមញើស ប៉ុន្តែគួរជៀសវាងទឹកកកត្រជាក់ខ្លាំង ឬកាហ្វេព្រោះវាអាចធ្វើឱ្យរាងកាយបាត់បង់តុល្យភាព។ ការប្រើ “ក្រណាត់ត្រជាក់ស្អំ” នៅត្រង់កញ្ចឹងក ថ្ងាស ឬកដៃ ក៏ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបញ្ចុះកម្ដៅរាងកាយ និងបំបាត់អាការៈឈឺក្បាលបានយ៉ាងរហ័ស។

ដើម្បីពង្រឹងរាងកាយឱ្យស៊ាំនឹងកម្ដៅថ្ងៃបានល្អជាងមុន អ្នកគួរអនុវត្តតិចនិកងាយៗមួយចំនួន។ ការហ្វឹកហាត់ឱ្យរាងកាយប៉ះកម្ដៅថ្ងៃខ្ចីៗនៅពេលព្រឹក (ម៉ោង ៧ ដល់ ៨ ព្រឹក) ប្រហែល ១០ ទៅ ១៥ នាទីជារៀងរាល់ថ្ងៃ នឹងជួយឱ្យរាងកាយស៊ាំនឹងអាកាសធាតុ។ បន្ថែមពីនេះ ការញ៉ាំអាហារដែលសម្បូរទៅដោយ “វីតាមីនសេ” ដូចជា ក្រូច ផ្លែប៉ោម ប៉េងប៉ោះ ឬផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ នឹងជួយឱ្យរាងកាយទប់ទល់នឹងកម្ដៅបានកាន់តែប្រសើរ។ ការស្លៀកពាក់ខោអាវដែលមានពណ៌ស្រាល ស្ដើង មិនតឹងណែនពេក និងការផឹកទឹកឱ្យបានយ៉ាងតិច ២ លីត្រក្នុងមួយថ្ងៃ ក៏ជាខែលការពារដ៏សំខាន់ផងដែរ។

ជាធម្មតា អាការៈអស់កម្លាំងដោយសារកម្ដៅថ្ងៃនឹងធូរស្រាលវិញក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពេលសម្រាក និងផឹកទឹកគ្រប់គ្រាន់ ប៉ុន្តែក្នុងករណីខ្លះវាអាចអូសបន្លាយដល់ ១ ទៅ ២ ថ្ងៃ។ អ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតនោះគឺ ប្រសិនបើមានអាការៈខ្លួនឡើងក្ដៅខ្លាំង វង្វេងវង្វាន់ ក្អួតមិនឈប់ ឬសន្លប់ ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ការត្រៀមខ្លួន និងស្វែងយល់ពីសញ្ញាព្រមានទាំងនេះ នឹងជួយឱ្យអ្នករស់នៅក្រោមអាកាសធាតុក្ដៅដោយសុវត្ថិភាព និងមានសុខភាពល្អ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ