ខេត្តប៉ៃលិន ៖ បើទោះបីជាផ្ទៃមេឃនារដូវខែប្រាំងនេះ ក្តៅខ្លាំងស្ទើរទ្រាំមិនបានយ៉ាងណា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ គេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើននាក់ បាននាំគ្នាមកពីកន្លែងផ្សេងៗ ដោយអ្នកខ្លះនាំយកចបជីក ខ្លះយកដែកស្បែង រួមជាមួយនឹងកញ្ច្រែងចុះទៅត្រាំក្នុងទឹកស្ទឹងមួយកន្លែង ស្ថិតនៅក្នុងភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីកកាយយកកម្ទេចដុំថ្មនៅក្នុងបាតស្ទឹង រួចរែងរាវរករ៉ែត្បូង ដ៏មានតម្លៃ ក្រែងជួបសំណាង បានលក់សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និងសងជំពាក់បំណុលគេ ។
បើតាមប្រភពព័ត៌មានពីបុរសវ័យចំណាស់ម្នាក់ ឈ្មោះ សៀន អាយុ៧០ឆ្នាំ រស់នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងឈ្មោះ ផល អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងស្រដៀងគ្នាថា ពួកគាត់គ្មានដីស្រែចំការធ្វើនឹងគេនោះទេ ជារៀងរាល់ថ្ងៃ គឺតែងតែកាន់ដែកស្បែង និងកញ្ច្រែងយកទៅចុះក្នុងស្ទឹងបយ៉ាខា ដើម្បីជីកកកាយយកផ្ទាំងថ្មធំល្មម អាចលើករួចចេញ ហើយយកកំទេចដីថ្មតូចៗ ដាក់ក្នុងកញ្ច្រែង ដើម្បីរែងរាវរករ៉ែត្បូង ។
ពួកគាត់បន្តទៀតថា បច្ចុប្បន្ននេះ រ៉ែត្បូងពិតជាកំរខ្លាំងណាស់ ទាល់តែអ្នកមានសំណាង ទើបអាចរែងប៉ះត្បូងធំ អាចលក់បានថវិកាច្រើន ។
ពួកគាត់បញ្ជាក់ទៀតថា កាលពីប៉ុន្មានខែមុន មានបុរសម្នាក់ បានចុះទៅរែងនៅក្នុងស្ទឹងបយ៉ាខា ផ្នែកខាងក្រោម ក៏ប៉ះចំត្បូងទទឹម១គ្រាប់យ៉ាងធំ អាចលក់បានថវិការហូតដល់៤ទៅ៥ម៉ឺនដុល្លារឯណោះ ហើយក្រោយមក ក៏ទិញរថយន្តទំនើប១គ្រឿង ជិះជាមួយក្រុមគ្រួសារ លែងចុះរែងរករ៉ែត្បូងបន្តទៀតហើយ ដោយឡែកពួកគាត់ និងអ្នកផ្សេងទៀត ក៏តែងតែរែងរករ៉ែបណ្តើរបន់ស្រន់បណ្តើរ បើប៉ះចំត្បូងក្រហម (ទទឹម) ដែលមានតម្លៃខ្ពស់១គ្រាប់ធំ មិនដឹងជាសប្បាយចិត្តយ៉ាងណានោះទេ ។ ពួកគាត់ក៏សន្យាថា បើពើបប្រទះនឹងត្បូងដ៏មានតម្លៃ១គ្រាប់ធំមែន នឹងយកទៅសែនព្រេនថ្វាយលោកយាយយ៉ាត ហើយក៏យកទៅផ្គត់ផ្គង់ជីវភាពដែលកំពុងតែជួបនឹងការលំបាកប្រចាំថ្ងៃនេះ ។
ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត អ្នកខ្លះទើបតែមកពីខេត្តសៀមរាប ខេត្តបាត់ដំបង ដោយនាំគ្នាទិញកញ្ច្រែងចុះទៅរែងរករ៉ែត្បូងជាមួយនឹងអ្នកប្រកបរបរអាជីពរាល់ថ្ងៃផងដែរ ព្រោះពួកគាត់ទំនេរពីការងារ ក៏នាំប្តីប្រពន្ធ និងកូនចុះទៅរែងរករ៉ែត្បូងដោយផ្សងសំណាងតែម្តង។ ពួកគាត់ខិតខំប្រឹងប្រែងរែងដោយស្ទើរតែមិនហ៊ានឈប់សម្រាកនោះឡើយ ដោយវេចខ្ចប់បាយម្ហូប តាំងពីព្រឹក យកទៅនាំកូនៗ ទទួលទាននៅក្រោមម្លប់ដើមឈើ ដោយសម្រាកអាហារថ្ងៃត្រង់បានមួយស្របក់រួច ក៏នាំគ្នាចុះទៅរែងរករ៉ែត្បូងបន្តទៀត ហើយក្នុងចិត្តតែងតែបន់ផ្សងឱ្យម្ចាស់ទឹកម្ចាស់ដី ជួយនាំរ៉ែត្បូងដ៏មានតម្លៃចូលមកក្នុងកញ្ច្រែងរបស់ខ្លួន នោះពួកគាត់នឹងសែនព្រេនថ្វាយ ហើយជប់លៀង៣យប់៣ថ្ងៃ លាបំណន់ដែលបានបន់ដល់លោកយាយយ៉ាតផងដែរ។
ម្យ៉ាងវិញទៀត បើគេធ្វើដំណើរនៅតាមរបមាត់ស្ទឹងបយ៉ាខា គឺសង្កេតឃើញប្រជាពលរដ្ឋបាននាំគ្នាចុះរែងរករ៉ែត្បូងបណ្តាក់ដូចខ្យង គឺមិនដាច់គ្នាប៉ុន្មាននោះទេ ខណៈដែលកុងសែក៏តែងតែចុះទៅសួររកទិញត្បូង ដើម្បីយកទៅកែច្នៃជាបន្តោងខ្សែដៃ និងខ្សែក. លក់ឱ្យអតិថិជន ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ ។ លើសពីនេះ ត្បូងប៉ៃលិន ជាត្បូងដែលមានតម្លៃខ្ពស់ ហើយមានគុណភាពល្អ នរណាៗ ក៏ចង់បានត្បូងប៉ៃលិនយកទៅប្រើប្រាស់សម្រាប់ជាគ្រឿងសំអាង ពាក់លំអខ្លួនប្រាណ៕






























ចែករំលែកព័តមាននេះ