ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ម្នាក់ត្រូវបានកម្លាំងនគរបាលឃុំរលាំងគ្រល នៃស្រុកសំរោងទងធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយពីធ្វើសកម្មភាពយកដុំថ្មគប់លើរថយន្តបណ្ដាលឲ្យបែកកញ្ចក់និងទាញដំបងដេញវាយម្ចាស់រថយន្តជាស្ត្រីហើយក៏ជាស្មៀនឃុំសែនដីនៃស្រុកសំរោងទងផងដែរ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យដៃដល់យកដុំថ្មគប់បែកកញ្ចក់រថយន្ត និងយកដំបងដេញវាយម្ចាស់រថយន្តដែលគេស្គាល់ថាជាស្មៀនឃុំថែមទៀតផងនោះបានធ្វើឡើងកាលពីវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យដៃដល់ខាងលើ នៅវេលាម៉ោង៧ និង០៥នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ ណុប ដារ៉ា ភេទស្រី អអាយុ៣៤ឆ្នាំ មុខរបរស្មៀនឃុំសែនដីរស់នៅក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាកាមរីTOYOTA CAMRY(បាឡែន) ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 1AW-0483 ចេញពីផ្ទះ តាមបណ្ដោយផ្លូវក្រាលកៅស៊ូលេខ ១៤១ ទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ខាងត្បូងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺចម្ងាយប្រមាណ ២០០ម៉ែត្រក៏មានឈ្មោះ ឆន ចាន់ឡី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល បានយកដុំថ្មគប់រថយន្តរបស់ខ្លួនបណ្ដាលឱ្យបែកកញ្ចក់មុខ និង បានកាន់ដំបងដេញវាយ ម្ចាស់រថយន្តថែមទៀតផង។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថាក្រោយទទួលបានព័ត៌មានរួចមកកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយនគរបាលប៉ុស្ដិរដ្ឋបាលឃុំរលាំងគ្រើលបានចុះទៅឃាត់ឈ្មោះ ឆន ចាន់ឡី នៅកន្លែងកើតហេតុមកសាកសួរ។ ជនសង្ស័យដៃដល់បានឆ្លើយសារភាពថាខ្លួនពិតជាបានយកដុំថ្មគប់ និង កាន់ដំបងដេញវាយម្ចាស់រថយន្តខាងលើពិតប្រាកដមែន។ ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ខាងលើនគរបាលបានដកហូតវត្ថុតាង ថ្មចំនួន១ដុំ និង ដំបងឈើចំនួន១ផងដែរ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ទៀតថាក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់រួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕






ចែករំលែកព័តមាននេះ