សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដេកបើកកង្ហារចំមុខ ឬចំខ្លួនពេញមួយយប់ ទោះបីជាផ្ដល់ភាពត្រជាក់ស្រួលភ្លាមៗក្នុងអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ ប៉ុន្តែវាអាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដោយអ្នកមិនដឹងខ្លួន។
ខ្យល់ដែលបក់ប៉ះរាងកាយជាប់រហូត ធ្វើឱ្យបរិយាកាសជុំវិញស្ងួតខ្លាំង ជាហេតុនាំឱ្យអ្នកមានអាការៈតឹងច្រមុះ ស្ងួតក ឬឈឺក្បាលរ៉ាំរ៉ៃនៅពេលភ្ញាក់ពីគេង។ លើសពីនេះ ប្រសិនបើកង្ហារមានធូលីដីជាប់ វានឹងបក់ខ្ចាត់ខ្ចាយមេរោគ និងលម្អងធូលីពេញបន្ទប់ ដែលធ្វើឱ្យអ្នកមានជំងឺអាឡែស៊ីជួបបញ្ហាកណ្ដាស់ រមាស់ភ្នែក ឬតឹងទ្រូងកាន់តែខ្លាំង។
ក្រៅពីបញ្ហាផ្លូវដង្ហើម ការរងខ្យល់កង្ហារចំមុខ ឬស្បែកយូរពេក ក៏ធ្វើឱ្យបាត់បង់សំណើមយ៉ាងរហ័ស បង្កឱ្យស្បែកស្ងួត និងរមាស់ភ្នែក ជាពិសេសចំពោះអ្នកដែលប្រើប្រាស់កែវភ្នែក។ ទន្ទឹមនឹងនេះ ការប៉ះខ្យល់ត្រជាក់នៅចំណុចណាមួយនៃរាងកាយយូរពេក ក៏អាចធ្វើឱ្យសាច់ដុំឡើងតឹង ធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រឡះខ្លួន ឬរួយស្រពន់បន្ទាប់ពីភ្ញាក់ពីគេងផងដែរ។
ដើម្បីទទួលបានដំណេកលក់ស្កប់ស្កល់ និងមានសុវត្ថិភាព អ្នកគួរអនុវត្តតាមតិចនិកងាយៗមួយចំនួនដូចជា ការដាក់កង្ហារឱ្យនៅឆ្ងាយពីខ្លួនចម្ងាយពី ១ ទៅ ២ ម៉ែត្រ ដើម្បីបន្ថយកម្លាំងខ្យល់បក់ទង្គិចខ្លាំងមកលើរាងកាយផ្ទាល់។ ការបើកកង្ហារឱ្យវិលចុះឡើងជារឿងចាំបាច់ ដើម្បីឱ្យខ្យល់អាកាសក្នុងបន្ទប់មានលំហូរល្អ ជៀសវាងការបើកបង្គាប់ចំខ្លួនតែមួយកន្លែង។ ជាមួយគ្នានេះ អ្នកគួរយកចិត្តទុកដាក់សម្អាតកង្ហារយ៉ាងហោចណាស់ ១ ដងក្នុងមួយសប្ដាហ៍ ដើម្បីកាត់បន្ថយការសន្សំធូលីដី។
ចំពោះយប់ដែលអាកាសធាតុត្រជាក់ចុះខ្លាំងនៅពេលយប់ជ្រៅ ការប្រើមុខងារកំណត់ម៉ោងបិទនឹងជួយកុំឱ្យរាងកាយរងភាពត្រជាក់ពេញមួយយប់ហួសហេតុ។ អ្នកក៏អាចបង្កើនសំណើមក្នុងបន្ទប់ដោយការដាក់កែវទឹក ឬប្រើម៉ាស៊ីនបង្កើនសំណើម ដើម្បីការពារកុំឱ្យខ្យល់ក្នុងបន្ទប់ស្ងួតពេក។ ក្នុងករណីអាកាសធាតុក្ដៅខ្លាំងលើសពី ៣៥ អង្សាសេ ការបើកបង្អួចឱ្យមានខ្យល់ចេញចូល ឬការជូតខ្លួននឹងទឹក គឺជាជម្រើសបន្ថែមដ៏ល្អដើម្បីជួយឱ្យរាងកាយត្រជាក់ និងរក្សាសុខភាពឱ្យបានមាំមួនជានិច្ច៕
ចែករំលែកព័តមាននេះ