រាជធានីភ្នំពេញ ៖ សិស្សានុសិស្សនៃវិទ្យាល័យចំនួន១៦ និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាចម្រុះ បានបញ្ជូនតំណាងមកហាត់សម “ក្រឡាដង្ហែ” នៅទីតាំងមុខវត្តឧណ្ណាលោម។ នេះជាការហាត់សមលើការសម្តែងក្បាច់រាំយុវជនប្រចាំវិទ្យាល័យ និងការសាកល្បងលេងល្បែងប្រជាប្រិយខ្មែរចំនួន ១៦ ដែលប្រជាជនខ្មែរនិយមលេងនៅពេលបុណ្យចូលឆ្នាំ និងការជួបជុំគ្នាផ្សេងៗទៀតមានដូចជា ល្បែងស្ដេចចង់ ល្បែងចោលឈូង ល្បែងចាប់កូនខ្លែង ល្បែងលោតអន្ទាក់ ល្បែងលាក់កន្សែង ល្បែងបោះអង្គញ់ ល្បែងទាញព្រ័ត្រ ល្បែងរាវបង្កង ល្បែងស្វាដណ្ដើមស្លឹកឈើ ល្បែងជិះសេះបោះបាល់ ល្បែងក្រៅ ឬក្នុងល្បែងដេញចាប់ជាគូ ល្បែងលោតបាវ ល្បែងបិទពួន ល្បែងវាយក្អម និងល្បែងខាំប៉ិគក់ ដើម្បីត្រៀមលេងកម្សាន្តក្នុងឱកាសនគរសង្ក្រាន្តខាងមុខនេះ ។
ក្រុមការងារក្បួនដង្ហែសូមគោរពថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមការងារប្រតិបត្តិទាំងអស់ ដែលបានចូលរួមសម្របសម្រួលធ្វើឱ្យការហាត់សមនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ៕













ចែករំលែកព័តមាននេះ