រាជធានីភ្នំេពញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយអំពីត្រីក្រពត ដែលពុលនិងសម្លាប់មនុស្សអស់ជាច្រើននាក់ ព្រមទាំងបានចេញសេចក្តីប្រកាសឱ្យដឹងថា ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១១ នៅចំណុចព្រែកអញ្ចាញ ស្ថិតក្នុងភូមិអំពិល ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មានការពុលដែលបណ្តាលមកពីការបរិភោគត្រីក្រពត ក្នុងនោះមានយុវជនម្នាក់ស្លាប់ និង៤-៥នាក់ទៀតពុលយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងចំនួន៣ដងរួចមកហើយ ដែលតាមការកំណត់សម្គាល់នោះ កើតឡើងក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបម្តងកាលពីឆ្នាំ២០០១ នៅស្រុកស្អាងខេត្តកណ្តាល ដែលបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋអស់៨នាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៨១នាក់។ បន្ទាប់មកនៅខេត្តឧត្តរមានជ័យមានអ្នកស្លាប់ចំនួន២នាក់ និងសម្រាកនៅមន្ទីរពេទ្យចំនួន១៧នាក់។ កាលពីប៉ុន្មានខែមុននេះ ប៉ូលិសប៉ុស្តិ៍ម្នាក់នៅក្រុងកំពង់ឆ្នាំងក៏ស្លាប់ដែរ ដោយសារពុលត្រីក្រពត ពេលយកមកអាំងហូបបាយកកពេលព្រឹក។
តាមការស្រាវជ្រាវរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរកឃើញថា នៅប្រទេសកម្ពុជាមានត្រីក្រពតចំនួន១០ប្រភេទ ក្នុងនោះ៣ប្រភេទមានជាតិពុល។ ជាតិពុលនោះមានឈ្មោះថា Tetrod-otoxins ដែលជាប្រភេទជាតិពុលម្យ៉ាងតាមប្រព័ន្ធសរសៃប្រសាទ។ត្រីក្រពតទាំង៣ប្រភេទនោះគឺ Tetraodon cochinchinensis, Monotrete leiurus និង Teraodon fluviatilis ដូចមានរូបភាពភ្ជាប់មកជាមួយ។ ជាតិពុលនៅក្នុងត្រីក្រពតប្រែប្រួលទៅតាមរដូវកាល។ ជាតិពុលខ្ពស់បំផុតគឺនៅរដូវពងកូនរបស់វា។ ជាធម្មតាស្ថិតនៅខែកុម្ភៈ និងមីនា ពីចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រីក៏មានកម្រិតខុសគ្នាដែរ ពង និងស្ពែមមានជាតិពុលខ្ពស់ជាងគេ បន្ទាប់គឺថ្លើម ពោះវៀន ស្បែក និងសាច់។
ចំពោះអ្នកដែលបានបរិភោគត្រីក្រពតទាំង ៣ប្រភេទខាងលើនេះ អាចបណ្តាលឱ្យឈឺក្បាលវិលមុខល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុងដៃជើង រាគរូស ក្អូតចង្អោរ ឬអាចបណ្តាលឱ្យស្លាប់តែម្តង។
សេចក្តីប្រកាសក៏បានទូន្មានថា ដើម្បីជាវិធានការទប់ស្កាត់ សូមប្រជាពលរដ្ឋពិនិត្យប្រភេទត្រីក្រពត ដែលបរិភោគឱ្យបានច្បាស់លាស់ ហើយបើមានអាការដូចពោលខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ដោយកុំធ្វេសប្រហែសឡើយ៕
ចែករំលែកព័តមាននេះ