រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសារាចរ ស្តីពី វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ។
ស្ថានការណ៍ នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈឹមបូព៌ា បានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងព្រះរាជាណាចក្រកម្ពុជា មានការកើនយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមលើការផលិតអគ្គិសនី ក៏អាចនឹងមានការកើនមួយចំនួន នាពេលខាងមុខ ដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។ ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះ ត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាព នៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន ។
ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខ នៃការកើនថ្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី ខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃ លើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី របស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចតទៅ ៖
១. វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃ ចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្ដីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកា ជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និង បេសកកម្មក្នុងប្រទេស និងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាព នៃការផ្តល់សេវាសាធារណៈ ដែលមានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះ ។
- ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការខិតខំ សន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការសម្រួល ចរាចរណ៍ឱ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឱ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។
- ក្នុងកាលៈទេសៈ ដែលកំពុងប្រឈមនឹងវិបត្តិថាមពល គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យ កាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈ រូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ ។
២. វិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី
ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្ដីណែនាំលម្អិតដោយឡែកមួយ ស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនី តាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ, ក្រសួងរ៉ែ និងថាមពល ត្រូវសហការ ជាមួយនឹងក្រសួងព័ត៌មាន ដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនី នូវវិធីសន្សំសំចៃ ការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានាឱ្យបានទូលំទូលាយ ។
- ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនី ក្នុងអគាររដ្ឋបាល និងក្នុងដំណើរការ ការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ស្របតាមសេចក្ដីណែនាំរបស់ក្រសួងរ៉ែ និងថាមពល។
- រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្ដិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា ។
- ក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី តាមលទ្ធភាព ដែលអាចធ្វើទៅបាន ។
ទទួលបានសារាចរនេះ ក្រសួង ស្ថាប័នទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើន កិច្ចសហការចាត់ចែងអនុវត្តតាមស្មារតី និងខ្លឹមសារដូចមានខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតី ទទួលខុសត្រូវខ្ពស់ ៕




ចែករំលែកព័តមាននេះ