រាជធានីភ្នំពេញ ៖ ពេទ្យដែលមានជំនាញត្រចៀក ច្រមុះ និងបំពង់ក ត្រូវបានក្រសួងសុខាភិបាល អះអាងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ពួកគេបានជួបគ្នាកាលពីថ្ងៃសុក្រមុន ដើម្បីជជែក និងបញ្ជ្រាបបញ្ហាទាក់ទងនឹងក្រមសីលធម៌ និងក្បួនវេជ្ជសាស្ត្រវិទ្យាសាស្ត្រ ។
ការជួបគ្នានេះ គឺនៅក្នុងឱកាសបើក ទិវាវេជ្ជសាស្ត្រសមាគម ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក លើកទី១៦ ដើម្បីលើកស្ទួយវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ លើប្រព័ន្ធសុខាភិបាល និងធានាគុណភាពសេវាសុខាភិបាលកម្ពុជា ។
លោក ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួង តែងតែគាំទ្រការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ផ្នែកសុខាភិបាល និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានសេវាសុខាភិបាល ដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងប្រទេស ដោយកាត់បន្ថយការធ្វើដំណើរទៅព្យាបាលក្រៅប្រទេស ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានព្រមានយ៉ាងតឹងរឹងចំពោះការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រដោយគ្មានអាជ្ញាប័ណ្ណ ដែលមិនត្រឹមតែបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យ ដល់សុខភាពប្រជាជនផងដែរ។ ក្នុងន័យនេះ ក្រសួងសូមអំពាវនាវឱ្យសមាគមវិជ្ជាជីវៈ និងវេជ្ជបណ្ឌិតទាំងអស់ រួមចំណែកពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងផ្សព្វផ្សាយចំណេះដឹង ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ៕





ចែករំលែកព័តមាននេះ