ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងបដិសេធព័ត៌មានដែលផ្សាយថា «រុស្ស៊ីបានបោះដៃទៅអាមេរិកដើម្បីដាក់លក្ខខណ្ឌថាអាមេរិកគួរឈប់ជួយអ៊ុយក្រែន។ ជាថ្នូរត្រឡប់មកវិញ រុស្ស៊ីក៏ឈប់ផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់ដែរ»។ គេកត់សម្គាល់ថាខុសពីសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ អ៊ីរ៉ង់ឥឡូវនេះវាយប្រហារទីតាំងណាមួយមានលក្ខណៈច្បាស់ៗចំគោលដៅល្អ។ សូម្បីតែយន្តហោះអែហ្វ៣៥ (F-35) របស់អាមេរិកដែលល្បីថារ៉ាដាចាប់រូបភាពមិនបាននោះក៏ប៊ិះតែនឹងត្រូវអ៊ីរ៉ង់បាញ់ធ្លាក់ទៅទៀត។

ហេតុនេះនាំឱ្យសាធារណៈមតិសន្និដ្ឋានថាប្រហែលជាមានទីប្រឹក្សាយោធារបស់រុស្ស៊ីចាំជួយជ្រោមជ្រែងអ៊ីរ៉ង់ពីក្រោយខ្នង ព្រមទាំងចែករំលែកព័ត៌មានសម្ងាត់ថែមទៀតផង។ ដើម្បីបន្សាបព័ត៌មាននេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងប្រាប់អ្នកសារព័ត៌មានថាអ្វីដែលបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដីប៉ូលីទីកូ (Politico) មិនមែនជាការពិតទេ។ លោកថ្លែងបន្តទៀតថាការចុះផ្សាយនោះយើងបានអានរួចហើយ។ វាស្ថិតនៅក្នុងប្រភេទអត្ថបទគ្មានការពិត ឬក៏ថាជាព័ត៌មានភូតភរ។

តាមពិត ការចុះផ្សាយរបស់ប៉ូលីទីកូមិនមែនឥតហេតុផលនោះទេ។ គេឃើញថាមួយរយៈចុងក្រោយនេះ លោកត្រាំហាក់ដូចជាបន្ទន់ឥរិយាបថដាក់រុស្ស៊ីច្រើន។ ឧទាហរណ៍ លោកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដើម្បីអនុញ្ញាតឱ្យរុស្ស៊ីនាំប្រេងចេញក្រោមហេតុផលថាដើម្បីទប់ទល់នឹងប្រេងឡើងថ្លៃ។ ចំណាត់ការនេះធ្វើឱ្យពួកអឺរ៉ុបរិះគន់យ៉ាងខ្លាំង។ ជាការវាយបកវិញ អឺរ៉ុបមិនព្រមធ្វើតាមការអំពាវនាវរបស់ត្រាំដែលចង់ឱ្យពួកគេបញ្ជូននាវាចម្បាំងទៅច្រកហ័រម៉ូសដើម្បីការពារសន្តិសុខនៅទីនោះ។

សូមរំលឹកថាកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ូលីទីកូផ្សាយថាបេសកជនពិសេសរបស់លោកពូទីនគឺលោកគីរីល ឌីមីទ្រីវ (Kirill Dmitriev) បានលើកឡើងនូវសំណើសុំឱ្យរដ្ឋាភិបាលរបស់លោកត្រាំឈប់ផ្ដល់ជំនួយ និងឈប់ផ្ដល់ព័ត៌មានសម្ងាត់អំពីរុស្ស៊ីទៅឱ្យអ៊ុយក្រែន។ បើអាមេរិកយល់ព្រមធ្វើដូច្នេះ រុស្ស៊ីយល់ព្រមឈប់ផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់ពាក់ព័ន្ធនឹងមូលដ្ឋានយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា។ ការស្នើសុំនោះធ្វើឡើងនៅអំឡុងពេលជួបគ្នារវាងបេសកជនរុស្ស៊ីរូបនេះជាមួយបេសកជនរបស់លោកត្រាំគឺលោកស្ទីវវីតខូស និងកូនប្រសាលោកត្រាំ។ កាលនោះ លោកទាំងបីជួបគ្នានៅទីក្រុងម៉ាយអាមី (Miami) ប្រទេសអាមេរិក។

ប្រភព២នាក់ដែលដឹងរឿងនេះច្បាស់បានបង្ហើបប្រាប់ប៉ូលីទីកូថាខាងភាគីអាមេរិកប្រកែកដាច់ខាតមិនទទួលយកសំណើរបស់រុស្ស៊ីទេ។ ក្រោយការចុះផ្សាយនេះ លោកឌីមីទ្រីវបានបង្ហោះសារនៅលើបណ្ដាញអ៊ិចចាត់ទុកថានេះជាព័ត៌មានមិនពិត។ ទោះជាមានការប្រកែកបែបនេះក្ដី ពួកអឺរ៉ុបនៅតែមិនអស់កង្វល់ដដែល។ ពួកគេកំពុងតែបារម្ភថាទីក្រុងម៉ូស្គូឆ្លៀតឱកាសកេងចំណេញពីកាលៈទេសៈដែលអាមេរិកកំពុងតែជាប់ដៃធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ាដើម្បីទទួលបានការដោះដូរ ឬការអនុគ្រោះអ្វីម៉្យាង។ បើដូច្នេះមែន ពួកគេបារម្ភថាវាអាចនឹងធ្វើឱ្យចុះខ្សោយដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសង្គ្រាមអ៊ុយក្រែន៕ ប្រភព៖ អេភី (AP), ប៉ូលីទីកូ (Politico) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ