ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ស្រី​គីម​ជុង​អ៊ុន​រិះ​គន់​មេ​ដឹក​នាំ​ជប៉ុន​ដែល​ចង់​ជួប​គ្នា​កម្រិត​កំពូល​ជា​មួយ​បង​ប្រុស​លោក​ស្រី

1 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ថ្មីៗ​នេះ ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុន​គឺ​លោក​ស្រី​គីម​យូ​ជុង (Kim Yo Jong) និយាយរិះ​គន់​​​រដ្ឋាភិបាល​ជប៉ុន​​​ពី​បទ​ស្វះ​ស្វែង​រក​ការ​សន្ទនា​គ្នា​កម្រិត​កំពូល​ជា​មួយ​របប​ក្រុង​ព្យុង​យ៉ាង​។ លោក​ស្រី​បញ្ជាក់ជំហរ​ជា​ថ្មី​ថា​​មិន​ត្រូវ​ការ​​ប្រា​ស្រ័យ​ទាក់​ទង​ផ្នែក​ការ​ទូត​ជា​មួយ​​ជប៉ុន​ទេ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​​ដែល​ផ្សព្វ​ផ្សាយ​តាម​ទូរ​ទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង ខេ​ស៊ី​អឹន​អេ…

ទី​ក្រុង​ព្យុង​យ៉ាង៖ ថ្មីៗ​នេះ ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុន​គឺ​លោក​ស្រី​គីម​យូ​ជុង (Kim Yo Jong) និយាយរិះ​គន់​​​រដ្ឋាភិបាល​ជប៉ុន​​​ពី​បទ​ស្វះ​ស្វែង​រក​ការ​សន្ទនា​គ្នា​កម្រិត​កំពូល​ជា​មួយ​របប​ក្រុង​ព្យុង​យ៉ាង​។ លោក​ស្រី​បញ្ជាក់ជំហរ​ជា​ថ្មី​ថា​​មិន​ត្រូវ​ការ​​ប្រា​ស្រ័យ​ទាក់​ទង​ផ្នែក​ការ​ទូត​ជា​មួយ​​ជប៉ុន​ទេ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​​ដែល​ផ្សព្វ​ផ្សាយ​តាម​ទូរ​ទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង ខេ​ស៊ី​អឹន​អេ (KCNA) លោក​ស្រី​គីម​យូ​ជុង​បាន​និយាយ​រិះ​គន់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រី​តាកា​អ៊ីឈិ (Takaichi) ដែល​បាន​ជួប​លោក​ត្រាំ​កាល​ពី​សប្ដាហ៍​មុន​ និង​បាន​​រំលេច​ឱ្យ​ឃើញ​អំពី​បំណង​ចង់​រៀប​ចំ​ជំនួប​កំពូល​​រវាង​កូរ៉េ​ខាង​ជើង​ និង​ជប៉ុន​។

លោក​ស្រី​គីម​យូ​ជុង​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា​មិន​មែន​​ជប៉ុន​ចង់​ឱ្យ​អ្វី​មួយ​កើត​ឡើង​ វា​​នឹង​កើត​ឡើង​នោះ​ទេ​។ បើ​សិន​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​ចង់​ដោះ​ស្រាយ​របៀប​វារៈ​ផ្ទាល់​​ខ្លួន​​ (ដែល​មិន​មែន​ជា​រឿង​របស់​យើង​ទេ) ​ថ្នាក់​ដឹក​នាំ​របស់​យើង​គ្មាន​ចិត្ត​ចង់​ជួប​គ្នា​ឡើយ​​ ហើយ​យើង​​ក៏​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ជួបទល់​មុខ​​គ្នា​ដោយ​ផ្ទាល់​​នោះ​ដែរ​​។ ការ​លើក​ឡើង​របស់​លោក​ស្រី​គីម​យូ​ជុង​ដូច​ខាង​លើ​នេះ​ចង់​សំដៅ​ទៅ​លើ​ពាក្យ​សម្ដី​របស់​លោក​ស្រី​តាកា​អ៊ីឈិ​នៅ​ពេល​ជួប​លោក​ត្រាំ​។

លោក​ស្រី​តាកា​អ៊ីឈិ​​អះ​អាង​ថា​លោក​ស្រី​ចង់​ជួប​គ្នា​​ផ្ទាល់​ជា​មួយ​លោក​គីម​ជុង​អ៊ុន​យ៉ាង​ខ្លាំង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចាក់​ស្រែះ​ជា​មួយ​កូរ៉េ​ខាង​ជើង​ជា​យូរ​មក​ហើយ​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​នាក់​ដែល​ត្រូវ​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​យក​ទៅ​លាក់​ទុក​ជាយូរ​មក​ហើយ​។ ក្នុ​ងនោះ​ មាន​តាំង​ពី​ជន​ជាតិ​ជប៉ុន​ដែល​កូរ៉េ​ខាង​ជើង​ចាប់​យក​ទៅ​ឱ្យ​ដឹក​នាំ​ខ្សែ​ភាព​យន្ត​ និង​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​កូរ៉េ​ខាង​ជើង​ចាប់​យក​ទៅ​ឱ្យ​ធ្វើ​ស៊ូស៊ី (Sushi) ឱ្យ​ឪ​ពុក​លោក​គីម​ជុង​អ៊ុន​បរិភោគ​ជា​ដើម​។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង និង​ជប៉ុន​ធ្លាប់​ជួប​គ្នា​កម្រិត​កំពូល​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០០៤​។ ​ទោះ​បី​ជប៉ុន​ខិត​ខំ​បោះ​ដៃ​យ៉ាង​ណា​ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​តែង​តែ​បដិ​សេធ​ជា​និច្ច។ កាល​ពី​ឆ្នាំ​២០២៤ លោក​ស្រី​គីម​យូ​ជុង​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ឱ្យ​មាន​ការ​រៀប​ចំ​កិច្ច​ពិភាក្សា​គ្នា​អ្វី​ទាំង​អស់​ពាក់​ព័ន្ធ​​នឹងករណី​​ចាប់​ពង្រត់​ជន​ជាតិ​ជប៉ុន​ទាំង​នោះ​។ លោក​ស្រី​អះ​អាង​ថា​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​អស់​ហើយ​។ នៅ​ថ្ងៃ​នេះ លោក​ស្រី​បញ្ជាក់​ជំហរ​ដូច​មុន​ដដែល​គឺ​ថា​មិន​ត្រូវ​ការ​សន្ទនា​គ្នា​ជា​មួយ​ជប៉ុន​​ជា​ដាច់​ខាត ហើយ​បើ​ចង់​ចាប់​ផ្ដើម​ការ​​សន្ទនា​គ្នា​​ផ្នែក​ការ​ទូត​លុះ​ត្រា​តែ​ធ្វើ​តាម​លក្ខ​ខណ្ឌ​របស់​កូរ៉េ​ខាង​ជើង​។

លោក​ស្រី​សរ​សេរ​រៀប​រាប់​ថា​បើ​ចង់​ឱ្យ​មាន​ការ​ជួប​គ្នា​កម្រិត​កំពូល​រវាង​មេ​ដឹក​នាំ​ប្រទេស​ទាំង​២ ជប៉ុន​ត្រូវ​តែ​ឈប់​រំលឹក​រឿង​ដែល​កើត​ឡើង​ជា​យូរ​មក​ហើយ​​។ លោក​ស្រី​ចង់​សំដៅ​លើ​អ្វី​ដែល​ជប៉ុន​បន្ត​និយាយ​ដដែល​ៗ​អំពី​ការ​​ចាប់​ពង្រត់​ជន​ជាតិ​របស់​ខ្លួន​ និង​ការ​​ទាម​ទារ​ឱ្យ​​កូរ៉េ​ខាង​ជើង​ប្រគល់​អ្នក​ទាំង​នោះ​​ត្រឡប់​មក​វិញ​។ ​លោក​ស្រី​សរ​សេរ​បន្ត​ទៀត​ថា​ជប៉ុន​ហាក់​ដូច​ជា​ដើរ​ផ្ទុយ​ពី​ទិស​ដៅ​ដែល​ត្រូវ​ដើរ​។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​កូរ៉េ​ខាង​ជើង​យល់​ថា​គ្មាន​ហេតុ​ផល​អ្វី​ដែល​ខ្លួន​ត្រូវ​ចូល​រួម​សន្ទនា​គ្នា​ជា​មួយ​ប្រទេស​ដែល​នៅ​តែ​ប្រកាន់​យក​គំនិត​បុរាណ និង​គ្មាន​ភាព​ប្រាកដ​និយម​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ