ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ​គ្មាន​ល្បែង​បាញ់​ទឹក និង​ប៉ាត​ម្សៅ​ដូច​ឆ្នាំ​មុន​ៗ​​ឡើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​គូសបញ្ជាក់​ថា ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ​គ្មាន​ល្បែង​បាញ់​ទឹក និង​ប៉ាត​ម្សៅ ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ​ ។ ថ្លែង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ នា​ព្រឹក​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​គូសបញ្ជាក់​ថា ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ​គ្មាន​ល្បែង​បាញ់​ទឹក និង​ប៉ាត​ម្សៅ ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ​ ។

ថ្លែង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​បានអះអាងថា ​ទោះជា​យ៉ាង​ណា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ​គ្មាន​ល្បែង​​បាញ់​ទឹក និង​ប៉ាត​ម្សៅដូច​ឆ្នាំ​មុន​ៗ​ឡើយ ពោល​ គឺ​កម្មវិធី​ត្រូវ​ប្រារព្ធ​ធ្វើ​ក្នុង​អត្ថន័យ​លើកកម្ពស់​តម្លៃ​វប្បធម៌ ប្រពៃណី​ជាតិ តាម​រយៈ​ល្បែង​របាំ​ប្រជាប្រិយ និង​ពិធី​សាសនា ផ្សារ​ភ្ជាប់​ជាមួយ​ការ​រំលឹក​​គុណ​វីរ​យុទ្ធ​ជួរ​មុខ និង​ការ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​តាម​មណ្ឌល​សុវត្ថិ​ភាព​នានា​ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ចំណែក​ថវិកា​ដែល​ទទួល​បាន​នឹង​ត្រូវ​ចែក​ជូន​ដល់​វីរ​កងទ័ព និង​ប្រជាពលរដ្ឋ​ភៀស​សឹក​ ។ ដូច្នេះ កម្មវិធី «​នគរ​សង្ក្រាន្ត​» ឆ្នាំ​នេះ​ មិន​ត្រឹមតែ​បង្ហាញ​ពី​តម្លៃ​វប្បធម៌ និង​ប្រពៃណី​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងកម្លាំង​ជួរ​មុខ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ ក៏​ដូច​ជា​ការ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ការ​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​តាម​ជាយ​ដែន​ ។

ឯកឧត្តម​បញ្ជាក់​ថា​៖ «និយាយ​ជា​រួម កម្មវិធី «​នគរ​សង្ក្រាន្ត​» គឺជា​ឱកាស​បង្ហាញ​ពី​កម្លាំង​មហា​សាមគ្គី​​ជាតិខ្មែរ​ដ៏​រឹង​មាំ ក្រោម​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ក្រោម​ស្មារតី​នៃ​ការ «​ការពារ​បូរណភាព​ទឹកដី ​និង​ប្រជាពលរដ្ឋ​» គឺជា​អាទិភាព​ខ្ពស់​បំផុត​​របស់​រាជរដ្ឋាភិបាល ដោយ​រក្សា​បាន​នូវ​ជំហរ​ឥត​ងាករេ​របស់​ខ្លួន គឺ​ដំណើរ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​» ​។

ក្នុង​ន័យ​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ សូម​បញ្ជាក់​ជា​ថ្មី​ថា ក្នុង​ស្មារតី​ស្រឡាញ់​សន្តិភាព​ និង​គោរព​ច្បាប់​អន្តរជាតិ កម្ពុជា​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​គ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​ដែល​បាន​ព្រមព្រៀង​គ្នា​។

អ្នកនាំពាក្យ​បាន​អះអាង​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិ​សញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ