ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង ១,៥០០ នាក់ ចេញពីប្រទេសក្នុងរយៈពេលត្រឹមតែ៤ ថ្ងៃ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ត្រឹម​រយៈពេល ៤​ថ្ងៃ កម្ពុជា​បាន​បណ្តេញ​ជនបរទេស១,៥៥៦​នាក់ ខុសច្បាប់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ស្រុក​កំណើត​វិញ ។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ ត្រឹម​រយៈពេល ៤​ថ្ងៃ កម្ពុជា​បាន​បណ្តេញ​ជនបរទេស១,៥៥៦​នាក់ ខុសច្បាប់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ស្រុក​កំណើត​វិញ ។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ។

យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​១៩ ខែមីនា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បន្ត​ធ្វើកា​បណ្ដេញចេញ​ជនបរទេស​សរុប​ចំនួន​១,៥៥៦​នាក់ ស្រី​២៧៨​នាក់ មាន​២១​សញ្ជាតិ រួម​មាន ៖ កេ​ន​យ៉ា ប៉ូ​តង់ ប៉ា​គី​ស្ថាន កូរ៉េ ឥណ្ឌា ចិន វៀតណាម បង់​ក្លា​ដេ​ស យ៉ូ​ហ្គ​ង់​ដា ឥណ្ឌូ​នេ​ស៊ី ជប៉ុន កា​មេ​រូ​ន ហ្វី​លី​ពី​ន មី​យ៉ា​ន់​ម៉ា នី​ហ្សេ​រី​យ៉ា តុង​ហ្គោ ចិនតៃវ៉ាន់ ទួ​ក​មេ​នី​ស្ថាន នេ​ប៉ា​ល់ ស្រី​លង្កា និង​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន ៧៧៦​នាក់ (​ស្រី ១៨៣​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ត្រូវ​បាន​បណ្ដេញចេញ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​(​ខេត្តស្វាយរៀង​) និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ (​ខេត្តក្រចេះ​)​។

និង​ជនបរទេស​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ ( QR Code ក្លែងក្លាយ​) ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ