ទីក្រុងប្រ៊ុចសែល៖ ថ្នាក់ដឹកនាំរដ្ឋជាសមាជិកសហភាពអឺរ៉ុបកំពុងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិច ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗមួយចំនួន។ របៀបវារៈដែលសំខាន់បំផុតគ្របដណ្ដប់លើកិច្ចប្រជុំលើកនេះគឺគម្រោងផ្ដល់ជំនួយ៩០ពាន់លានអឺរ៉ូទៅឱ្យអ៊ុយក្រែនដែលត្រូវហុងគ្រីជំទាស់, បញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបន្តឆាបឆេះយ៉ាងក្ដៅគគុក និងបញ្ហាថាមពល (ប្រេង និងឧស្ម័ន។ល។) ឡើងថ្លៃជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះសេដ្ឋកិច្ច។

នៅក្នុងចំណោមបញ្ហាទាំងអម្បាលម៉ានដូចរៀបរាប់ខាងលើនេះ ករណីហុងគ្រីបោះឆ្នោតជំទាស់នឹងផែនការផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែនគឺជាបញ្ហាធំ។ នាយករដ្ឋមន្ត្រីហុងគ្រី លោកវីកទ័រ អ័របាន (Viktor Orbán) អះអាងថាលោកសម្រេចចិត្តបិទខ្ទប់ការអនុម័តកញ្ចប់ជំនួយនេះព្រោះអ៊ុយក្រែនបង្កបញ្ហាសម្រាប់ហុងគ្រីដែរ។ លោកអះអាងថាអ៊ុយក្រែនបន្ទច់បង្អាក់ការបង្ហូរប្រេងពីរុស្ស៊ីទៅហុងគ្រីតាមបំពង់ដ្រាស់បា (Druzhba)។

លោកអ័របានថ្លែងថាយើងត្រៀមខ្លួនគាំទ្រអ៊ុយក្រែននៅពេលយើងទទួលបានប្រេង។ ពួកគេបិទខ្ទប់ប្រេង។ លោកថាបើហុងគ្រីមិនទទួលបានប្រេងទេ លោកនឹងមិនចូលរួមអនុម័តកញ្ចប់ថវិកាឱ្យអ៊ុយក្រែនជាដាច់ខាត។ ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រីខាចា ខាឡាស់ (Kaja Kallas) និយាយរិះគន់លោកអ័របានរបៀបបញ្ឆិតបញ្ឆៀង ទំនងជាលោកស្រីដឹងថានៅរដូវកាលឃោសនាបោះឆ្នោត មេដឹកនាំហុងគ្រីរូបនេះកំពុងតែស្វះស្វែងរកសន្លឹកឆ្នោត។ លោកស្រីថ្លែងថាបើតាមខ្ញុំស្មាន នៅពេលបោះឆ្នោត ប្រជាជនមិនគិតច្រើនដល់ថ្នាក់នេះទេ។

បញ្ហាក្ដៅមួយទៀតដែលត្រូវយកមកជជែកគ្នានៅក្នុងកិច្ចប្រជុំនោះគឺប្រតិបត្តិការវាយប្រហារពីសំណាក់យោធាអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និងផលប៉ះពាល់ទៅលើតំបន់មជ្ឈិមបូព៌ា និងទៅលើសេដ្ឋកិច្ចសាកលលោក។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង អំពាវនាវឱ្យភាគីជម្លោះទាំងសងខាងបញ្ឈប់ការវាយប្រហារទៅលើទីតាំងផលិត ឬស្តុកទុកថាមពល។ លោកចាត់ទុកថានេះជាទង្វើខ្ជីខ្ជា។ លោកថ្លែងថាសូមអ្នកទាំងអស់គ្នារក្សាអារម្មណ៍ឱ្យបានស្ងប់ស្ងាត់ និងបញ្ឈប់ការវាយប្រយុទ្ធគ្នាត្រឹមតែពីរបីថ្ងៃសិនក៏បានដែរដើម្បីបើកឱកាសឱ្យមានការចរចាគ្នា៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ