សង្គ្រាមអ៉ីរ៉ង់ ៖ មកដល់ថ្ងៃទី២០ នៃសង្គ្រាមនៅអ៉ីរ៉ង់ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំគំរាមវាយប្រហារបណ្ដាចម្ការឧស្ម័នរបស់អ៉ីរ៉ង់ ក្រោយអ៉ីរ៉ង់វាយប្រហារទីតាំងឧស្ម័នដ៏ធំរបស់កាតាបណ្ដាលឲ្យមានភ្លើងឆាបឆេះ និងមានការខូចខាតធ្ងន់ធ្ងរមក។
នាព្រឹកព្រលឹមថ្ងៃទី១៩ មីនា អ៉ីរ៉ង់បានវាយប្រហារជាលើកទី២ ប្រឆាំងទីតាំងផលិតកម្មឧស្ម័នធម្មជាតិរាវដ៏ធំរបស់កាតានោះ ។ ការវាយប្រហារនេះ ជាការឆ្លើយតបចំពោះការវាយប្រហាររបស់អ៉ីស្រាអែលប្រឆាំងចម្ការឧស្ម័នដ៏ធំរបស់ខ្លួនSOUTH PARS ដែលហ៊ុនគ្នាជាមួយកាតា ជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំទី២នៃពិភពលោក ។ ការវាយប្រហាររបស់អ៉ីរ៉ង់លើកាតានាំឲ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ថែមទៀតនាថ្ងៃទី១៩ មីនា ។
តាមរ៉យទ័រថា រដ្ឋាភិបាលអាមេរិកគ្រោង ដាក់ពង្រាយទាហានច្រើនពាន់នាក់ថែមទៀតនៅមជ្ឈឹមបូព៌ា ។ ទាហានបន្ថែមទាំងនោះនឹងបញ្ជូនមក សម្រាប់ការពារសន្តិសុខការធ្វើនាវាចរណ៍របស់បណ្ដានាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូស ។ ប្រតិបត្តិការនោះ នឹងធានាជាពិសេសដោយកងទ័ពអាកាសនិងកងម៉ារីន ។ ការដាក់ពង្រាយកងទ័ពជើងគោកអាមេរិក នៅមិនទាន់គ្រោងនៅឡើយក្នុងពេកឆាប់ៗ ដោយមានលើកតែការបញ្ជូនកងទាហានជើងគោក មកការពារបណ្ដាទីតាំងស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់របស់អ៉ីរ៉ង់ប៉ុណ្ណោះ ដែលលោកត្រាំធ្លាប់លើកឡើង ។
ប្រទេសអារាំប៊ីសាអូឌីត ថ្លែងកាលពីថ្ងៃទី១៩ មីនា ថា នឹងផ្ដល់លទ្ធភាពតបតខាងយោធាចំពោះ
អ៉ីរ៉ង់ ដែលតែងវាយប្រហារប្រទេសខ្លួនជាប់រដឹក ជាមួយដ្រូននិងមីស៊ីល។ រដ្ឋមន្ត្រីការទេសអារ៉ាប់ប៊ីសាអូឌីតព្រះអង្គម្ចាស់ហ្វៃហ្សាល់បេនហ្វាហាន ថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា យើងរក្សាសិទ្ធិធ្វើសកម្មភាពយោធាប្រសិនបើចាំបាច់ ។ ទ្រង់បន្តទៀតថា អ៉ីរ៉ង់សាកល្បងធ្វើការគាបសង្កត់បណ្ដាប្រទេសជិតខាង ជាមួយការវាយប្រហាររបស់ខ្លួន។ អារ៉ាប៊ីសាអូឌីតនឹងមិនចុះញ៉មឡើយចំពោះការគាបសង្កត់ទាំងនេះ ផ្ទុយទៅវិញ នឹងងាកទៅប្រឆាំងអ្នកវាយប្រហារខ្លួនវិញ។
ការវាយប្រហាររបស់អ៉ីរ៉ង់ដោយមីស៊ីលបណ្ដាលឲ្យស្លាប់ជនប៉ាស្ទីន៣នាក់នៅតំបន់ស៊ីសហ្ស៊ក
ដានី ហើយពលករជនជាតិថៃម្នាក់ស្លាប់នៅភាគកណ្ដាលអ៉ីស្រាអែល។ ចំណែកក្រសួងការពារប្រទេសអេមីរ៉ាត់អារ៉ាប់រួមនិយាយថា កងការពារអាកាសបានធ្វើសកម្មភាព ប្រឆាំងការគំរាមកំហែង ដោយមីស៊ីល និងដ្រូនមកពីអ៉ីរ៉ង់ ។ អារ៉ាប៊ីសាអូឌីតនិយាយថា បានកម្ទេចដ្រូន១គ្រឿង ហោះសំដៅទីតាំងឧស្ម័នមួយកន្លែងនៅភាគខាងកើតប្រទេស។ ចំណែកការផ្ទុះខ្លាំង២លាន់ឮនៅក្រុងរីយ៉ាដ ៕ ប្រភព៖ yonhap
ចែករំលែកព័តមាននេះ