ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី១៩ មីនា រដ្ឋបាលស្រុកពារាំង សហការជាមួយមន្ទីរបរិស្ថានខេត្តព្រៃវែង បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវ ក្នុងគោលបំណងលើកកម្ពស់អនាម័យ សុខភាពសាធារណៈ និងសោភ័ណ្ឌភាពបរិស្ថានក្នុងតំបន់។
យុទ្ធនាការនេះ មានការចូលរួមយ៉ាងច្រើនមន្ត្រីរាជការ កម្លាំងពាក់ព័ន្ធ ប្រជាពលរដ្ឋ ជាពិសេស លោកគ្រូ អ្នកគ្រូ និងក្រុមកាយរឹទ្ធិនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការប្រមូលសំរាម សម្អាតតាមដងផ្លូវ ធ្វើឲ្យបរិស្ថានល្អ និងមានសោភ័ណភាពស្រស់ស្អាត។
អាជ្ញាធរស្រុកពារាំង បានលើកឡើងថា ការរួមចំណែករបស់ប្រជាពលរដ្ឋ គឺជាចំណុចសំខាន់បំផុតក្នុងការកសាងបរិស្ថានស្អាត ដូច្នេះទើបយើងត្រូវ បង្កើនការយល់ដឹងដល់ពួកគាត់អំពីផលប៉ះពាល់អវិជ្ជមាននៃសំរាម ជាពិសេសសំរាមប្លាស្ទិច ដែលអាចបង្កការបំពុល ដី ទឹក និងខ្យល់ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសុខភាពរបស់មនុស្សក្នុងរយៈពេលវែង។
ជាមួយគ្នានេះដែរ អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច និងប្តូរទៅប្រើប្រាស់សម្ភារៈជំនួស ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីរួមចំណែកកាត់បន្ថយបរិមាណសំរាម និងការបំពុលបរិស្ថាន ដោយចាប់ផ្ដើមពីសកម្មភាពតូចៗក្នុងជីវិតប្រចាំថ្ងៃ ហើយនាំឲ្យមានផលប្រយោជន៍ធំធេងសម្រាប់សហគមន៍ទាំងមូល។
លើសពីនេះ អាជ្ញាធរបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ អនុវត្តវិធានការអនាម័យដូចជា ការបោះចោលសំរាមតាមទីកន្លែងកំណត់ ការបំបែកសំរាមសើម និងស្ងួត ការរក្សាសណ្តាប់ធ្នាប់នៅជុំវិញផ្ទះ និងទីសាធារណៈ ព្រមទាំងការចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថានជាប្រចាំ។ ជាពិសេស គ្រួសារគ្រប់គ្នាគួរត្រូវធ្វើជាគំរូល្អ ដោយបង្រៀនកូនៗឲ្យស្គាល់ពីតម្លៃនៃបរិស្ថាន និងការរស់នៅមានអនាម័យតាំងពីវ័យក្មេង។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ការរួមដៃគ្នារបស់គ្រប់ភាគី រួមមានអាជ្ញាធរ សាលារៀន និងប្រជាពលរដ្ឋ នឹងជួយធ្វើឲ្យស្រុកពារាំងក្លាយជាតំបន់មានបរិស្ថានស្អាត មានអនាម័យល្អ និងមានសោភ័ណ្ឌភាពស្រស់ស្អាត ដែលជាផ្នែកមួយក្នុងការលើកកម្ពស់គុណភាពជីវិតរស់នៅ និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕







ចែករំលែកព័តមាននេះ