ទីក្រុងយេរូសាឡឹម៖ ថ្ងៃនេះ អ៊ីស្រាអែលប្រកាសថាយោធារបស់ខ្លួនទើបតែធ្វើឃាតបានសម្រេចនូវមន្ត្រីជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ម្នាក់ទៀត។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកអ៊ីស្រាអែល ខាត់ (Israel Katz) ថ្លែងថារដ្ឋមន្ត្រីផ្នែកស៊ើបការណ៍សម្ងាត់ លោកអេស្មាអ៊ីល ខាទីប (Esmail Khatib) ស្លាប់នៅក្នុងការវាយប្រហារកាលពីរាត្រីថ្ងៃអង្គារឆ្លងចូលព្រឹកថ្ងៃពុធ។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនទាន់បញ្ជាក់ថាលោកខាធីបពិតជាបានស្លាប់មែន ឬយ៉ាងណាទេ។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់អ៊ីស្រាអែលកាលពីម្សិលមិញប្រកាសថាខ្លួនបានធ្វើឃាតមន្ត្រីជាន់ខ្ពស់២រូបរបស់អ៊ីរ៉ង់ទទួលបន្ទុកផ្នែកសន្តិសុខ និងយោធា។ ដូច្នេះ បើការអះអាងលើកចុងក្រោយនេះគឺជាការពិត មានន័យថាមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បីនាក់បានស្លាប់ក្រោមស្នាដៃរបស់អ៊ីស្រាអែលត្រឹមតែរយៈពេលពីថ្ងៃប៉ុណ្ណោះ។ លោកខាត់ថ្លែងថាទៅថ្ងៃអនាគត យោធាអ៊ីស្រាអែលនឹងទទួលបានសិទ្ធិអំណាចដើម្បីកម្ចាត់មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីថ្នាក់លើទេ។

នៅសប្ដាហ៍នេះ អ៊ីស្រាអែលក៏បានដាក់គោលដៅកម្ចាត់លោកអាក្រាម អាល់ អាជូរី (Akram al-Ajouri) ដែលជាប្រធានក្រុមយោធារបស់ប៉ាឡេស្ទីន។ ឥឡូវនេះ អ៊ីស្រាអែលមានមហិច្ឆតាចង់ផ្ដាច់ផ្ដិលជីវិតរបស់មេដឹកនាំកំពូលថ្មី លោកម៉ុចតាបា ខាមេនី (Mojtaba Khamenei) ថែមទៀត។ ចាប់តាំងពីអាមេរិកបើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈរហូតមកដល់ពេលនេះ គេបាត់ដំណឹងមេដឹកនាំកំពូលថ្មីជារៀងរហូត ហើយមិនដឹងថាតើគាត់មានសុខទុក្ខយ៉ាងណានោះទេ។

អ៊ីរ៉ង់ប្ដេជ្ញាតាមសងសឹកឱ្យយុទ្ធមិត្តរបស់ខ្លួន
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Fars និង Tasnim របស់អ៊ីរ៉ង់ ពិធីបុណ្យគោរពវិញ្ញាណ ក្ខន្ធមន្ត្រីសន្តិសុខ និងយោធាដែលបានស្លាប់កាលពីម្សិលមិញនោះត្រូវរៀបចំនៅថ្ងៃនេះ។ ពោលគឺរៀបចំជុំគ្នាជាមួយអតីតទាហានជើងទឹកជាង៨០នាក់ដែលបានពលីជីវិតនៅក្នុងការវាយប្រហាររបស់អាមេរិកទៅលើនាវាចម្បាំងមួយគ្រឿងនៅដែនសមុទ្រប្រទេសសិរីលង្កា។ ដូច្នេះ បើសិនមន្ត្រីជាន់ខ្ពស់ទីបីរបស់ខ្លួនពិតជាស្លាប់មែន គេមិនដឹងថាតើអ៊ីរ៉ង់នៅតែបន្តរៀបចំពិធីបុណ្យសពទៀតឬយ៉ាងណា។

ទោះបីខ្លួនបានបាត់បង់អតីតមេដឹកនាំកំពូល លោកអាយ៉ាតូឡា អាលី ខាមេនី និងលោកឡារីចានី (Larijani) (លេខាធិការឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់) និងមន្ត្រីគ្រាក់ៗជាច្រើនទៀតយ៉ាងណាក្ដី ក៏ឆ្មាំបដិវត្តអ៊ីរ៉ង់មិនទាន់បង្ហាញសញ្ញាដកថយនៅឡើយទេ។ ពួកគេសច្ចាថាត្រូវតែសងសឹក។ ឆ្មាំបដិវត្តអ៊ីរ៉ង់ប្រកាសថាពួកគេទើបតែបាញ់មីស៊ីលស្រោចដូចគ្រាប់ភ្លៀងចូលទឹកដីអ៊ីស្រាអែលភាគកណ្ដាលដើម្បីទុកជាការសងសឹកឱ្យការស្លាប់របស់លោកឡារីចានី។ ពួកគេព្រមានថាប៉ុណ្ណឹងមិនទាន់ចប់នៅឡើយទេ អាចនឹងមានការវាយប្រហារជាបន្តបន្ទាប់ទៀត៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ