រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ ។
ដោយអនុវត្តន៍តាមបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតីវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សសរុប ចំនួន១៩នាក់ ជាជនជាតិចិន និងបានដកហូតសម្ភារៈរួមមាន ៖ ទូរសព្ទដៃ ចំនួន១៣ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង, ធុង CPU ចំនួន ០១គ្រឿង, កុំព្យូទ័រ All in One ចំនួន០៨គ្រឿង, ម៉ូនីទ័រចំនួន០២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
មន្ត្រីសមត្ថកិច្ចជំនាញ បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនខាងលើ បានក្លែងឯកសារជាសមត្ថកិច្ចប្រទេសចិន ដើម្បីប្រព្រឹត្តិឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ ។
បច្ចុប្បន្ន ជនជាតិទាំង១៩នាក់ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ