ទីក្រុងវ៉ាស៊ីនតោន៖ ត្រាំថាគាត់គ្មានព្រឺក្បាលប៉ុនសរសៃសក់បើត្រូវប្រើទ័ពជើងគោកវាយចូលអ៊ីរ៉ង់។ លោកថ្លែងដូច្នេះឆ្លើយតបទៅអ្នកសារព័ត៌មានដែលសួរថា «តើលោកយល់ដូចម្ដេចបើសិននៅក្នុងសង្គ្រាមអ៊ីរ៉ង់ អាមេរិកអាចមានជោគវាសនាដូចនៅក្នុងសង្គ្រាមវៀតណាម?» លោកត្រាំថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីអៀកឡង់ថាលោកគ្មានខ្លាចអ្វីទាំងអស់។ សម្រាប់ប្រទេសអ៊ីរ៉ង់បើអាមេរិកត្រូវប្រើទ័ពជើងគោកវាយតែមួយថ្ងៃពីរថ្ងៃគឺខ្ទេចដូចបង្អួល។

លោកអះអាងថាអ៊ីរ៉ង់ឥឡូវនេះគ្មាននៅសេសសល់កម្លាំងសម្រាប់តដៃជាមួយអាមេរិកទេ។ កងទ័ពជើងទឹកខ្ទេចតាំងពីពេលបើកប្រតិបត្តិការសឹកដំបូង, កងទ័ពជើងអាកាសក៏ខ្ទេច, ប្រព័ន្ធប្រឆាំងយន្តហោះក៏ខ្ទេច។ លោកចង់មានន័យថាអាមេរិកចង់បើកយន្តហោះលើដែនអាកាសអ៊ីរ៉ង់មួយសេរី។ កាលពីមុននោះ លោកត្រាំហាក់ដូចជាអាក់អន់ស្រពន់ចិត្តនឹងក្រុមប្រទេសសម្ព័ន្ធមិត្តដែលមិនព្រមសហការជាមួយអាមេរិក និងមិនព្រមបញ្ជូននាវាចម្បាំងទៅច្រកហ័រម៉ូស (Hormuz)។

លោកថាអាមេរិកគ្មានត្រូវការអ្នកណាមកជួយទេ។ លោករិះគន់ក្រុមសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូជាមួយគ្នាដែលសុខចិត្តឈរឱបដៃមើលអាមេរិកវាយអ៊ីរ៉ង់តែម្នាក់ឯង អត់ព្រមចូលជួយ។ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាពួកណាតូកំពុងបង្ហាញថាពួកគេមិនចង់រវីរវល់នឹងសង្គ្រាមនៅអ៊ីរ៉ង់ទេទោះបីពួកគេគាំទ្រជំហររបស់ទីក្រុងវ៉ាស៊ីនតោនថាអ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរក៏ដោយ។

លោកថាលោកខំការពារណាតូ ប៉ុន្តែណាតូមិនជួយយកអាសាអាមេរិកវិញសោះ។ ហេតុនេះហើយ លោកបង្ហោះសារនៅលើទ្រូសសូសលថា «យើងមិនត្រូវការឱ្យអ្នកណាជួយទេ»។ សូមជម្រាបថាដំណើរដើមទងដែលនាំឱ្យមានសំណួរពាក់ព័ន្ធនឹងសេណារីយោនៃការប្រើទ័ពជើងគោកនៅអ៊ីរ៉ង់នោះបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកសាអ៊ីត ខាទីបាហ្សាដេះ (Saeed Khatibzadeh) ព្រមានថាអាមេរិកបើហ៊ានប្រើទ័ពជើងគោកអាចនឹងមានជោគវាសនាដូចនៅក្នុងសង្គ្រាមវៀតណាមអីចឹង។

អ្នកការទូតអ៊ីរ៉ង់រូបនេះបានក្រើនរំលឹកថាលោកត្រាំគួរស្វែងយល់ព្រឹត្តិការណ៍ដែលកើតឡើងនៅវៀត ណាម។ លោកថ្លែងបន្តទៀតថាអ៊ីរ៉ង់ត្រៀមខ្លួនធ្វើសង្គ្រាមដោយឥតកំណត់ពេលវេលា ហើយក៏មិនត្រូវការដំណោះស្រាយការទូតដែរ។ លោកមិនបដិសេធទេការចរចាគ្នាដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែអ្វីៗស្រេចតែលើអាមេរិកជាអ្នកកំណត់ទៅចុះថាត្រូវជ្រើសរើសយកផ្លូវមួយណា។ អនុរដ្ឋមន្ត្រីអ៊ីរ៉ង់រូបនេះក៏ឆ្លៀតនិយាយត្បកទៅលោកណឺតាន់យ៉ាហ៊ូផងដែរ។ លោកថាមេដឹកនាំអ៊ីស្រាអែលរូបនេះនៅមិននៅអូសទាញអាមេរិកឱ្យចូលទៅក្នុងសង្គ្រាមនេះដែរ៕ ប្រភព៖ ស្កាយញូស៍ (Sky News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ