ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ, តំណាង IDP Education និង​ធុរកិច្ច​អូស្ត្រាលី បន្តពិភាក្សា ដើម្បី​ពង្រីក​កិច្ចសហការ​លើ​ការ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ (TVET) និង​បញ្ជ្រាប​ចំណេះដឹង ​ភាសា​អង់គ្លេស​នៅ​កម្ពុជា

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ឆ្នាំ​២០២៦ នា​ទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ឆ្នាំ​២០២៦ នា​ទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ប្រី​ជែ​ត ខូ​លៀរ (Bridget Collier) ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​លោកស្រី ធេ​ន​ណា​ល អូ​ហ្សេ​ន​ណេ​ស៊ី (Tennealle O’Shannessy) នាយិការ​ប្រតិបត្តិ​នៃ IDP Education និង​ជា​អ្នក​ធុរកិច្ច​ឆ្នើម ​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​មតិយោបល់​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អូស្ត្រាលី​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ (TVET) ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស និង​ការ​ជំរុញ​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​រឹង​មាំ​រវាង​កម្ពុជា និង​អូស្ត្រាលី ជា​ពិសេស​ក្នុង​វិស័យ​អប់រំ ការ​អភិវឌ្ឍ​ជំនាញ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ក៏​ដូច​ជា តួនាទី​របស់​ស្ថាប័ន​អូស្ត្រាលី ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អប់រំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំង​ទទួលស្គាល់​ ការ​ចូលរួម​របស់ IDP Education ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ​។ ឯកឧត្តម​ក៏​បាន​អបអរសាទរ​ផង​ដែរ​ចំពោះ​ភាព​ជោគជ័យ ​នៃ​ការ​រៀបចំ​ពិព័រណ៍​អប់រំ​សកល​របស់ IDP ឆ្នាំ​២០២៦​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​នូវ​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធសាស្ត្រ ដោយ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន IDP Cambodia ពិសេស​តាម​រយៈ​សាលា ACE ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ​ក្រសួង ដើម្បី​បញ្ជ្រាប​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ទៅ​ក្នុង​គ្រឹះស្ថាន TVET សាធារណៈ ​។ តាម​រយៈ​កិច្ចសហការ​នេះ សាលា ACE អាច​ប្រើប្រាស់​ទីតាំង​របស់​រដ្ឋ ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ប្រកបដោយ​គុណភាព ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ ដែល​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​ ដល់​យុវជន និង​សិស្សានុសិស្ស​ផ្នែក​បច្ចេកទេស​បន្ថែម​ទៀត​ផង​ដែរ ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន IDP ជួយ​សម្របសម្រួល និង​បើកផ្លូវ​បន្ថែម​ទៀត ក្នុង​ការ​បញ្ជូន​សិក្ខាកាម ឬ​បុគ្គលិក​ក្រុមហ៊ុន​កម្ពុជា ទៅ​សិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​រយៈពេល​ខ្លី​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​រួមចំណែក​ពង្រឹងសមត្ថភាព​កម្លាំង​ពលកម្ម​កម្ពុជា​ឱ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចែករំលែក​បន្ថែម​អំពី​ចក្ខុវិស័យ​របស់​ក្រសួង ក្នុង​ការ​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​នូវ «​ប្រព័ន្ធ​កម្មសិក្សា​ការងារ (Apprenticeship)» តាម​គំរូ​នៃ​ប្រព័ន្ធ TAFE របស់​ប្រទេស​អូស្ត្រាលី ដែល​ជា​ទម្រង់ “​រៀន​ផង ធ្វើការ​ផង​” ( Earn and Learn) ដោយ​ធានា​បាន​នូវ​ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​សិក្ខាកាម​យ៉ាង​ពេញលេញ ​។

ជា​ការ​ឆ្លើយ​តប លោកស្រី ធេ​ន​ណា​ល អូ​ហ្សេ​ន​ណេ​ស៊ី បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី និង​បាន​សន្យា​ថា​នឹង​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស​នៃ​សាលា ACE ជួប​ពិភាក្សា​លម្អិត​បន្ថែម​លើ​កិច្ច​ការងារ​នេះ ​។ លោកស្រី​បាន​កោតសរសើរ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​រីក​ចម្រើន​នៃ​វិស័យ TVET នៅ​កម្ពុជា ពិសេស​នវានុវត្តន៍​ឌី​ជី​ថ​ល ​នៅ អេស ខេ​ម​បូ​ឌា ដែល​ទើប​សម្ពោធ​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា​នេះ ដោយ​លោកស្រី​បាន​ចាត់​ទុក​ថា​ជា​គំរូ​ដ៏​ល្អ​មួយ ​សូ​ម្បី​តែ​សម្រាប់​ស្ថាប័ន​នៅ​ប្រទេស​អូស្ត្រាលី​ ។

ក្រៅពី​វិស័យ​អប់រំ ឯកឧត្តម ហេង សួរ បាន​លើកទឹកចិត្ត​ឱ្យ​លោកស្រី ​ក្នុង​នាម​ជា​តំណាង​ធុរកិច្ច​អូស្ត្រាលី ជួយ​ជំរុញ​ភាព​សកម្ម​របស់​សភាពាណិជ្ជកម្ម​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដើម្បី​ធ្វើ​ជា​ស្ពាន​ផ្សារ​ភ្ជាប់ និង​ទាក់ទាញ​វិនិយោគិន​អូស្ត្រាលី ព្រមទាំង​សហគមន៍​ខ្មែរ​-​អូស្ត្រាលី ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ ៕ អត្ថបទសហការ