ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ ណែនាំ១០​ចំណុច ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០២៦

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ជា​រៀង​រាល់​ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​គោលបំណង​សម្តែង​…

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ជា​រៀង​រាល់​ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​គោលបំណង​សម្តែង​ នូវ​អំណរ​សាទរ ស្វាគមន៍​ចំពោះ​ការ​ចូល​មក​ដល់​នៃ​ឆ្នាំ​ថ្មី និងសម្តែង​នូវ​ការ​គោរព​ដឹងគុណ ថ្វាយ ប្រគេន​ព្រះ​ពរ សម្តេចព្រះ​មហាសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ ថ្វាយព្រះពរ​ចំពោះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង់​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ថ្វាយ​ព្រះរាជ​កុសល​ជូន ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទសម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម រតន​កោដ្ឋ និង​ជូនពរ​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង​បុព្វការី​ជន​ទាំងឡាយ សំដៅ​បង្កើន​ឡើង ​នូវ​មនោសញ្ចេតនា​គោរព​ស្រលាញ់ សាមគ្គីភាព​ស្និទ្ធស្នាល និង​ទទួល​បាន​សព្ទសាធុការពរ​ពី​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម “​រា​ក្យ​សា​ទេវី​” ។

ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ គ​.​ស​.២០២៦ នឹង​ប្រព្រឹត្ត​ទៅ​តាម​ដំណើរ​សង្ក្រាន្ត​ដូច​តទៅ​៖

  • ថ្ងៃ​អង្គារ ១២​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:៤៨​នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី
  • ថ្ងៃ​ពុធ ១៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ ជា​ថ្ងៃ​វ័ន​បត
  • ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ ជា​ថ្ងៃ​ឡើងស័ក គម្រប់​សង្ក្រាន្ត ៣​ថ្ងៃ​ចប់​ដោយ​បរិបូណ៌ ចូល​ឆ្នាំមមី អដ្ឋស័ក តរៀង​ទៅ​។

ទន្ទឹម​នេះ យោង​ផែនការ​ណែនាំ​លេខ ០២/២០២៦ គជ​ប​អ ចុះ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ដើម្បី​ញ៉ាំង​ឱ្យ​ពិធីបុណ្យ ប្រព្រឹត្ត​ទៅ​ដោយ​អធិកអធម រក្សា​បាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ និង​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ ព្រមទាំង​បង្កើន​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ស្រស់​ស្អាត ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ​៖

១- រដ្ឋបាល​ខណ្ឌ​ទាំង​១៤ រដ្ឋបាល​សង្កាត់​ទាំង​១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រឹះស្ថាន សិក្សា វត្ត​អារាម ក្រុមហ៊ុន រោងចក្រ​-​សហគ្រាស ផ្សារ រមណីយដ្ឋាន និង​មជ្ឈមណ្ឌល​កម្សាន្ត​ទាំងអស់​ក្នុង រាជធានី​ភ្នំពេញ ត្រូវ​៖

  • រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា ព្រះករុណា “​ព្រះ​បរម​រតន​កោដ្ឋ​” និង សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត អម​ដោយ​ការ​តុបតែង​លម្អ​កំណាត់​បូ បំភ្លឺ​ភ្លើងពណ៌ និង​ដុត​គោម​បំភ្លឺ ឱ្យ​បាន​ស្រស់​ស្អាត
    -​ចង​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ ទង់​រំយោល និង​បដា​ពាក្យស្លោក​នៅ​តាម​ស្ថាប័ន និង​ទីតាំង​សាមី ។

២-​គ្រប់​គេហដ្ឋាន ផ្សារ​ទំនើប ផ្សារ​មី​នី​ម៉ាត (Mini Mart) ហាង​លក់ទំនិញ អគារ​ពាណិជ្ជកម្ម រោងចក្រ​-​សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត សំណង់​បុរី មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ (​ដូច​ជា សណ្ឋាគារ ខុន​ដូរ ភោជនីយដ្ឋាន​) និង​មូលដ្ឋាន​អាជីវកម្ម​ផ្សេង​ទៀត​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​៖

  • រៀបចំ​ដោត​ទង់ជាតិ ដោយ​ដាក់​ដង និង​ចង​ទង់ជាតិ​ឱ្យ​មាន​របៀបរៀបរយ​ល្អ ហើយ​ត្រូវ​ពិនិត្យ​មើល​លើ​ទង់ជាតិ ត្រូវ​មាន​លក្ខណៈ​ត្រឹមត្រូវ ស្រប​តាម​អត្តសញ្ញាណ​ជាតិ និង​ក្រណាត់​ទង់ជាតិ ត្រូវ​មាន​សភាព​ល្អ ចៀសវាង មានការ​ដាច់​រហែក ស្លក់​ពណ៌ ឬ ទក់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​អត្តសញ្ញាណ​ជាតិ
  • រៀបចំ​តុបតែង​លម្អ​ដោយ​បំពាក់​ខ្សែ​ភ្លើងពណ៌​ចម្រុះ និង​ដុត​គោម​បំភ្លឺ​នៅ​មុខ​គេហដ្ឋាន តាម​របង មុខ​អគារ ជញ្ជាំង ឬ ដើមឈើ និង​មុខ​មូលដ្ឋាន​អាជីវកម្ម​របស់​ខ្លួន ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​សោភ័ណ​ភាព ដោយ​អាច រៀបចំ​រចនា​ខ្សែ​ភ្លើងពណ៌​ចម្រុះ ឱ្យ​ចេញ​ជា​អក្សរ​ផុស​ឡើង ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ជាតិ
  • រៀបចំ​តុបតែង​លម្អ​ដោយ​ក្បាច់រចនា​តាម​បែប​ប្រពៃណី​នៅ​ទីតាំង​រៀបចំ​គ្រឿង​សក្ការៈបូជា និង​ត្រៀម​រៀបចំ គ្រឿង​សក្ការៈបូជា មាន​ផ្កា​ភ្ញី ទៀន និង​ធូប​ជាដើម សម្រាប់​ថ្វាយ​ព្រះ​រតនៈត្រ័យ និង​រៀបចំ​ពលីការ​ដ៏​សមរម្យ មាន​នំចំណី ផ្លែ​ឈើ​ជា​អាទិ៍ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី
  • បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​អុជ​ទៀន ធូប ការ​ប្រើប្រាស់​ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ចៀសវាង មាន​គ្រោះ​អគ្គិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ

៣-​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​គ្រប់​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​៖

  • ចាត់តាំង​ឱ្យ​មាន​ក្រុម​វេន​យាម​ប្រចាំការ ២៤​ម៉ោង នៅ​តាម​អង្គភាព​រៀង​ៗ​ខ្លួន និង​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម វេន​យាម​ប្រចាំការ ផ្ញើ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​បាន​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦
  • រៀបចំ​កម្មវិធី​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​សហគមន៍ មណ្ឌលកុមារ​កំព្រា មណ្ឌល​ចាស់ជរា​- ជន​ពិការ មន្ទីរពេទ្យ និង​មណ្ឌល​នានា
  • រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​រដ្ឋបាល​សង្កាត់​ទាំង​១០៥ ត្រូវ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី ភ្នំពេញ និង​គណៈកម្មការ​អាចារ្យវត្ត ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បាន​បំពេញ កុសល​តាម​សទ្ធា​ជ្រះថ្លា និង​រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​សាសនា​របស់​ជាតិ ព្រមទាំង​ត្រៀម ចាត់​កម្លាំង​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​វត្ត​អារាម ឱ្យ​បាន​ល្អ​ប្រសើរ​។

៤- មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​៖

  • ណែនាំ​ដល់​គ្រប់​វត្ត​អារាម​ឱ្យ​ធ្វើការ​សម្អាត និង​តុបតែង​លម្អ​ទង់ជាតិ ទង់សាសនា ទង់​ក្អែប ទង់​រំយោល និង ចង​បដា​ពាក្យស្លោក​ឱ្យ​បាន​សមរម្យ
  • ណែនាំ​ដល់​គ្រប់​វត្ត​អារាម ឱ្យ​រៀបចំ​ពិធីបុណ្យ​សាសនា​ស្រប​តាម​ប្រពៃណី​សាសនា និង​ប្រពៃណី​ជាតិ ដូច​ជា ពិធី​ពូន​ភ្នំខ្សាច់ ពិធី​ស្រង់​ព្រះ ពិធី​បង្សុកូល​ឧទ្ទិស​កុសល ពិធី​រាប់​បាត និង​ពិធី​ស្រោច​ទឹក​សីលវន្ត សីលវតី មាតាបិតា និង​ចាស់ព្រឹទ្ធាចារ្យ
  • ណែនាំ​ដល់​គ្រប់​វត្ត​អារាម​ឱ្យ​សម្អាត​ព្រះ​ពុទ្ធរូប ព្រះ​បដិមា និង​សម្អាត​អនាម័យ​-​បរិស្ថាន​ទាំង​ក្នុង និង​ក្រៅ បរិវេណ​វត្ត​អារាម​ឱ្យ​បាន​ស្អាត
  • សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌដង្កោ និង​ក្រុមហ៊ុន ជេ ស៊ី រ៉ូ​យ៉ា​ល់ ខម​ភេ​នី អិ​ល​ធី​ឌី ដើម្បី​អំពាវនាវ​ដល់ ពុទ្ធបរិស័ទ​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​របប ប្រល័យពូជសាសន៍ “​ប៉ុ​ល​ពត​” នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក និង​កន្លែង​តម្កល់ អដ្ឋិធាតុ​នៅ​តាម​បូជនីយដ្ឋាន ស្តុ​ប​ផ្សេង​ៗ ឱ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់​។

៥- មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​៖

  • រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​បុរាណ​-​សម័យ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន និង​ទី​សាធារណៈ​សមរម្យ​ក្នុង​រាជធានី​ភ្នំពេញ
  • បំផុស​ចលនា​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​ផុលផុស ក្នុង​ការ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ ដូច​ជា ចោល​ឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើង​សសរ​ខ្លាញ់ លោត​បាវ និង​វាយ​ឆ្នាំង នៅ​តាម​រមណីយដ្ឋាន​នានា ឬ ទីតាំង​សមរម្យ​ណាមួយ​។

៦- មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​បណ្តាញ​វិទ្យុ និង​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ ចុះ​យក​ព័ត៌មាន ថតរូប និង​ថត​វី​ដេ​អូ​នូវ​រាល់​សកម្មភាព ទិដ្ឋភាព​ជាក់ស្តែង​នា​ថ្ងៃ​បុណ្យ ទាំង​ពិធី​ខាង​សាសនា និង​ពិធី​ខាង​ប្រពៃណី​ជាតិ ដូច​ជា សកម្មភាព​លេងល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​តាម​តំបន់​នីមួយ​ៗ ហើយ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ​ឱ្យ​បាន​ទូលំទូលាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​យល់​ជ្រួតជ្រាប​ច្បាស់លាស់​ពី​អត្ថន័យ​នៃ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​។ ទស្សនា

៧-​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​តុបតែង​លម្អ​បំភ្លឺ​ភ្លើង​តាម​បណ្តា​សួនច្បារ ដើមឈើ ដង​វិ​ថី ដំឡើង​របា​កាត់​ទទឹង​ផ្លូវ​នៅ​មហាវិថី​សំខាន់​ៗ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ លាង​សម្អាត​ផ្លូវ លាបលន ឬ គំនូស​នៅ​តាម​បណ្ដា​មហាវិថី និង​វិ​ថី​សំខាន់​ៗ ដើម្បី​ធានា​បរិស្ថាន និង​សោភ័ណ​ភាព​ស្រស់​ស្អាត​។

៨- មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ជា​ពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ត្រូវ​៖

  • យកចិត្តទុកដាក់​លើ​ការ​ផ្តល់​សេវា​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ទាំង​គុណភាព សុវត្ថិភាព អនាម័យ ម្ហូបអាហារ ការងារ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ការងារ​ផ្នែក​បដិសណ្ឋារកិច្ច
  • ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​នានា និង​កាណូត​ទេសចរណ៍ ឱ្យ​ដាក់ ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង​រៀបចំ​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌​ឱ្យ​បាន​ស្រស់​ស្អាត​។

៩- មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ផែនការ​សង្គ្រោះ​បន្ទាន់ ដោយ​ត្រូវ​ត្រៀម​ក្រុម​គ្រូពេទ្យ ឱសថ បរិក្ខារ​សុខាភិបាល និង​រថយន្ត​គិលានសង្គ្រោះ​ប្រចាំការ​នៅ​តាម​តំបន់​រមណីយដ្ឋាន និង​ទីប្រជុំជន កម្សាន្ត​នានា ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​បងប្អូន​ដែល​មាន​បញ្ហា​សុខភាព ឱ្យ​បាន​ទាន់​ពេលវេលា​។

១០- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​យោធ ភូមិភាគ​ពិសេស រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រៀបចំ និង​អនុវត្ត​ផែនការ ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​សង្គម និង​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​ទាំង​មុន ក្រោយ និង​អំឡុង​ពេល ពិធីបុណ្យ ព្រមទាំង​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​តំបន់​គោលដៅ ដែល​មាន ការ​កកស្ទះ​ខ្លាំង ទប់ស្កាត់​បង្ការ​បទល្មើស និង​សកម្មភាព​ល្មើសច្បាប់​គ្រប់​ប្រភេទ​។

ទទួល​បាន​សេចក្តីណែនាំ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស រដ្ឋបាល​ខណ្ឌ​ទាំង​១៤ រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ចែង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​។

សូមបញ្ជាក់ បដា​ពាក្យស្លោក ត្រូវ​មាន​ខ្លឹមសារ​ឆ្លុះ​បញ្ចាំង​ពី​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ និង​ទាក់ទង​ប្រពៃណី​ទំនៀម ទម្លាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ហើយ​ត្រូវ​ចង​តាម​លក្ខណៈ​បច្ចេកទេស និង​សម​ស្រប​តាម​ទំហំ​អគារ​របស់​ខ្លួន ចៀសវាង​បង្ក​គ្រោះថ្នាក់ និង​បាត់បង់​សោភ័ណ​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ