ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលអះអាងថាខ្លួនទើបតែធ្វើឃាតមនុស្សកំពូលៗនៅក្នុងវិស័យសន្តិសុខ និងយោធារបស់អ៊ីរ៉ង់។ ពោលគឺម្នាក់ឈ្មោះអាលី ឡារីចានី (Ali Larijani) ជារដ្ឋលេខានៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ និងម្នាក់ទៀតជាមេបញ្ជាការកងជីវពលបាស៊ីក (Basij) លោកហ្គោឡាមរេហ្សា សូឡេម៉ានី (Gholamreza Soleimani)។ នេះបើយោងតាមការការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល។ ទោះជាយ៉ាងណាក្ដី អ៊ីរ៉ង់មិនទាន់ទទួលស្គាល់ថានេះគឺជាការពិតនៅឡើយទេ។

សារព័ត៌មានជាផ្លូវរដ្ឋរបស់អ៊ីរ៉ង់បានចេញផ្សាយលិខិតសរសេរដោយផ្ទាល់ដៃរបស់លោកឡារីចានី។ គេមិនទាន់យល់ច្បាស់អំពីបំណងនៃការផ្សព្វផ្សាយលិខិតនេះទេ មិនដឹងថាតើអ៊ីរ៉ង់ចង់មានន័យថានេះជាភស្តុតាងបញ្ជាក់ថាលោកឡារីចានីនៅមានជីវិតរស់នៅនៅឡើយទេ ឬយ៉ាងណា។ លិខិតនោះរំលឹកទៅដល់វិញ្ញាណក្ខន្ធរបស់ទាហានជើងទឹកអ៊ីរ៉ង់៨៤នាក់ដែលស្លាប់នៅក្នុងហេតុការណ៍វាយប្រហារពីសំណាក់យោធាអាមេរិកនៅលើដែនទឹកអន្តរជាតិ។

បើសិនលោកឡារីចានីពិតជាស្លាប់ក្រោមស្នាដៃរបស់អ៊ីស្រាអែលមែន មានន័យថាលោកជាមន្ត្រីជាន់ខ្ពស់ជាងគេចាប់តាំងពីក្រោយការស្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលីខាមេនី (Ayatollah Ali Khamenei) កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោកឡារីចានីបង្ហាញមុខជាសាធារណៈលើកចុងក្រោយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ កាលនោះ លោកចូលរួមទិវារំលឹកខួបសំខាន់មួយដែលជាការគាំទ្រចំពោះជនជាតិប៉ាឡេស្ទីន។ ជាច្រើនឆ្នាំកន្លងមកនេះ លោកឡាជីនីជាអ្នកនយោបាយសំខាន់ម្នាក់នៅអ៊ីរ៉ង់។ លោកធ្លាប់ដឹកនាំគណៈប្រតិភូទៅចរចាជាមួយក្រុមបស្ចិមប្រទេសដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរហើយក៏ធ្លាប់កាន់តំណែងជាប្រធានរដ្ឋសភាអ៊ីរ៉ង់ផងដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ថ្លែងថាមន្ត្រីធំៗរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់ជាបន្តបន្ទាប់។

រដ្ឋមន្ត្រីរូបនេះបង្ហោះសារនៅលើបណ្ដាញសង្គមថាកងទ័ពរបស់យើងកំពុងធ្វើការយ៉ាងពេញកម្លាំងរបស់ពួកគេដើម្បីបន្តវាយប្រហារ និងកម្ចាត់ចោលនូវសមត្ថភាពមីស៊ីល និងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់អាល់ចាស៊ីរ៉ាប្រចាំតំបន់វេសស្បេង (West Bank) ថ្លែងថាបើសិនដំណឹងស្ដីពីការធ្វើឃាតបានសម្រេចលើលោកឡារីចានីជាការពិតមែន ពេលនោះអ៊ីស្រាអែលមានចិត្តសប្បាយរីករាយមិនស្ទើរទេដោយចាត់ទុកថាជាជោគជ័យដ៏ធំរបស់ពួកគេ។
ក៏ប៉ុន្តែបើទុកជាលោកឡារីចានីបានលាចាកលោកនេះហើយក្ដី ក៏មិនមែនមានន័យថារបបដឹកនាំនៅអ៊ីរ៉ង់សព្វថ្ងៃបានឈានដល់ទីបញ្ចប់នោះដែរ។ អ្នករាយការណ៍ព័ត៌មានម្នាក់ទៀតរបស់អាល់ចាស៊ីរ៉ាប្រចាំទីក្រុងតេអេរ៉ង់ថ្លែងថាអ៊ីស្រាអែល និងអាមេរិកវាយប្រហារគ្មានរើសទាល់តែសោះ មិនថារដ្ឋធានីរបស់អ៊ីរ៉ង់ ឬទីកន្លែងណាឡើយ។ ពោលគឺទីក្រុងនានាទូទាំងប្រទេសអ៊ីរ៉ង់សុទ្ធតែរងការវាយប្រហារទាំងអស់៕ ប្រភព៖ អាល់ចាស៊ីរ៉ា (Al Jazeera) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ