ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាវ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ប្រេង​ឥន្ធនៈ​ខ្លាំង​ដល់​ថ្នាក់​ស្ថានីយ​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ

1 អាទិត្យ មុន

ទី​ក្រុង​វៀង​ចន្ទន៍៖ ​មនុស្ស​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​អន្លាយ​​ដើម្បី​រង់​ចាំ​ចាក់​សាំង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​នានា​ទូទាំង​រដ្ឋ​ធានី​វៀង​ចន្ទន៍​ ប្រទេស​ឡាវ​។ ទិដ្ឋ​ភាព​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ប្រេង​ឥន្ធនៈ​កាន់​តែ​រលស់​អស់​ពី​ក្នុង​​ស្តុក​។ ទន្ទឹម​នឹង​នោះ សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​បន្ត​ឆាប​ឆេះ​មិន​ទាន់​ដឹង​ថា​នឹង​រលត់​ទៅវិញ​នៅ​ពេល​ណា​ពិត​ប្រាកដ​ឡើយ​។ សព្វ​ថ្ងៃ​នេះ​ ប្រទេស​ឡាវ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេ​សថៃ។​ និយាយ​​ឱ្យ​ចំ​ទៅ​នាំ​ចូល​ពី​ថៃ​សឹង​តែ​១០០%​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​ថៃ​រក​ប្រេង​ប្រើ​មិន​សូវ​គ្រប់​គ្រាន់​ខ្លួន​ឯង​ដែរ​។…

ទី​ក្រុង​វៀង​ចន្ទន៍៖ ​មនុស្ស​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​អន្លាយ​​ដើម្បី​រង់​ចាំ​ចាក់​សាំង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​នានា​ទូទាំង​រដ្ឋ​ធានី​វៀង​ចន្ទន៍​ ប្រទេស​ឡាវ​។ ទិដ្ឋ​ភាព​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ប្រេង​ឥន្ធនៈ​កាន់​តែ​រលស់​អស់​ពី​ក្នុង​​ស្តុក​។ ទន្ទឹម​នឹង​នោះ សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​បន្ត​ឆាប​ឆេះ​មិន​ទាន់​ដឹង​ថា​នឹង​រលត់​ទៅវិញ​នៅ​ពេល​ណា​ពិត​ប្រាកដ​ឡើយ​។ សព្វ​ថ្ងៃ​នេះ​ ប្រទេស​ឡាវ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេ​សថៃ។​ និយាយ​​ឱ្យ​ចំ​ទៅ​នាំ​ចូល​ពី​ថៃ​សឹង​តែ​១០០%​បាត់​ទៅ​ហើយ​។

ប៉ុន្តែ​ថៃ​រក​ប្រេង​ប្រើ​មិន​សូវ​គ្រប់​គ្រាន់​ខ្លួន​ឯង​ដែរ​។ ដូច​នេះ ពី​ដំបូង​ដៃ​ ថៃ​ប្រកាស​ផ្អាក​នាំ​ចេញ​ប្រេង​។ ប៉ុន្តែ​ក្រោយ​មក​ ថៃ​ចេញ​មុខ​ធានា​អះ​អាង​ថា​ប្រេង​នឹង​បន្ត​ដឹក​ទៅ​ផ្គត់​ផ្គង់​ជា​ហូរ​ហែឱ្យ​ប្រទេស​ឡាវ​​។ កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​ចំណោម​ស្ថា​នីយ​ប្រេង​ឥន្ធនៈ​ទាំង​២៥៣៨​កន្លែង​ទូទាំង​ប្រទេស​ឡាវ​ ៤០%​បាន​បិទ​ទ្វារ​។ នេះបើ​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋា​ភិ​បាល​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​។

គេ​ឃើញ​ថាស្ថានីយ​ប្រេង​ជាង​១៥​កន្លែង​ត្រូវ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ចន្ទ​។ ពួក​គេ​ព្យួរ​ផ្លាក​នៅ​មុខ​ស្ថានីយ​ថា​ «អស់​ប្រេង​សម្រាប់​លក់​ហើយ»​។ ស្ថានីយ​ប្រេង​ដទៃ​ទៀត​បើ​ទុក​ជា​មាន​ប្រេង​​សម្រាប់​លក់​ក៏​មាន​តិច​តួច​ប៉ុណ្ណោះ​។​ ជន​ជាតិ​ឡាវ​ម្នាក់​ឈ្មោះ​វត្ត​វិស័យ ផែង​វិស័យ​ អាយុ​២៩​ឆ្នាំ ​រស់​នៅ​ទី​ក្រុង​វៀង​ចន្ទន៍​ ប្រាប់​ថា​ស្ថានីយ​ប្រេង​៣​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ​៥​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​អស់​ប្រេង​រលីង​ពី​ក្នុង​ស្តុក​។

គាត់​ប្រាប់​អា​អែហ្វ​ប៉េ (AFP) ​ថា​ជួនកាល​ យើង​មាន​ប្រាក់​​សម្រាប់​ចាក់​សាំង​ ប៉ុន្តែ​គ្មាន​សាំង​សម្រាប់​ចាក់​។ ក្នុង​នាម​ជា​គ្រូ​បង្រៀន ពេល​ខ្លះ​គាត់​​ត្រូវ​ធ្វើ​ការ​លើស​ម៉ោង​។ ដូច​នេះ​ត្រូវ​ការ​សាំង​សម្រាប់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ ចំណែក​ស្ថានីយ​ដែល​មាន​សាំង​សម្រាប់​ចាក់​បែរ​ជា​ស្ថិត​នៅ​ឆ្ងាយ​ៗ​ ហើយ​បើ​ទុក​ជា​មាន​ក៏​​​ត្រូវ​ឈរ​តម្រង់​ជួរ​គ្នា​ដ៏​វែង​អន្លាយ​។ ជួន​កាល​ត្រូ​វ​រង់​ចាំ​រហូត​ដល់​២​ម៉ោង​ទើប​បាន​ចាក់​សាំង​។ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ប្រាប់​ថា​លើក​ចុង​ក្រោយ​ដែល​គាត់​​ចាក់​សាំង​ម៉ូតូ​គឺ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

ឥឡូវ​នេះ ម៉ូតូ​អស់​សាំង​បាត់​ទៅ​ហើយ​។ បើ​រក​កន្លែង​ចាក់​សាំង​មិន​បាន​ទេ គាត់​ប្រហែល​ជា​ត្រូវ​ផ្អាក​​រក​ស៊ី​​ពីរ​បី​ថ្ងៃ​សិន​ហើយ​​។ ​បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​​​​អាមេរិក និង​អ៊ីស្រា​អែល​​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ អ៊ីរ៉ង់​ក៏​ចាត់​ការ​វាយ​ប្រហារ​ទៅ​លើ​បណ្ដា​ប្រទេស​ដែល​នាំ​ប្រេង​ចេញ​នៅ​តំបន់​ឈូង​សមុទ្រ​។ ហេតុ​នេះ ការ​ដឹក​ជញ្ជូន​ប្រេង​តាម​កប៉ាល់​ធំ​ៗ​កាត់​ច្រក​ហ័រ​ម៉ូស​ត្រូវ​រង​ការ​រំខាន​ខ្លាំង​។ ក្រោយ​មក​ អ៊ីរ៉ង់​បិទ​ខ្ទប់​ច្រក​នេះ​ថែម​ទៀត​។ ទាល់​តែ​កប៉ាល់​ណា​ដែល​អ៊ីរ៉ង់​អនុញ្ញាត​ឱ្យ​បើក​ចេញ​ចូល​ទើប​អាច​ចេញ​ចូល​បាន​។

ងាក​មក​បរិបទ​ប្រទេស​ឡាវ តម្លៃ​ប្រេង​ឥន្ធ​នៈ​ចេះ​តែ​ហក់​ឡើង​ខ្ពស់​ជា​លំដាប់​។ តម្លៃ​ប្រេង​ម៉ាហ្ស៊ូត​ឡើង​ថ្លៃ​ជិត​៥០%។​​ ពោល​គឺ​មួយ​លីត្រ​លក់​ចេញ​ថ្លៃ៣១៥៦០​គីប (kip) (​ឬ​ប្រហាក់​ប្រហែល​នឹង​១,៤៧​ដុល្លារ​)។ យោង​តាម​របាយ​ការណ៍​របស់​​ក្លូបល ប៉េត្រូល​ ប៉្រាយ (Global Petrol Prices) គ្រាន់​តែ​សង្គ្រាម​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​អ៊ីរ៉ង់​ភ្លាម ប្រទេស​ឡាវ​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ប្រេង​ឥន្ធ​នៈ​ខ្ពស់​លំដាប់​ទី​២​នៅ​លើ​ពិភព​លោក​។ ប្រទេស​នេះ​នាំ​ចូល​ប្រេង​ស្ទើរ​តែ​ទាំង​ស្រុង​ពី​ប្រទេស​ថៃ។

កាល​ពី​ពេល​ដែល​ថៃ​ប្រកាស​ផ្អាក​លក់​ប្រេង​ឱ្យ​ឡាវ​កាល​ពី​ចុង​ខែ​កុម្ភៈ​ មនុស្ស​នាំ​គ្នា​​សម្រុក​​ចាក់​សាំង​យ៉ាង​គគ្រឹក​គគ្រេង​ព្រោះ​ភ័យ​ខ្លាច​​អស់​សាំង​ខាន​បាន​ចាក់​​។ ហេតុ​នេះ​ធ្វើ​ឱ្យ​ស្ថានីយ​​ទូទាំង​ទី​ក្រុង​វៀង​ចន្ទន៍​ត្រូវ​បិទ​ទ្វារ​ព្រោះ​អស់​សាំង​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​។ ​ក្រោយ​មក​ ថៃ​លក់​សាំង​ឱ្យ​ឡាវ​១២​លាន​លីត្រ​ថែម​ទៀត​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​គ្រា​បន្ទាល់​។ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រេង​ដឹក​ទៅ​ដល់​ស្ថានីយ​មិន​យូរ​ប៉ុន្មាន​ក៏​អស់​ពី​ស្តុក​ទៀត​៕ ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ