ទីក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថ្លែងថារដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាមេរិកកាលពីពេលថ្មីៗនេះដែលចង់ឱ្យប្រទេសមួយចំនួនចូលរួមសហការបើកច្រកសមុទ្រហ័រម៉ូស។ កូរ៉េខាងត្បូងថ្លែងថាខ្លួននឹងធ្វើអ្វីដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ។ ប្រមុខការទូតកូរ៉េខាងត្បូងថ្លែងដូច្នេះនៅពេលដែលក្រុមអ្នកតំណាងរាស្ត្រដាក់ជាសំណួរថាតើកូរ៉េខាងត្បូងអាចនឹងបញ្ជូនកងនាវាចម្បាំងទៅច្រកសមុទ្រហ័រម៉ូសដែរឬទេ។

ទោះបីក្រុមអ្នកតំណាងរាស្ត្រសួរសង្ខុញយ៉ាងណាក្ដី រដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកឆូយុន (Cho Hyun) សូមមិនធ្វើអត្ថាធិប្បាយទេថាតើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានស្នើសុំទៅកូរ៉េខាងត្បូងដើម្បីបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រនោះឬយ៉ាងណា។ នៅក្នុងចំណោមអ្នកតំណាងរាស្ត្រទាំងនោះ អ្នកខ្លះអះអាងថាបើសិនរដ្ឋាភិបាលទីក្រុងសេអ៊ូលហ៊ានធ្វើដូច្នេះមែនមានន័យថាជាការរំលោភច្បាប់ជាតិ។

លោកឆូយុនថ្លែងនៅចំពោះមុខគណៈកម្មការរដ្ឋសភាថានៅពេលសម្រេចចិត្តបែបណាមួយ លោកសូមធានាអះអាងថារដ្ឋាភិបាលនឹងអនុវត្តស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ។ កាលពីមុននេះបន្តិច លោកដូណាល់ត្រាំបានចោទប្រកាន់ថាក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសខ្លះជាពួករមិលគុណ។ នៅពេលលោកទាមទារឱ្យពួកគេបញ្ជូននាវាចម្បាំងដើម្បីអមដំណើរ និងការពារសុវត្ថិភាពជូននាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ពួកគេបែរជានិយាយចំអកឡកឡឺយដាក់លោកវិញ។

សំណើរបស់លោកត្រាំត្រូវបានបដិសេធជាហូរហែសូម្បីតែនៅក្នុងចំណោមសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធដូចជាអង់គ្លេស ជប៉ុន និងអូស្ត្រាលីជាដើម។ កូរ៉េខាងត្បូងថ្លែងថាខ្លួននឹងពិចារណាដោយហ្មត់ចត់ទៅលើការអំពាវនាវរបស់លោកដូណាល់ត្រាំ។ នៅទ្វីបអាស៊ី លោកបានអំពាវនាវទៅប្រទេសកូរ៉េខាងត្បូង, ជប៉ុន និងចិន។ គេឮថាភាពតានតឹងរវាងអាមេរិក និងចិនចាប់ផ្ដើមឡើងកម្ដៅជាថ្មី។ គម្រោងបំពេញទស្សនកិច្ចនៅប្រទេសចិនដែលមុនដំបូង លោកត្រាំគ្រោងធ្វើនៅចុងខែមីនានេះ ឥឡូវនេះ លោកប្រកាសពន្យារពេលមួយខែ ឬយូរជាងនេះ។

លោកអះអាងថាមូលហេតុដោយសារអាមេរិកកំពុងជាប់ដៃនៅក្នុងសង្គ្រាមអ៊ីរ៉ង់។ ដូច្នេះលោកចង់បន្តស្នាក់នៅក្នុងមាតុភូមិជាបន្តទៀតសិន។ ទោះជាយ៉ាងណាក្ដី អ្នកខ្លះដាក់ការសង្ស័យថាការពិតប្រហែលជាផ្សេងពីនេះ។ គេដឹងថាប្រទេសចិនមិនព្រមបញ្ជូននាវាចម្បាំងទៅតាមការអំពាវនាវរបស់លោកត្រាំទេ។ ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសក៏រិះគន់ការអំពាវនាវនេះផងដែរ។ លោកស្តាមើថ្លែងថាលោកមិនអាចបណ្ដោយឱ្យប្រទេសជាតិជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមនេះជាដាច់ខាត៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ