ទីក្រុងវៀងចន្ទន៍ ៖ អាជ្ញាធរឡាវកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសមានស្ថិរភាព បន្ទាប់ពីស្ថានីយប្រេងឥន្ធនៈជាង ១ ពាន់កន្លែងបានបិទទ្វារទូទាំងប្រទេស ចំពេលប្រជាជនជាច្រើនកំពុងតម្រង់ជួររង់ចាំចាក់ប្រេងឥន្ធនៈនៅតាមស្ថានីយផ្សេងទៀត។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Laotian Times ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
យោងតាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ ប្រទេសឡាវមានស្ថានីយប្រេងឥន្ធនៈសរុបចំនួន ២ ៥៣៨ កន្លែងនៅទូទាំងប្រទេស។ ក្នុងចំណោមនោះ ស្ថានីយ ១ ០៦១ កន្លែងត្រូវបានរាយការណ៍ថាបានបិទ ខណៈដែល ១ ៤៧៧ កន្លែងផ្សេងទៀតកំពុងដំណើរការ។ ដ្បិតខេត្តមួយចំនួនរងផលប៉ះពាល់ខ្លាំង ក្នុងនោះរួមទាំងវៀងចន្ទន៍ (Vientiane) និងសៀងខ្វាង (Xieng Khouang) ផងដែរ។ ទន្ទឹមនឹងនេះ ប្រជាជនរាប់រយនាក់កំពុងតម្រង់ជួររង់ចាំចាក់ប្រេងឥន្ធនៈ ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងការភ័យខ្លាចនៃការខ្វះខាតប្រេងឥន្ធនៈ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលឡាវបានបញ្ជាឱ្យធ្វើការត្រួតពិនិត្យការផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមានរបាយការណ៍ថា ស្ថានីយប្រេងឥន្ធនៈជាច្រើនបានបិទទ្វារជាបណ្តោះអាសន្ន។ អាជ្ញាធរត្រូវបានប្រគល់ភារកិច្ចឱ្យត្រួតពិនិត្យស្តុកប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងឃ្លាំងស្តុក រួមទាំងពិនិត្យមើលកិច្ចសន្យាផ្គត់ផ្គង់ និងពិនិត្យមើលកំណត់ត្រាដឹកជញ្ជូន និងលក់ចាប់ពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅ ដើម្បីកំណត់មូលហេតុនៃផលរំខានលើការផ្គត់ផ្គង់។
មន្ត្រីបានបញ្ជាក់ថា ការត្រួតពិនិត្យនឹងបន្ត ខណៈដែលអាជ្ញាធរត្រួតពិនិត្យការចែកចាយប្រេងឥន្ធនៈ និងស៊ើបអង្កេតមូលហេតុដែលអាចកើតមានលើការបិទស្ថានីយ៍ រួមទាំងការរំខានដល់ការផ្គត់ផ្គង់ ការព្រួយបារម្ភអំពីតម្លៃកើនឡើហ និងការគ្រប់គ្រងស្តុកតាមបណ្តាស្ថានីយ៍លក់រាយ៕

ចែករំលែកព័តមាននេះ