សង្គ្រាមអ៉ីរ៉ង ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី១៦ មីនា បានទទូចដល់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ពិសេស បណ្ដាមហាអំណាចអឹរ៉ុប ឲ្យជម្នះការញញើតញញើមហើយចូលរួមក្នុងការការពារច្រកសមុទ្រហ័រមូសដែលជាច្រកពាណិជ្ជកម្ម និងដឹកប្រេងឆ្លងកាត់យុទ្ធសាស្ត្រមួយ ដែលអ៉ីរ៉ង់កំពុងតែរាំងខ្ទាប់ ពេលកំពុងធ្វើសង្គ្រាមជាមួយអាមេរិក និងអ៉ីស្រាអែល។

ជាង២សប្ដាហ៍ហើយ ក្រោយចាប់ផ្ដើម សង្គ្រាមដែលអ៉ីស្រាអែល និងអាមេរិកបានធ្វើប្រឆាំងអ៉ីរ៉ងបណ្ដាលឲ្យមនុស្សស្លាប់ជាង២២០០នាក់រួចហើយ ភាគច្រើននៅអ៉ីរ៉ង់ និងលីបង់ ។ សង្គ្រាមនោះបានរាលដាលដល់តំបន់មជ្ឈឹមបូព៌ា និងហួសពីនេះទៀតផង។ វាក្លាយជាសង្គ្រាមដ៏បង្ហូរឈាមនឹងយ៉ាងបំផ្លិចបំផ្លាញបំផុត ព្រោះតែការប្រើអាវុធទំនើបៗ និងខ្លាំងៗគ្រប់ប្រភេទតតាំងគ្នា ។
សង្គ្រាមក៏ក្លាយទៅជាសង្គ្រាមប្រេង នាំឲ្យតំបន់មជ្ឈឹមបូព៌ាទទួលរងការឆាបឆេះ និងផ្សែងបំពុលបរិយាកាស និងបំពុលបរិស្ថានសមុទ្រដោយសារការវាយប្រហារប្រឆាំងបណ្ដានាវាចម្បាំង ពិសេស នាវាដឹកប្រេងទាំងឡាយ ។ សង្គ្រាមនោះ នាំឲ្យមានការព្រួយបារម្ភដល់ពិភពលោកទាំងមូល ទាំងផលវិបាកនៃសេដ្ឋកិច្ចទាំងការផ្គត់ផ្គង់ប្រេង ព្រមទាំងបង្ករអស្ថេរភាពដល់ភូមិសាស្ត្រ
នយោបាយទូទៅ។
មេដឹកនាំប្រទេសលោកខាងលិច៥គឺ បារាំង អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី និងកាណាដា បានអំពាវនាវឲ្យចៀសវាងការវាយលុកតាមជើងគោករបស់អ៉ីស្រាអែល ដោយទ្រង់ទ្រាយធំនៅលីបង់ដោយយល់ថា បែបនោះអាចនាំឲ្យមានផលវិបាកមនុស្សធម៌ធ្ងន់ធ្ងរបំផុត និងយ៉ាងបំផ្លិចបំផ្លាញ ហើយអាចនាំជម្លោះឲ្យអូសបន្លាយពេលកាន់តែយូរ ។
ដើម្បីបើកច្រកសមុទ្រហ័រមូស ដែលប្រេងពិភពលោក១ភាគ៥ដឹកឆ្លងកាត់ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ទាមទារឲ្យបណ្ដាប្រទេសអូតង់ព្រមទាំងចិនផងដែរ ជួយបញ្ជូននាវាចម្បាំងមកកាន់ច្រកសមុទ្រនោះ ។ លោកត្រាំលើកឡើងថា ចាប់តាំងពី៤០ឆ្នាំមកហើយ យើងជួយការពារពួកអ្នក តែពួកអ្នកមិនចង់លូកដៃព្រោះតែមានរឿងជាមួយគ្នាតូចតាចបំផុត ។ លោកមិនបញ្ជាក់ចំឈ្មោះប្រទេសដែលមានរឿងនឹងគ្នានោះឡើយ តែហាក់ចង់សំដៅលើអង់គ្លេស ។ ក្នុងពេលជួបជាមួយបណ្ដាអ្នកកាសែតនៅសេតវិមាន លោកត្រាំចាត់ទុកឥរិយាបថរបស់អង់គ្លេសថា គួរឲ្យខកចិត្ត ខណៈអង់គ្លេសត្រូវបានចាត់ទុកថា ជា ROLLS ROYCE ក្នុងចំណោមសម្ព័ន្ធមិត្ត។

អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីអ៉ីឌ្រិកម័ស ក៏ដូចជានាយករដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី១៦ មីនា បានបដិសេធប្រតិបត្តិការមួយរបស់អូតង់ ដើម្បីការពារសន្តិសុខនៅច្រកសមុទ្រហ័រមូស តែនាយករដ្ឋមន្ត្រីអង់គ្លេសលើកពីលទ្ធភាពរួមសហការជាមួយប្រទេសដទៃៗទៀតដើម្បីបើកច្រកសមុទ្រនោះឡើងវិញ ។ អធិការបតីអាល្លឺម៉ង់អះអាងថា យើងមិនចូលរួមក្នុងសង្គ្រាមនោះឡើយ ។ នោះមិនមែនជារឿងរបស់អូតង់ទេ ។
ទោះបីយ៉ាងណា លោកត្រាំជឿថា អង់គ្លេស និងបារាំងទោះជាមានការបម្រុងនឹងជួយអាមេរិកក្នុងរឿងនោះ ។ លោកអះអាងថា មានប្រទេសជាច្រើនដទៃទៀត បានឆ្លើយតបការអំពាវនាវរបស់លោក តែលោកមិនលើកឈ្មោះប្រទេសណាខ្លះទេ ។ ទាក់ទិននឹងចិនដែលពឹងផ្អែកច្រើនលើប្រេងអ៉ីរ៉ង់ និងតំបន់នោះ លោកត្រាំប្រកាសថា លោកបានស្នើដល់ក្រុងប៉េកាំងឲ្យពន្យារពេលប្រមាណជា១ខែ ទស្សនកិច្ចរបស់លោកនៅចិនដែលគ្រោងចាប់ផ្ដើមនាដំណាច់ខែមីនានេះ។
ចំណែកខាងអ៉ីរ៉ង់វិញ ពេលអ៉ីស្រាអែលបន្តវាយប្រហារខ្លាំងក្លាលើក្រុងតេហេរ៉ង់ បានបន្តវាយប្រហារបណ្ដាប្រទេសជិតខាងខ្លួន ដែលមានមូលដ្ឋានយោធា និងផលប្រយោជន៍អាមេរិក ដោយដ្រូនអ៉ីរ៉ង់បន្តវាយប្រហារលើបណ្ដាព្រលានយន្តហោះ ពិសេស ព្រលានយន្តហោះក្រុងឌូបៃ ដែលមមាញឹកបំផុត ។ អ៉ីរ៉ង់ក៏វាយប្រហារដែរ បណ្ដាទីតាំងប្រេងរបស់អេមីរ៉ាត់អារ៉ាប់រួម បណ្ដាលឲ្យមានភ្លើងឆេះ។
នៅអ៉ីរ៉ាក់អ៉ីរ៉ង់បានវាយប្រហារ សណ្ឋាគារប្រណីតមួយដែលពួកអ្នកការទូតនិយមស្នាក់នៅក្រុង
បាដាដ តែមិនបណ្ដាលឲ្យមានអ្នករបួសឡើយ ។ ការវាយប្រហារនោះ កើតមានមុនការវាយប្រហារដោយរ៉ុក្កែត លើស្ថានទូតអាមេរិក តែត្រូវស្ទាក់កម្ទេច។ គោលដៅដទៃៗទៀតដែលកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់គំរាមវាយប្រហារឆាប់ៗ គឺបណ្ដាសហគ្រាសអាមេរិកក្នុងតំបន់ ដែលអ៉ីរ៉ង់អំពាវនាវដល់បណ្ដានិយោជិតឲ្យនាំគ្នាភៀសខ្លួនចេញពីទីនោះ។
អ៉ីស្រាអែលបន្តវាយប្រហារលើក្រុងតេហេរ៉ង់ និងវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់នៅទីក្រុងដទៃៗទៀត នាភាគខាងត្បូងនិងភាគពាយ័ព្យប្រទេស។ អ៉ីរ៉ង់បានតបតវិញជាមួយមីស៊ីលស្រោចលើភាគកណ្ដាលអ៉ីស្រាអែល ។ នាព្រឹកថ្ងៃទី១៧ មីនា អ៉ីរ៉ង់បានបាញ់មីស៊ីលសំដៅលើ
អ៉ីស្រាអែល។ នៅលីបង់វិញដែលជារណសិរ្សសង្គ្រាមសំខាន់ទី២ អ៉ីស្រាអែលប្រកាសពីប្រតិបត្តិការតាមជើងគោកមានកម្រិតប្រឆាំងក្រុមហេសប៊ុលឡាហ៍ស្និទ្ធអ៉ីរ៉ង់ ៕
ចែករំលែកព័តមាននេះ