ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ស្ថានីយប្រេងនៅសៀមរាប ត្រូវលក់តាមតម្លៃកំណត់ បើមិនចង់បាត់បង់អាជីវកម្មមួយនេះ

55 វិនាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប ណែនាំ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ឱ្យ​ពង្រឹង​តម្លាភាព និង​លក់​តាម​តម្លៃ​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១​ខែមីនា​នេះ…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប ណែនាំ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ឱ្យ​ពង្រឹង​តម្លាភាព និង​លក់​តាម​តម្លៃ​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១​ខែមីនា​នេះ ។

ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ទប់ស្កាត់​ការ​ឡើងថ្លៃ និង​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ៍​ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ទាំងអស់ ត្រូវ​ផ្គត់ផ្គង់​ប្រេង​ទៅ​អតិថិជន​ឱ្យ​មាន​តម្លាភាព និង​លក់​តាម​តម្លៃ​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម ជាមួយ​ការ​ធានា​គុណភាព បរិមាណ និង​តម្លៃ​ចំពោះ​អតិថិជន កុំ​កេង​បន្លំ​ទាំង​តម្លៃ បរិមាណ​និង​គុណភាព ព្រោះ​ការ​បន្លំ​ទាំងនេះ វា​នាំ​ឱ្យ​ប្រឈម​ទៅ​នឹង​ការ​ពិន័យ និង​ឈាន​ទៅ​ដកហូត​អាជីវកម្ម​តែ​ម្ដង ។

លោក ឌី រ៉ា​ដូ បាន​បញ្ជាក់​ថា ចំពោះ​ករណី​ម្ចាស់​ស្ថានីយ ឬ​ដេប៉ូ​ចែកចាយ​ណា ដែល​អស់​ស្តុក​ប្រេង​សម្រាប់​ផ្គត់ផ្គង់​ដល់​អតិថិជន ត្រូវ​ជូនដំណឹង​មក​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​សម្របសម្រួល និង​ចែករំលែក​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង ។ ប៉ុន្តែ​ម្ចាស់​ស្ថានីយ ម្ចាស់​ដេប៉ូ​ចែកចាយ​ប្រេង​ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ប្រកាស និង​សេចក្ដីណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម ចៀសវាង​ប្រព្រឹត្ត​ផ្ទុយ​ដូច​ជា ការ​តម្លើង​ថ្លៃ និង​មាន​ប្រេង​ក្នុង​ស្តុក​តែ​មិន​លក់ ដែល​នាំ​ឱ្យ​ប្រឈម​ទៅ​នឹង​ការ​ផាកពិន័យ និង​ទោសទណ្ឌ​នៃ​ច្បាប់​ជា​ធរមាន ។

លោក​អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​ណែនាំ​បន្ត​ដល់​បងប្អូន​អា​ជីករ ម្ចាស់​ដេប៉ូ​ចែកចាយ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​សេចក្ដីណែនាំ ស្ដី​ពី​ការ​ពង្រឹង​អនុលោម​ភាព​ក្នុង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ​របស់​ក្រសួងពាណិជ្ជកម្ម ។

លើស​ពី​នេះ អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​រ៉ែ និង​ថាមពល និង​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ អនុវត្ត​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នានា លើ​តម្លៃ​លក់​ខុស​ពី​តម្លៃ​ធម្មតា ដែល​ក្រសួង​ជំនាញ​បាន​ជូនដំណឹង ។

លោក​ក៏​បាន​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ ត្រូវ​រួម​គ្នា​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ ករណី​ម្ចាស់​ស្ថានីយ​ផ្អាក​ការ​ផ្គត់ផ្គង់​ប្រឹង​ដល់​អតិថិជន ករណី​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេង​ករណី​អស់​ស្តុក​ប្រេងឥន្ធនៈ ឬ​មាន​បំណង​ផ្អាក​លក់​ជា​បណ្ដោះអាសន្ន ត្រូវ​ជូនដំណឹង​មុន​យ៉ាងតិច​១​ថ្ងៃ ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រោះ​បើ​ក្នុង​ករណី​មិន​ប្រក្រតី​ស្ថានីយ​មាន​ប្រេង​តែ​ផ្អាក​មិន​លក់​ជូន​អតិថិជន គាត់​នឹង​ប្រឈម​ការ​ដកហូត​អាជីវកម្ម​មួយ​ជីវិត ហើយ​ពុំ​ទទួល​បានការ​អនុញ្ញាត​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្សេង​ៗ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ