ទីក្រុងតេអេរ៉ង់៖ ក្រុមបព្វជិតអ៊ីរ៉ង់ទើបតែសម្រេចតែងតាំងកូនប្រុសរបស់លោកអាយ៉ាតូឡា អាលី ខាមេនី ជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសនេះ។ ដូចនេះ ទោះបីអាមេរិក និងអ៊ីស្រាអែលប្រឆាំងជំទាស់យ៉ាងណាក៏ពួកគេមិនខ្លាចដែរ។ រយៈពេល៩ថ្ងៃក្រោយពេលអាមេរិក និងអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារសម្លាប់លោកអាយ៉ាតូឡា អាលី ខាមេនី និងរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម ក្រុមបព្វជិតឥស្លាមនៅអ៊ីរ៉ង់បានកោះប្រជុំគ្នាជាបន្ទាន់ដើម្បីជ្រើសរើសមេដឹកនាំថ្មី។

នៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ គេឃើញពិធីករអានសេចក្ដីប្រកាសដោយសម្ដីម៉ឺងម៉ាត់ថាគណៈបព្វជិតដែលមានសមាជិក៨៨រូបបានសម្រេចជ្រើសរើសលោកម៉ុចតាបា ខាមេនី (Mojtaba Khamenei) ជាមេដឹកនាំកំពូលទីបីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ការតែងតាំងនេះធ្វើឡើងដោយផ្អែកទៅលើសំឡេងឆ្នោតគាំទ្រភាគច្រើនលើសលប់។ សេចក្ដីប្រកាសនោះសរសេររៀបរាប់បន្តទៀតថាទោះបីទទួលរងអំពើឈ្លានពានពីអាមេរិក និងអ៊ីស្រាអែលយ៉ាងណាក្ដី គណៈបព្វជិតនៅតែរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដោយឥតខ្លាចញញើតទេ។

កូនប្រុសរបស់លោកអាលីខាមេនី គឺលោកម៉ុចតាបា (Mojtaba) ត្រូវគេគិតថាជាអ្នកប្រកាន់តឹងម្នាក់ដែលនឹងដើរតាមលំអានរបស់ឪពុកលោកជាបន្តទៀត។ កាលពីមុននេះ លោកត្រាំប្រកាសមិនទទួលយកលោកម៉ុចតាបាជាមេដឹកនាំអ៊ីរ៉ង់ទេ។ លោកចាត់ទុកថាលោកម៉ុចតាបាជាអ្នកនយោ បាយដែលមានគីឡូស្រាលណាស់។ លោកត្រាំនិយាយយ៉ាងទទូចកាលពីយប់មិញថាលោកគួរមានចំណែកនៅក្នុងការតែងតាំងមេដឹកនាំថ្មីនៅអ៊ីរ៉ង់។

ទន្ទឹមនឹងនោះ លោកត្រាំឆ្លៀតព្រមានថាប្រសិនបើគាត់ (លោកម៉ុចតាបា) មិនឆ្លងកាត់ការអនុម័តយល់ព្រមពីយើងទេ គាត់មិនអាចរស់នៅបានឋិតឋេរយូរអង្វែងទេ។ នេះជាអ្វីដែលលោកត្រាំថ្លែងប្រាប់ទូរទស្សន៍អេប៊ីស៊ី (ABC) មុនពេលអ៊ីរ៉ង់ប្រកាសពីការជ្រើសរើសបានមេដឹកនាំថ្មីរបស់ខ្លួន។ ឥឡូវនេះ ជោគវាសនារបស់លោកម៉ុចតាបាមិនទាន់ដឹងថាអាចបន្តកាន់អំណាចយូរកម្រិតណាទេបើមិនទាន់បានអីផង យោធាអ៊ីស្រាអែលព្រមានទុកជាមុនបាត់ទៅហើយថាទោះបីអ៊ីរ៉ង់ជ្រើសរើសមេដឹកនាំថ្មីណាក៏ដោយ យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការតាមកម្ចាត់ពួកគេ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ