សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ស៊ុតគឺជា “Superfood” ដែលមានតម្លៃសមរម្យ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែការញ៉ាំឱ្យត្រូវរបៀបគឺជាគន្លឹះសំខាន់ដើម្បីជួយដល់សុខភាព និងសម្រស់។ ខាងក្រោមនេះគឺជាតិចនិកទាំង ៦ យ៉ាងដែលអ្នកមិនគួររំលង៖
ការញ៉ាំស៊ុតដែល ឆ្អិនល្មម (ដូចជាស៊ុតចម្អិនជ័រព្នៅ) គឺជាជម្រើសល្អបំផុត ព្រោះរាងកាយអាចស្រូបយកប្រូតេអ៊ីនបានដល់ទៅ ៩១% ខណៈស៊ុតឆៅអាចស្រូបបានតែពាក់កណ្ដាល និងអាចប៉ះពាល់ដល់ការស្រូបយកវីតាមីនបំប៉នសក់ និងក្រចក។ អ្នកក៏ មិនគួរជៀសវាងផ្នែកលឿងនៃស៊ុត ឡើយ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមបំប៉នខួរក្បាល និងភ្នែក ជាពិសេសជួយការពារភ្នែកពីពន្លឺពណ៌ខៀវនៃទូរស័ព្ទ និងកុំព្យូទ័រ។
ដើម្បីឱ្យស្បែកស្រស់ថ្លា និងរាងស្លីម អ្នកគួរ ញ៉ាំស៊ុតជាមួយបន្លែបៃតង ព្រោះជាតិខ្លាញ់ល្អក្នុងស៊ុតជួយឱ្យរាងកាយស្រូបយកវីតាមីនពីបន្លែបានកាន់តែល្អ និងជួយឱ្យឆ្អែតបានយូរ។ គួរ ជៀសវាងការចម្អិនដោយប្រើកម្ដៅខ្លាំង ឬប្រេងច្រើន ដូចជាស៊ុតចៀនស្រួយៗ ហើយប្តូរមកប្រើការស្ងោរ ចំហុយ ឬចៀនក្នុងខ្ទះមិនជាប់ប្រេងវិញ ដើម្បីរក្សាវីតាមីន និងកាត់បន្ថយកាឡូរីលើស។
ពេលវេលាដ៏ល្អបំផុតគឺ ញ៉ាំស៊ុតនៅពេលព្រឹក ដើម្បីជួយគ្រប់គ្រងអ័រម៉ូនឃ្លាន និងកាត់បន្ថយការចង់ញ៉ាំចំណីផ្អែមៗនៅពេលរសៀល។ ជាចុងក្រោយ ត្រូវ ជ្រើសរើសស៊ុតដែលស្រស់ថ្មី និងមានប្រភពច្បាស់លាស់ ដើម្បីទទួលបានជាតិអូមេហ្គា ៣ ខ្ពស់ ដែលល្អសម្រាប់ស្បែក និងបេះដូងរបស់អ្នក៕
ចែករំលែកព័តមាននេះ