រាជធានីភ្នំពេញ៖ យុវជនម្នាក់បានចូលទៅលួចស្រាបៀរ១កេស ចេញពីដេប៉ូលក់ដុំនិងរាយភេសជ្ជៈគ្រប់មុខ១កន្លែង ប៉ុន្តែលួចបានហើយប្រុងគេចខ្លួនក៏ត្រូវបានម្ចាស់ដេប៉ូមើលឃើញតាមកាមរ៉ាសុវត្ថិភាព ។ ពេលនោះ ម្ចាស់ដេប៉ូក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលនិងដេញតាមចាប់បានភ្លាមៗ រួចប្រគល់ទៅឲ្យនគរបាលធ្វើការអប់រំ ហើយយុវជននោះប្រាប់ថា ខ្លួនចង់ផឹកស្រាបៀរខ្លាំងពេក តែអត់លុយទិញ ទើបដាច់ចិត្តលួចគេបែបនេះតែម្ដង ។
ហេតុការណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ នៅចំណុចដេប៉ូលក់បោះដុំនិងរាយ ភេសជ្ជៈគ្រប់មុខ «ស្រី និច ១៦៨» ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនដែលអត់ទ្រាំនិងការស្រេកឃ្លានមិនបាន រហូតប្រថុយចូលទៅលួចស្រាបៀរពីដេប៉េខាងលើនោះ នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ចំណែកម្ចាស់ដេប៉ូខាងលើ ក៏ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះដែរ ។
អ្នកភូមិខាងលើបាននិយាយថា នៅវេលាម៉ោងកើតហេតុ យុវជននោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-8232 ទៅឈប់នៅមុខដេប៉ូលក់បោះដុំនិងរាយភេសជ្ជៈគ្រប់មុខស្រី និច ១៦៨នោះ រួចធ្វើសកម្មភាពលួចយកស្រាបៀរ១កេស បានសម្រេច និងប្រុងគេចខ្លួន ។ ប៉ុន្តែពេលនោះត្រូវម្ចាស់ដេប៉ូមើលឃើញតាមកាមរ៉ាសុវត្ថិភាពទាន់ ម្ចាស់ដេប៉ូ ក៏បានរត់ចេញក្រៅដេញតាមចាប់បានភ្លាមៗ បន្ទាប់មកក៏ប្រគល់យុវជននោះទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣យកទៅសួរនាំ ។
ដោយឡែកនគរបាលបានប្រាប់ថា ម្ចាស់ដេប៉ូមួយនោះបានសម្រេចចិត្តថា និងមិនដាក់ពាក្យបណ្ដឹងដើម្បីឲ្យនគរបាលចាត់ការយុវជននោះទៅតាមផ្លូវច្បាប់នោះទេ ព្រោះគិតថាជារឿងតូចតាច ហើយគាត់ក៏មិនបានបាត់បង់ស្រាបៀរនោះដែរ ទើបគ្រាន់តែស្នើសុំឲ្យនគរបាលធ្វើករអប់រំណែនាំយុវជននោះតែប៉ុណ្ណោះ ។
ក្រោយពេលនគរបាលបានធ្វើការសាកសួរ ហើយយុវជនរូបនោះបាននិយាយថា មកពីខ្លួនចង់ផឹកស្រាបៀរខ្លាំងពេកអត់លុយទិញផឹក ហើយដោយទ្រាំពុំបាននិងការស្រេកឃ្លាននោះ ទើបដាច់ចិត្តលួចបែបនេះតែម្ដងទៅ ៕







ចែករំលែកព័តមាននេះ