ខេត្តព្រៃវែង ៖ ដោយសារតម្លៃប្រេងសាំងកំពុងមានភាពរំជើបរំជួលខ្លាំង នៅថ្ងៃទី 7 មិនា មន្ត្រីជំនាញ ក.ប.ប សហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានចុះត្រួតពិនិត្យនៅតាមស្ថានីយលក់ប្រេងសាំងជាច្រើនក្នុងខេត្តព្រៃវែង នឹងបានរកឃើញភាពមិនប្រក្រតីមួយចំនួន។
យោងតាមរបាយការណ៍លទ្ធផលនៃការចុះត្រួតពិនិត្យនេះ បានបង្ហាញថា ស្ថានីយលក់ប្រេងសាំងរបស់ក្រុមហ៊ុនធំៗ នៅរក្សាលក់ប្រេងសាំងក្នុងតម្លៃធម្មតា ពុំមានឡើងថ្លៃទេ ប៉ុន្តែការលក់មានចំនួនកំណត់ដោយលក់សម្រាប់តែម៉ូតូ និងរថយន្តមិនលក់ចាក់ធុងឬកានឡើយ ហើយរថយន្តមួយគ្រឿងចាក់បានត្រឹម 40 លីត្រប៉ុណ្ណោះ។
ដោយឡែកដេប៉ូលក់សាំងតូចៗមួយចំនួនបានផ្អាកឈប់លក់ ក្រោមហេតុផល 2 ផ្សេងគ្នា។ ដេប៉ូខ្លះឈប់លក់ព្រោះអស់សាំង ហើយទិញសាំងថ្មីចូលមិនបាន ព្រោះសាំងឡើងថ្លៃ។ ដេប៉ូខ្លះទៀតនៅមានសាំង តែអត់លក់ ទំនងចង់ស្តុកសាំងទុកលក់ ពេលសាំងឡើងថ្លៃខ្លាំង។
ចំណែកប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើនដែលប្រើប្រាស់ម៉ូតូ បានលើកឡើងដូចគ្នាថា ពួកគាត់ចាក់សាំងតាមការ៉ាស់ក្រុមហ៊ុន តម្លៃសាំងនៅធម្មតាទេ តែពេលចាក់សាំងដបនៅតាមភូមិជនបទ បែរជាតម្លៃឡើងថ្លៃកប់ពពក ដោយកន្លែងខ្លះ១លីត្រ 5000 រៀល ហើយកន្លែងខ្លះទៀត 1 លីត្រ 6000 រៀល គឺថ្លៃខ្លាំងណាស់។
ប្រជាពលរដ្ឋដដែលនេះបានបញ្ជាក់ថា តាមស្ថានីយប្រេងសាំងរបស់ក្រុមហ៊ុនធំៗ គេលក់តម្លៃតាមដែលក្រសួងកំណត់ឲ្យធម្មតា តើអ្នកលក់សាំងដបនៅតាមភូមិ នាំគ្នាឡើងថ្លៃកប់ពពក វាធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ ដូច្នេះស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរជួយពិនិត្យមើលផង៕









ចែករំលែកព័តមាននេះ