ទីក្រុងម៉ានីល ៖ ប្រទេសហ្វីលីពីនដែលខ្វះខាតប្រេង នឹងអនុវត្ត១សប្តាហ៍ធ្វើការរយៈពេល ៤ ថ្ងៃ ដោយតម្លៃប្រេងឥន្ធនៈនឹងកើនឡើងខ្ពស់ អំឡុងពេលសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) បានប្រកាសពីការផ្លាស់ប្តូរនេះ ដែលគ្រោងនឹងចាប់ផ្តើមនៅគ្រប់ការិយាល័យរដ្ឋាភិបាលទាំងអស់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្នុងចំណោមវិធានការមានគោលបំណងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះប្រដាប់អាវុធពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
លោកបានព្រមានថា ការបិទច្រកសមុទ្រហ័រមូស (Hormuz) ការដឹកជញ្ជូនប្រេង១ភាគ៥របស់ពិភពលោក នឹងបង្កើនតម្លៃប្រេងក្នុងស្រុកនៅសប្តាហ៍ក្រោយចំនួន ៧,៤៨ ប៉េសូ ឬ ១២ សេនដុល្លារក្នុង១លីត្រ សម្រាប់សាំង និង ១៧,២៨ប៉េសូ ឬ ២៩ សេនសម្រាប់ម៉ាស៊ូត ក៏ដូចជា ៣២,៣៥ ប៉េសូ ឬ ៥៤ សេន សម្រាប់ប្រេងកាត។
លោក ម៉ាកូស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ថា «យើងជាជនរងគ្រោះនៃសង្គ្រាមដែលមិនមែនជាជម្រើសរបស់យើង។ ហើយវាក៏មិនប្រាកដថាពេលណានឹងបញ្ចប់នោះដែរ។ ប៉ុន្តែយើងគ្រប់គ្រងតាមរបៀបដែលយើងនឹងការពារប្រជាជនហ្វីលីពីន»។
ប្រទេសហ្វីលីពីននាំចូលប្រេងឆៅភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា ហើយនៅតែពឹងផ្អែកលើរោងចក្រថាមពលដែលដំណើរការដោយប្រេង ដើម្បីបង្កើតអគ្គិសនី។ មិនតែប៉ុណ្ណោះសង្គ្រាមក៏បានគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខការងារប្រជាជនហ្វីលីពីនជាង២លាននាក់ ដែលកំពុងធ្វើការនៅមជ្ឈិមបូព៌ាផងដែរ។
លោក ម៉ាកូស ក៏បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលចំនួន ១០-២០% ហាមឃាត់ការទស្សនកិច្ចសិក្សារបស់រដ្ឋាភិបាល និងសកម្មភាពការងារកសាងក្រុម ក៏ដូចជាកិច្ចប្រជុំដែលអាចធ្វើបានតាមអនឡាញ។ លោកក៏បានជំរុញឱ្យសភាអនុញ្ញាតឱ្យលោកកាត់បន្ថយពន្ធលើផលិតផលប្រេងឥន្ធនៈ ប្រសិនបើតម្លៃប្រេងឆៅឡើងដល់ ៨០ ដុល្លារក្នុង១បារ៉ែល (ធុង) ក៏ដូចជាធ្វើវិសោធនកម្មច្បាប់ប្រេងឥន្ធនៈជីវសាស្ត្រ ដើម្បីឱ្យជីវអេតាណុលដែលមានតម្លៃថោកជាង អាចប្រើប្រាស់សម្រាប់លាយជាមួយផលិតផលប្រេងឥន្ធនៈ។
ទោះយ៉ាងណា លោកក៏បាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា រដ្ឋាភិបាលក៏នឹងផ្តល់ការឧបត្ថម្ភប្រេងឥន្ធនៈ និងការផ្ទេរប្រាក់ទៅវិស័យដែលរងផលប៉ះពាល់ផងដែរ។ លោកថា ការងាររយៈពេល៤ថ្ងៃក្នុង១សប្តាហ៍ នឹងអនុវត្តជាបណ្តោះអាសន្ន ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទបញ្ចប់ការអនុវត្តនេះទេ ដោយលោកបន្ថែមថា សេវាកម្មជួរមុខ ប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ មិនត្រូវបានរាប់បញ្ចូលក្នុងការអនុវត្តការងាររយៈពេល៤ថ្ងៃក្នុង១សប្តាហ៍នេះទេ៕

ចែករំលែកព័តមាននេះ