រាជធានីភ្នំពេញ ៖ ជនជាតិចិន៣នាក់បានជិះរថយន្ត១គ្រឿងទៅធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នាដល់ក្នុងផ្ទះ ដោយយកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស រួចយកកាបិតដដែលនោះភ្ជង់គំរាមសម្លាប់ បង្ខំឲ្យជនរងគ្រោះផ្ទេរប្រាក់ជាង៥ពាន់ដុល្លារចូលទៅក្នុងគនណីរបស់ខ្លួន ។
បន្ទាប់មកទៀតបានប្រមូលយកទូរស័ព្ទដៃ ,កុំព្យូទ័រ ,និងរថយន្តរបស់ជនរងគ្រោះ១គ្រឿងម៉ាកRAV4 ជិះគេចខ្លួនបាត់អស់ ប៉ុន្តែក្រោយពេលកើតហេតុនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះធ្វើការស្រាវជ្រាវភ្លាមៗ ។ រយៈពេលជាង៤ម៉ោងក្រោយមក ក៏កំណត់បានមុខសញ្ញាជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសម្នាក់និងស្រីម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរតគេចខ្លួននៅឡើយ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងផ្ទះលេខ៧២ ផ្លូវលេខ១៨ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនបាន២នាក់នោះទី១/ ឈ្មោះ Xen Gang ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិចិន ទី២/ ឈ្មោះ Zhu Zhan Shan ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិចិន អ្នកទាំង២នេះស្នាក់នៅផ្ទះលេខ២១ ភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបក្ខពួកដែលកំពុងគេចខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាឡើយទេ ។
បុរសរងគ្រោះឈ្មោះ WANG LIANG អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរមេការសំណង់ មានទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៧២ ផ្លូវលេខ១៨ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកទ្រព្យសម្បត្តិដែលជនសង្ស័យប្លន់យកទៅបានសម្រេចនោះរួមមានប្រាក់ចំនួន៥,៥០០ដុល្លារ(ប្រាំពាន់ប្រាំរយដុល្លារ) ,ទូរស័ព្ទដៃ ,កុំព្យូទ័រ ,និងរថយន្ត១គ្រឿងម៉ាកRAV4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2B 2298 ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើជនសង្ស័យមានគ្នា៣នាក់បានជិះរថយន្ត១គ្រឿងម៉ាកRAV4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2M -1425 ទៅធ្វើសកម្មភាពប្លន់ទាំងថ្ងៃ ដោយយកកាំបិតតបុ័ងតោកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ។
បន្ទាប់មកបានយកកាំបិតដដែលនោះភ្ជង់គំរាមសម្លាប់និងបង្ខំឲ្យបុរសរងគ្រោះផ្ទេរប្រាក់ចំនួន៥,៥០០ដុល្លារចូលទៅក្នុងគណនីរបស់ខ្លួន រួចប្រមូលយកទូរស័ព្ទដៃ កុំព្យូទ័រ និងរថយន្តរបស់ជនរងគ្រោះ១គ្រឿងគេចខ្លួនបាត់អស់ ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពា្យបណ្ដឹងឲ្យនគរបាលជួយស្រាវជ្រាវ ហើយនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍សំរោងក្រោម បានធ្វើការស្រាវជ្រាវភ្លាមៗ ។ រយៈពេល៤ម៉ោងក្រោយប៉ុណ្ណោះ ក៏កំណត់បានមុខសញ្ញាជនសង្ស័យរួចក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបាន២នាក់ខាងលើ នៅវេលាយប់ថ្ងៃដដែលនោះ។
នគរបាលបានបញ្ជាក់ប្រាប់ទៀតថា ពេលនោះនគរបាលបានដកហូតបានរថយន្តម៉ាកRAV4 របស់ជនរងគ្រោះ១គ្រឿង , និងរថយន្តម៉ាកRAV4 របស់ជនសង្ស័យ១គ្រឿង ព្រមទាំងកាំបិតបុ័ងតោ១ផងដែរ ។ បន្ទាប់មកបាននាំយកជនសង្ស័យ២នាក់នោះរួមនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿង ហើយនៅវេលាព្រឹកថ្ងៃទី៨ ខែមនា បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ ៕






ចែករំលែកព័តមាននេះ