ខេត្តបាត់ដំបង៖ ទំនងបារម្ភខ្លាចប្រេងឡើងថ្លៃ មន្ត្រីនគរបាលម្នាក់ បានទិញប្រេងម៉ាស៊ូតចំនួន៣០កាន យកទៅទុកនៅនឹងផ្ទះ ស្រាប់តែបង្កជាអគ្គីភ័យ កើតឡើងឆេះផ្ទះដ៏ធំមួយខ្នង រួមជាមួយនឹងទ្រព្យសម្បត្តិផង អស់គ្មានសល់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី ០៧ មិនា នៅចំណុចភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ដែលគិតជាទឹកប្រាក់ខាតបង់អស់ប្រមាណ១៦០លានរៀល។ សេចក្ដីរាយការណ៏បានឲ្យដឹងថា លំនៅឋានដ៏ធំនោះ ធ្វើជាអំពីថ្ម និង ឈើ ប្រក់ស័ង្កសី មានទំហំ ១២ ម៉ែត្រគុណ២០ម៉ែត្រ របស់ឈ្មោះ ផុន ស៊ីភូ ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំសន្តិភាព។
គិតត្រិមវេលាម៉ោង១២ថ្ងៃទីត្រង់ ថ្ងៃទី ០៨ មិនា នេះសមត្ថកិច្ច រួមទាំងម្ចាស់ផ្ទះផង ហាក់មិនទាន់រកឃើញមូលហេតុ ដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយទេ។ ប៉ុន្តែនៅក្នុងផ្ទះជនរងគ្រោះ មានប្រេងម៉ាស៊ូតប្រហែល៣០កាន ស្មើនិង៩០០លីត្រ ដែលម្ចាស់ផ្ទះទិញយកទៅទុក ខណៈពេលតំលៃប្រេង កំពុងហក់ឡើងនាប៉ុន្មានថ្ងៃនេះ។ នេះសេចក្ដីរាយការណ៏ដដែល។
កោះសន្តិភាព មិនទាន់អាចទំនាក់ទំនង សុំការបំភ្លឺពីម្ចាស់ផ្ទះបាននៅឡើយទេ ជុំវិញអគ្គីភ័យដ៏មហន្តរាយនេះ។ ដោយឡែក អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បានប្រាប់ថា ម្ចាស់ផ្ទះ ជាមន្ត្រីរដ្ឋបាលប៉ុស្ដិ៍របស់លោក។
គាត់បានទិញប្រេងម៉ាស៊ូតចំនួន៣០កាន យកទៅទុកក្នុងផ្ទះ នៅពេលមានអគ្គីភ័យកើតឡើង ទើបឆេះអស់គ្មានសល់ ដែលមិនអាចជួយសង្គ្រោះ ឬ បាញ់ទឹកទប់ស្កាត់បាន។
យោងតាមរបាយការណ៏ មន្ត្រីជំនាញ បានឲ្យដឹងថា ក្រៅពីលំនៅឋានដ៏ធំមួយខ្នង ត្រូវព្រះអាគ្គីលេបយកអស់ទាំងស្រុង ទ្រព្យសម្បត្តិទាំងអស់ដែលនៅក្នុងផ្ទះនោះ ក៏ក្លាយជាផេះផង់ដែរ។ ក្នុងនោះមាន៖ ១-គ្រែចំនួន០៥ ២-សាឡុងឈើបេងចំនួន០៣ឈុត ៣-តុឈើវែងប្រវែង០៤ម៉ែត្រចំនួន០២ ៤-ម៉ូតូធំ (ត្រៃ) ចំនួន០១គ្រឿង ៥-ឈើគ្រឿងប្រវែង០៨ម៉ែត្រចំនួន៣០សន្លឹក ៦-សម្ភារៈផ្ទះបាយទាំងអស់ និង ទូទឹកកក០១ផង ៧-សម្លៀកបំពាក់ និង ប្រាក់ខ្មែរចំនួន៥០ម៉ឺនរៀល ៨-ខ្សែកមាសមួយខ្សែទម្ងន់០២ជី ៩-ខ្សែដៃផ្លាទីនមួយខ្សែទម្ងន់០៣ជី ១០-ប្រេងម៉ាស៊ូតចំនួន៣០កាន ១១-គ្រឿងបន្លាស់ម៉ាស៊ីនច្រូតមួយចំនួនធំ និង ឯកសារ រួមនឹងប្លង់ដីធ្លីផង ដែលប៉ាន់ប្រមាណជាតឹកប្រាក់ខាត់បង់អស់ប្រហែល១៦០លានរៀល។
លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន ដែលបាននាំកម្លាំងចុះអន្តរាគមន៏ដល់ទីតាំងកើតហេតុ បានប្រាប់ថា អគ្គីភ័យបានឆេះខ្លាំង រហូតមិនអាចបាញ់ទឹកួប់ស្កាត់ ឬ ជួយសង្គ្រោះបាន ដោយសារនៅក្នុងផ្ទះជនរងគ្រោះ មានប្រេងម៉ាស៊ូត៣០កាន មានផ្ទះកំប៉ុងហ្គាស និង មានសម្ភារៈផ្សេងៗ ជាច្រើនទៀត ដែលងាយនឹងភ្លើងឆេះ។
ជាពិសេសប្រេងម៉ាស៊ូតតែម្ដង។ ពាក់ព័ន្ធនឹងអគ្គីភ័យនេះ បើតាមលោក ទឹម វិឆ័យ បានបំភ្លឺថា អគ្គីភ័យនេះទំនងផ្ដើមចេញពីកន្លែងរក្សាទុកប្រេង តែជនរងគ្រោះមិនបានដឹងពីដើមចមទេ ស្រាប់តែនៅសុខៗ ក៏អគ្គីភ័យបានកើតឡើង។
លោកអធិការបានបន្ថែមថា ភ្លាមៗនោះម្ចាស់ផ្ទះបានព្យាយាមបាញ់ទឹកពន្ល់ត តែគ្មានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញភ្លើងឆាបឆេះកាន់តែខ្លាំង សូម្បីរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចដែលប្រឹងប្រែងបាញ់ពន្លត់ ក៏មិនអាចធ្វើឲ្យឥទ្ធិពលភ្លើងនេះថមថយបានដែរ។ ហើយទីបំផុត ទាំងផ្ទះ ទាំងទ្រព្យសម្បត្តិ ត្រូវព្រះអគ្គីប្រឹងលេបត្របាក់យកអស់ត្រិមមួយប៉ប្រិចភ្នែក នៅចំពោះមុខជនរងគ្រោះគូរឲ្យរន្ធត់បំផុត៕







ចែករំលែកព័តមាននេះ