រាជធានីភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី១១៥ទិវាអន្តរជាតិនារី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិថាសន្តិភាពបានបង្កើតបរិយាកាសឱ្យស្ត្រីនិងក្មេងស្រី បានចូលរួមដោយពេញលេញ និងទទួលភាគលាភ បស្មើភាពពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

យោងតាមព្រះរាជសារព្រះមហាក្សត្រមានព្រះបន្ទូលយ៉ាងដូច្នេះថា ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត មានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ជាមួយស្ត្រីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពិភពលោក ក្នុងឱកាសខួបលើកទី១១៥ ទិវា អន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ដើម្បីរួមគ្នាបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។
ព្រះអង្គមានបន្ទូលបន្តថា៖ការលើកកម្ពស់សិទ្ធិ សមភាព និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជា អាទិភាពដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែជា ភាពចាំបាច់ សមស្របតាមកាលៈទេសៈ និងជាកាតាលីករ ដែលចូលរួមចំណែកពន្លឿនការសម្រេច បានសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយសមធម៌។
តាមព្រះរាជសារព្រះអង្គមានបន្ទូលបញ្ជាក់ថា៖ស្ត្រីជាតួអង្គតំណាង ឱ្យអាណាព្យាបាលភាព ភាពអង់អាច សេចក្តីអំណត់ វីរិយភាព ភាពជោគជ័យ ការតស៊ូ និងលះបង់ ហើយថែមទាំងរួមចំណែកដល់វឌ្ឍនភាព វិបុលភាពក្នុងសង្គមជាតិទាំងមូល ដូចពាក្យស្លោកថា «ស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
ព្រះមហាក្សត្របន្ថែមថា ៖ «យើងទាំងអស់គ្នាចាំបាច់ត្រូវទទួលស្គាល់ គាំទ្រ ការពារ ថែរក្សា និងផ្តល់តម្លៃដល់សន្តិភាព។ សន្តិភាពបានបង្កើតបរិយាកាសឱ្យស្ត្រីនិងក្មេងស្រី បានចូលរួមដោយពេញលេញ និងទទួលភាគលាភ បស្មើភាពពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ សំដៅឆ្ពោះទៅពង្រឹងសង្គមជាតិ ដែលមានអរិយធម៌ ខ្ពង់ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងគុណធម៌ ហើយដែលក្នុងនោះ «ស្ត្រីជាមាតាពិភពលោក» មានតួនាទីយ៉ាងពិសេសលើគ្រប់វិស័យទាំងអស់ក្នុងសង្គម និងធ្វើឪ្យសង្គមជាតិទទួលនូវសុខដុមរមនា និងសុភមង្គល»។
ជាមួយគ្នានោះដែរព្រះអង្គបានមានព្រះបន្ទូលថា៖« នៅក្នុងស្ថានភាពបច្ចុប្បន្ន ប្រជារាស្ត្រកម្ពុជាមួយចំនួន បានក្លាយជាជនភៀសសឹកនៅតាមខេត្ត មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងនោះស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ឃុំគ្រងកូន ប្អូនក្នុងគ្រួសារនីមួយៗ ហើយត្រូវស្នាក់នៅតាមជំរំសុវត្ថិភាពនានាគួរឱ្យសង្វេគ។ ទូលព្រះ បង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ និងសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ សប្បុរសជនជាតិ និងអន្តរជាតិ ដែលបានខិតខំជួយឧបត្ថម្ភនូវ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗបានទាន់ពេលវេលា”។
ព្រះអង្គបន្ថែមថា៖”ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកិច្ចការនារី គណៈកម្មការជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបាននិងកំពុង ខិតខំប្រឹងប្រែងបំពេញភារកិច្ច និង និងយកចិត្តទុកដាក់ដោះស្រាយគម្លាតយេនឌ័រ ក្នុងបុព្វហេតុដើម្បី ស្ត្រី និងក្មេងស្រី ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទី របស់ស្ត្រីកម្ពុជា យើង និងជួយលុបបំបាត់រាល់បញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងសង្គម។ជាពិសេស ជួយបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងការប្រើប្រាស់ឌីជីថល និងការអប់រំចំណេះដឹង ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ សំដៅផ្លាស់ប្តូរការងារបែបប្រពៃណី ទៅជា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងការរស់នៅរបស់ស្ត្រី និងក្មេងស្រី ក្នុង សង្គមជំនាន់ថ្មី ព្រមទាំងត្រូវជួយលើកទឹកចិត្ត លើកកម្ពស់ការគាំទ្រពីសង្គម និងគ្រួសារ”៕
ចែករំលែកព័តមាននេះ