ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​បក្ស​ចុះ​ខេត្តកំពង់ធំ អញ្ជើញ​ជា​អធិបតី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ផ្តៀក

4 ម៉ោង មុន
  • កំពង់ធំ

ខេត្ត​កំពង់ធំ​ ៖ អនុប្រធាន​ទី​២ នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ អញ្ជើញ​ជា​អធិបតី​សម្ពោធ​អគារសិក្សា ១​ខ្នង មាន​៥​បន្ទប់ និង សមិទ្ធផល​នានា នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ផ្តៀក…

ខេត្ត​កំពង់ធំ​ ៖ អនុប្រធាន​ទី​២ នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ អញ្ជើញ​ជា​អធិបតី​សម្ពោធ​អគារសិក្សា ១​ខ្នង មាន​៥​បន្ទប់ និង សមិទ្ធផល​នានា នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ផ្តៀក ស្ថិត​ក្នុង​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដើម្បី​ចូលរួម​ចំណែក ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។

លោក​ជំទាវ​បណ្ឌិត ជា សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុ ប្រធាន​ទី​២ នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​១​ខ្នង ៥​បន្ទប់ និង​សមិទ្ធផល​នានា នៅ សាលា​បឋម​សិក្សា ត្រពាំង​ផ្តៀក ស្ថិត​ក្នុង​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ នេះ​ថា ជុំវិញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​អាណត្តិ កន្លង​ទៅ និង​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧​នេះ តែងតែ​ចាត់​ទុក ការ​សិក្សាអប់រំ​ជា​អាទិភាព​មួយ​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ​។

ក្នុង​ន័យ​នេះ​រាជរដ្ឋាភិបាល​បាន​ស្តារ និង​ពង្រឹង​វិស័យ អប់​រំជា​បន្តបន្ទាប់ តាម​រយៈ​ការ​ពង្រឹង​ទាំង​គុណភាព​សិក្សា និង​ការ​កសាង​អគារសិក្សា​នៅ​ទូ​ទាំង​ប្រទេស​។ ដោយឡែក​នៅ​ខេត្តកំពង់ធំ ឯកឧត្តម​ជា ចាន់​តូ ទេសាភិបាល​កិត្តិយស ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​អតីត​តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ធំ តែងតែ​ខិតខំ​ប្រឹង ប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត កសាង​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ខេត្តកំពង់ធំ ជា​ពិសេស​បាន បន្សល់​ទុក​នូវ​អគារសិក្សា និង​សមិទ្ធផល នានា​ជា​ច្រើន ទាំង​នៅ​បឋម​សិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ​។

លោក​ជំទាវ​បណ្ឌិត បន្ត​ថា ជុំវិញ​វិស័យ​អប់រំ​នេះ សាលា​បឋម​សិក្សា​ត្រពាំង​ផ្តៀក គឺជា​ថ្នាល​សិក្សា​គ្រឹះ​មួយ​ដ៏​សំខាន់ ដែល​បាន ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា តាម​រយៈ​ការ​ពង្រឹង​ការ​បណ្តុះបណ្តាល​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស ដែល​ជា​ទំពាំង​ស្នង ឬ​ស្សី​ជំនាន់​ក្រោយ​ប្រកបដោយ​គុណភាព​។ បញ្ហា​នេះ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ទាំង អស់ ពិតជា​មានចិត្ត​សប្បាយ​រីករាយ ដែល​បាន​ចូលរួម​វិភាគទាន​ក្នុង​ដំណើរការ​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​ជា​បុព្វហេតុ​កសាង ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​គ្រប់គ្រាន់ ដែល​អាច​ចូលរួម​ចំណែក ក្នុង​កិច្ចការ​អភិវឌ្ឍ​សង្គម​ជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច កោណ​របស់​រាជរដ្ឋាភិបាល​។ ការ​ពង្រឹង​ការ​បណ្តុះបណ្តាល​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស គឺជា​កម្លាំង​បន្ដវេន និង​ធនធានមនុស្ស​ប្រកប ដោយ​សក្ដានុពល នឹង​នាំ​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន និង​មានការ​អភិវឌ្ឍ​ជា​លំដាប់​។

ជាក់ស្តែង ក្រៅពី​អគារសិក្សា ១​ខ្នង មាន ៥​បន្ទប់​នេះ សមិទ្ធផល​នានា​ដូច​ជា​ក្លោ​ង​ទ្វារ​សាលា ការ​ជួសជុល​អគារសិក្សា ការ​សាងសង់​ផ្ទះបាយ និង​ការ​ចាក់​ដី​បន្ថែម ដើម្បី​ផ្ដល់ ជូន​នូវ​ទីតាំង​កន្លែង​សិក្សា និង​បរិស្ថាន ដែល​ល្អ​ប្រសើរ និង​កាន់តែ​ទាក់ទាញ​ក្មួយ​ៗ​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ផង​ដែរ​។

លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​អប់រំ​យុវជន និង​កីឡា លោកនាយក លោកគ្រូ​អ្នកគ្រូ និង​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ និង​រួម​សាមគ្គី​គ្នា​កសាង​អគារសិក្សា​នេះ​ឡើង សម្រាប់​បម្រើ​វិស័យ​អប់រំ និង​សម្រួល​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​គ្នា​ក្នុង​ដំណើរ​ឆ្ពោះទៅ សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ